KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 17 - Khmer, Central - Old Version - Bible.is - KMHKOV

  1  សេចក្តីប្រកាសស្តីអំពីក្រុងដាម៉ាស : ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុងទៀតហើយ គឺក្លាយទៅគំនរបាក់បែក។   2  ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេបោះបង់ចោលរហូតតទៅ គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក នៅទីនោះ ឥតមាននរណារំខានវាឡើយ។   3  នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារ ហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។ រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវ អាប់អោនដូចជនជាតិអ៊ីស្រាអែលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។   4  នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់ កូនចៅលោកយ៉ាកុបនឹងត្រូវចុះអោនថយ គេនឹងបាត់បង់ភោគទ្រព្យ ហើយក្លាយទៅជាក្រខ្សត់។   5  ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួច គ្មានអ្វីនៅសល់សោះ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។   6  មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះដែលនៅសល់ គឺស្រុកអ៊ីស្រាអែលប្រៀបបាននឹង ដើមអូលីវដែលគេទើបនឹងបេះផ្លែរួច នៅខាងចុង មានសល់ពីរបីផ្លែ ហើយតាមមែក មានសល់បួនប្រាំផ្លែ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។   7  នៅថ្ងៃនោះ មនុស្សនឹងផ្ចង់ចិត្តទៅរកព្រះដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះ ទៅព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។   8  គេលែងផ្តោត អារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬ អាសនៈសំរាប់ដុតគ្រឿងក្រអូបដែលដៃរបស់គេបានសង់ឡើងនោះ ទៀតដែរ។   9  នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលអោយនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និង ជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រាអែល គឺឥតមានសល់អ្វីឡើយ។   10  អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះរបស់អ្នក អ្នកពុំបាននឹកឃើញព្រះដែលជា កំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សំរាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។   11  នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើអោយដំណាំនោះដុះឡើង។ នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ វាក៏ចេញផ្កាភ្លាម។ ប៉ុន្តែ ពេលចំរូតមកដល់គ្មានផលអ្វីសោះ ផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលអោយជាបានទេ។   12  មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ និង ឮស្នូរសំឡេងសាសន៍ទាំងឡាយ គគ្រឹកគគ្រេងដូចរលកសមុទ្រ   13  សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និង ដូចលំអងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។   14  នៅពេលល្ងាច ពួកគេភ័យញ័ររន្ធត់ មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ។ នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់ និង រឹបអូសយកទ្រព្យសម្បត្តិរបស់យើង។