1 នៅគ្រាដែលមេទ័ពរបស់ជនជាតិអាស្ស៊ីរីវាយដណ្តើមយកបានក្រុងអាសដូឌ តាមបញ្ជារបស់ព្រះចៅសើកុន ជាស្តេចស្រុកអាស្ស៊ីរី 2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយ ជាកូនរបស់លោកអម៉ូសថា៖ «ចូរស្រាយបាវ ដែលអ្នកស្លៀកជាប់នឹងចង្កេះ និង ដោះស្បែកជើងចេញទៅ»។ លោកអេសាយធ្វើតាម គឺលោកដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។ 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អេសាយ ជាអ្នកបំរើរបស់យើង ដើរខ្លួនទទេ ហើយឥតពាក់ស្បែកជើងដូច្នេះ ទុកជាទីសំគាល់ និង ជាប្រផ្នូល អំពីហេតុការណ៍ដែលនឹង កើតមាននៅស្រុកអេស៊ីប និង ស្រុកអេត្យូពីក្នុងរយៈ ពេលបីឆ្នាំទៀត 4 គឺស្តេចស្រុកអាស្ស៊ីរីនឹងចាប់អ្នកស្រុកអេស៊ីបនាំទៅជាឈ្លើយសឹក ព្រមទាំងជន្លៀសអ្នកស្រុកអេត្យូពីទាំង ក្មេងទាំងចាស់យកទៅដែរ ពួកគេនឹងចេញទៅខ្លួនទទេ ឥតពាក់ស្បែកជើង គឺនៅអាក្រាត។ ជនជាតិអេស៊ីបនឹងត្រូវអាម៉ាស់ ជាខ្លាំង! 5 ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និង អស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និង ខកចិត្តមិនខាន។ 6 នៅពេលនោះ ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រនេះ នឹងនាំគ្នាពោលថា៖ «មើល៍ ស្រុកដែលយើងចាត់ទុកជាទីសង្ឃឹម ជាជំរកសំរាប់រត់ទៅជ្រកកោន ដើម្បីអោយរួចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី ធ្លាក់ដល់កំរិត ហ្នឹងទៅហើយ តើធ្វើដូចម្តេចអោយយើងអាចរួចខ្លួនបាន?»។