KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 25 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំសូមកោតសរសើរ និង លើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។ គំរោងការដែលព្រះអង្គរៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។   2  ព្រះអង្គបានរំលាយទីក្រុងអោយ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គធ្វើអោយបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំង បានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។   3  ហេតុនេះហើយបានជាប្រជារាស្ត្រដ៏ខ្លាំងពូកែ នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ សូម្បីនៅក្នុងទី ក្រុងរបស់ប្រជាជាតិដ៏សាហាវ ក៏គេនាំគ្នាគោរពកោតខ្លាចព្រះអង្គដែរ   4  ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស ទន់ខ្សោយ និង ជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ព្រះអង្គក៏ជាជំរកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកំដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។   5  ព្រះអង្គបង្ក្រាបមនុស្សព្រៃអោយបាត់មាត់ឈឹង ដូចព្រះអង្គបន្ថយកំដៅក្នុងទីហួតហែង។ ព្រះអង្គក៏ធ្វើអោយចំរៀងជោគជ័យ របស់មនុស្សសាហាវប្រែជាស្ងាត់សូន្យ ដូចពពកបន្ថយកំដៅថ្ងៃដែរ។   6  ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង ប្រជាជនទាំងអស់ នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និង ស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត មានសាច់ចំឡក និង ស្រាទំពាំងបាយជូរ ដែលគេសំរាំងយ៉ាងល្អ។   7  នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ ម ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។   8  ព្រះអង្គនឹងបំបាត់សេចក្តីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។   9  នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និង មានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។   10  ព្រះអម្ចាស់ដាក់ព្រះហស្តលើភ្នំនេះ រីឯជនជាតិម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែង ដូចចំបើងកប់នៅក្នុងលាមកសត្វ។   11  នៅក្នុងរណ្តៅលាមកសត្វ ម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹក ប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្តី ព្រះអម្ចាស់គង់តែបំបាក់អំនួត របស់ជនជាតិនេះជាមិនខាន។   12  ព្រះអម្ចាស់នឹងផ្តួលរំលំកំពែងដ៏ខ្ពស់ៗ នៅស្រុកម៉ូអាប់ គឺព្រះអង្គធ្វើអោយរាបដល់ដី កប់ក្នុងធូលីដី។