1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេ ជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអូសៀសព្រះបាទយ៉ូថាម ព្រះបាទអេហាស និង ព្រះបាទហេសេគាជាស្តេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។ 2 ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកហូសេ ចាប់ផ្តើមដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់ មកធ្វើជាភរិយាហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។ 3 លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា "យេសរាល" ដ្បិតបន្តិចទៀតយើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្តេចយេហ៊ូវ ព្រោះតែស្តេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងអោយមានស្តេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ 5 ថ្ងៃនោះយើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយេសរាល»។ 6 នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា "ឡូរូហាម៉ា" ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសអោយពួកគេរហូតដែរ។ 7 ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូដាវសង្គ្រាម សេះចំបាំង ឬ ដោយកងពលសេះឡើយ»។ 8 ក្រោយពីបានផ្តាច់ដោះឡូរូហាម៉ារួចហើយនាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ 9 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា"ឡូអាំមី" ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។ 10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: "អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង" នៅទីនោះនឹងមានគេពោលថា: "អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ"។ 11 ពេលនោះ កូនចៅយូដា និង កូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។ "ទិវាយេសរាល"