KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 21 - Khmer, Central - Old Version - Bible.is - KMHKOV

  1  សេចក្តីប្រកាសស្តីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ : ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន គឺពីស្រុកដែលគួរអោយស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោស្ថានណេកិបដែរ។   2  ខ្ញុំបានឃើញហេតុការណ៍មួយគួរអោយព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតព្រះអម្ចាស់នឹងធ្វើអោយពួកគេបាក់អំនួតទាំងអស់គ្នា។   3  ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសំរាលកូន។ ខ្ញុំរំជួលចិត្ត រកស្តាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។   4  ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ គឺចិត្តភ័យខ្លាចគ្របដណ្តប់មកលើខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសំរាក តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សាសំរាប់ខ្ញុំទៅវិញ។   5  ពេលដែលគេកំពុងតែរៀបចំម្ហូបអាហារ និង ក្រាលកំរាលព្រំ ពេលដែលគេកំពុងតែជប់លៀង ស្រាប់តែមានឮសំឡេងស្រែកឡើងថា : ពួកនាយទាហានអើយ ចូរក្រោកឡើង នាំគ្នារៀបចំគ្រឿងសាស្ត្រាវុធទៅ!   6  ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា : ចូរដាក់មនុស្សចាំឃ្លាំមើល ដើម្បីផ្តល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។   7  ប្រសិនបើគេឃើញរទេះចំបាំង ដែលទឹមដោយសេះមួយគូ និង ឃើញទាហានម្នាក់ជិះលា ឬ ជិះអូដ្ឋមក គេត្រូវតែប្រុងប្រយ័ត្នខ្លួនអោយមែនទែន។   8  អ្នកដែលឃ្លាំមើលនោះ ត្រូវស្រែកឡើងថា : «លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះ ពេញមួយថ្ងៃ ខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់   9  មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា : «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។   10  ឱប្រជាជនរបស់ខ្ញុំអើយ អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែន ឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រាប់អោយខ្ញុំដឹង ខ្ញុំក៏យកមកប្រកាស ជាដំណឹងដល់អ្នករាល់ដែរ!។   11  សេចក្តីប្រកាសស្តីអំពីក្រុងឌូម៉ា : មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា : អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?   12  អ្នកយាមតបមកវិញថា : ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។ ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយ ចូរវិលមកសួរម្តងទៀតចុះ។   13  សេចក្តីប្រកាស ស្តីអំពីស្រុកអារ៉ាប់។ ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគម្ពោត ក្នុងស្រុកអារ៉ាប់នេះហើយ!   14  អ្នកស្រុកថេម៉ាអើយ ចូរយកទឹកទៅអោយអស់អ្នកដែលស្រេក ចូរនាំគ្នាយកអាហារទៅទទួល ជនភៀសខ្លួនទាំងនោះផង!   15  អ្នកទាំងនោះរត់គេចពីមុខដាវ គឺរត់គេចពីមុខដាវដែលហូតចេញពីស្រោម រត់គេចពីធ្នូដែលគេយឹតបំរុងនឹងបាញ់ ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា   16  ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារ នឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។   17  ទាហានបាញ់ធ្នូដ៏ពូកែរបស់ស្រុកកេដារ នឹងនៅសល់តែមួយចំនួនដ៏តូចប៉ុណ្ណោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។