KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Hebrews - ហេប្រឺ 3 - Khmer, Central - Old Version - Bible.is - KMHKOV

  1  បងប្អូនដ៏វិសុទ្ធ អើយ ព្រះជាម្ចាស់ក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើលអំពីព្រះយេស៊ូជាទូត ដែលព្រះជាម្ចាស់បានចាត់អោយមក និង ជាមហាបូជាចារ្យ ដែលនាំអោយយើងមានជំនឿដូចយើងប្រកាសនោះទៅ។   2  ព្រះយេស៊ូមានព្រះហឫទ័យស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្ដស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់ដែរ។   3  អ្នកសង់ផ្ទះមានកិត្ដិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿង ប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ   4  ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។   5  ចំពោះលោកម៉ូសេលោកមានចិត្ដស្មោះត្រង់នឹងកិច្ចការ ក្នុងព្រះដំណាក់ទាំងមូលក្នុងឋានៈលោកជាអ្នកបំរើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។   6  រីឯព្រះគ្រិស្ដវិញ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះបុត្រា ដែលគ្រប់គ្រងលើព្រះដំណាក់ផ្ទាល់របស់ព្រះអង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះដំណាក់របស់ព្រះអង្គ ប្រសិនបើយើងនៅកាន់ចិត្ដរឹងប៉ឹង និង ពឹងផ្អែកលើសេចក្ដីសង្ឃឹមរបស់យើងជាប់ជានិច្ចមែននោះ។   7  ហេតុនេះដូចព្រះវិញ្ញាណដ៏វិសុទ្ធ មានព្រះបន្ទូលថា៖ «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ   8  មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ នៅវាលរហោស្ថាននោះឡើយ   9  បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។   10  ហេតុនេះហើយបានជាយើងទាស់ចិត្ដនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថាៈ ចិត្ដរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ   11  យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត»។   12  ដូច្នេះបងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្ដអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។   13  ផ្ទុយទៅវិញចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំអោយបងប្អូនណាម្នាក់ប្រកាន់ចិត្ដរឹងរូសដោយចាញ់បោកបាប ។   14  ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមករហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រិស្ដហើយ   15  ព្រោះក្នុងគម្ពីរមានចែងថា «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរនោះឡើយ»។   16  តើនរណាខ្លះបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ?   17  ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គទ្រង់ព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្ដអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ?   18  តើព្រះអង្គបានប្ដេជ្ញាថាមិនអោយនរណាខ្លះចូលមកសំរាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ?   19  ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសំរាកមកពីពួកគេគ្មានជំនឿ។