1 មានខ្នែងមួយដុះចេញពីគល់ របស់លោកអ៊ីសាយ 2 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញា អោយចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និង ចិត្តអង់អាច ព្រះវិញ្ញាណដែលបំភ្លឺអោយស្គាល់ និង គោរពកោតខ្លាចព្រះអម្ចាស់ 3 ព្រមទាំងអោយមានអំណរសប្បាយ ក្នុងការកោតខ្លាចព្រះអម្ចាស់ ព្រះបុត្រានេះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយ ហើយព្រះអង្គក៏មិនកាត់ក្តី តាមដែលឮគេនិយាយដែរ។ 4 ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្តីអោយជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។ មានដើមថ្មីមួយ ដុះ ចេញពីឫសរបស់លោក។ 5 ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ យកព្រះហប្ញទ័យស្មោះត្រង់ ធ្វើជាសង្វារ។ 6 ចចក និង កូនចៀមនឹងរស់នៅជាមួយគ្នា ខ្លារខិន នឹងដេកជាមួយកូនពពែ។ កូនគោ និង កូនសិង្ហ នឹងស៊ីចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ 7 គោញី និង ខ្លាឃ្មុំស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នៅជាមួយគ្នាដែរ។ សត្វសិង្ហនឹងចេះស៊ីចំបើង ដូចគោ។ 8 ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេង តូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ 9 ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬ បំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុក ក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។ 10 នៅគ្រានោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រ ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ អោយធ្វើជាទង់ សំរាប់ប្រជាជនទាំងឡាយ ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ ហើយកន្លែងដែលព្រះអង្គប្រថាប់ នឹងបានថ្កុំថ្កើងរុងរឿង។ 11 នៅគ្រានោះ ព្រះអម្ចាស់សំដែងបារមីសាជាថ្មី ដើម្បីលោះប្រជាជនរបស់ព្រះអង្គ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និង កោះទាំងឡាយនៅតាមសមុទ្រ។ 12 ព្រះអង្គនឹងលើកទង់មួយ ជាសញ្ញាអោយប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គនឹងប្រមែប្រមូលជនជាតិអ៊ីស្រាអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល អោយវិលត្រឡប់មកវិញ។ 13 ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា យូដា ក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។ 14 គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីនដែល នៅខាងលិច គេនឹងរឹបអូសយកសម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើត គេនឹងបង្ក្រាបស្រុកអេដុម និង ស្រុកម៉ូអាប់ ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។ 15 ព្រះអម្ចាស់នឹងធ្វើអោយឈូងសមុទ្រ នៅស្រុកអេស៊ីប រីងស្ងួត ព្រះអង្គលើកព្រះហស្តកំហែងទន្លេអឺប្រាត ព្រះអង្គប្រើព្រះចេស្តាផ្លុំបំបែកទន្លេនេះ អោយទៅជាដៃទន្លេប្រាំពីរ ហើយប្រជាជនអាចដើរឆ្លងបាន។ 16 ពេលនោះ នឹងមានផ្លូវមួយ សំរាប់ប្រជាជន អ៊ីស្រាអែលដែលនៅសេសសល់ ពីស្លាប់ គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរី ដូចកាលពីដើម មានផ្លូវមួយសំរាប់ បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។ ទំនុកតម្កើងអរព្រះគុណព្រះអម្ចាស់