KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 19 - Khmer, Central - Old Version - Bible.is - KMHKOV

  1  សេចក្តីប្រកាសស្តីអំពីស្រុកអេស៊ីប : ព្រះអម្ចាស់យាងមកស្រុកអេស៊ីប ដោយគង់លើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ព្រះអង្គមានព្រះបន្ទូលថា :   2  «យើងនឹងធ្វើអោយជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង ម្នាក់ៗប្រហារបងប្អូន និង មិត្តភក្តិរបស់ខ្លួន ក្រុងមួយច្បាំង និង ក្រុងមួយ ហើយនគរមួយ ច្បាំងនឹងនគរមួយទៀត។   3  យើងនឹងធ្វើអោយជនជាតិអេស៊ីប វង្វេងស្មារតី ហើយធ្វើអោយនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោច បញ្ជាន់អារក្ស និង រកគ្រូទាយអោយជួយ។   4  យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្តាប់ដៃ របស់អ្នកកាន់អំណាចផ្តាច់ការហើយនឹង មានស្តេចកំណាចគ្រងរាជ្យលើពួកគេ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។   5  ទឹកសមុទ្រនឹងហួតបាត់អស់ទៅ ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។   6  ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក ហើយរីងអស់ទៅ។ ដើមត្រែង និង ដើមកក់ក៏ក្រៀមស្វិតអស់ដែរ។   7  ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ នឹងហិនហោចអស់គ្មានសល់! អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។   8  ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។   9  ពួកអ្នករវៃអំបោះ និង ពួកអ្នកត្បាញក្រណាត់ នឹងមានទឹកមុខស្លេកស្លាំង។   10  អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស នឹងបាត់បង់ទឹកចិត្ត ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។   11  ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចផារ៉ោន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានទូលស្តេចផារ៉ោនថា "ទូលបង្គំ ជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម"។   12  ព្រះចៅផារ៉ោនអើយ អ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា? សូមអោយពួកគេទូលព្រះករុណាអំពី ហេតុការណ៍ដែលព្រះអម្ចាស់នៃពិភពទាំងមូល សំរេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ!   13  ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីបអោយវង្វេង។   14  ព្រះអម្ចាស់នឹងធ្វើអោយពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបអោយវង្វេង ក្នុងគ្រប់វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។   15  នៅស្រុកអេស៊ីប ចាប់ពីអ្នកធំ រហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹង រហូតដល់មនុស្សខ្លៅ គ្មាននរណា ម្នាក់អាចធ្វើអ្វីកើតឡើយ។   16  នៅគ្រានោះជនជាតិអេស៊ីប ប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញព្រះអម្ចាស់ នៃពិភពទាំងមូល លើកព្រះហស្ត គំរាមពួកគេ។   17  ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើអោយជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំលឹកពីស្រុកយូដា គេភ័យ ខ្លាចណាស់ ព្រោះតែការដែលព្រះអម្ចាស់នៃពិភពទាំងមូល បានសំរេចប្រព្រឹត្តចំពោះពួកគេ។   18  គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយ ភាសាហេប្រឺ ហើយអ្នកក្រុងនោះស្បថស្បែថា គេនឹងគោរពបំរើព្រះអម្ចាស់នៃពិភពទាំងមូល។ ក្រុងមួយក្នុង ចំណោមក្រុងទាំងប្រាំនឹងមានឈ្មោះថា "ក្រុងរបស់ព្រះអាទិត្យ"។   19  គ្រានោះ គេនឹងសង់អាសនៈ មួយថ្វាយព្រះអម្ចាស់ នៅចំកណ្តាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្តូប មួយថ្វាយព្រះអម្ចាស់ នៅក្បែរព្រំដែន   20  ទុកជាសញ្ញាបញ្ជាក់ថា ព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបអង្វរ សូមព្រះអម្ចាស់ ជួយពួកគេអោយរួចពីកណ្តាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ អោយមកការពារ និង រំដោះពួកគេ។   21  ព្រះអម្ចាស់នឹងសំដែងអោយជនជាតិអេស៊ីបស្គាល់ព្រះអង្គ ហើយនៅគ្រានោះជនជាតិអេស៊ីបនឹងស្គាល់ព្រះអម្ចាស់ពិតមែន។ ពួកគេនឹងគោរពបំរើព្រះអង្គ ដោយថ្វាយយញ្ញបូជា និង តង្វាយផ្សេងៗ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។   22  ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអេស៊ីបមែន តែព្រះអង្គនឹងប្រោសគេអោយបានជា ពួកគេកែប្រែចិត្តគំនិតមករកព្រះអម្ចាស់ ហើយព្រះអង្គ នឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេអោយបានជាទៀតផង។   23  នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីប ទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបំរើព្រះអម្ចាស់ជាមួយគ្នា។   24  នៅគ្រានោះ ជនជាតិអ៊ីស្រាអែលនឹងមករួមជា មួយជនជាតិអេស៊ីប និង ជនជាតិអាស្ស៊ីរី ហើយជនជាតិ ទាំងបីនឹងធ្វើអោយពិភពលោកទាំងមូល ស្គាល់ព្រះពរ។   25  ព្រះអម្ចាស់នៃពិភពទាំងមូល នឹងប្រទានពរដល់ពួកគេថា : «សូមអោយអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរីដែលយើងបានបង្កើតមក និង អ៊ីស្រាអែលជាចំណែកមត៌ករបស់យើងបានទទួលពរ!»។