KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 9 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ ព្រមទាំងកូនប្រុសទាំងបីនាក់របស់លោក ដោយមានព្រះបន្ទូលថា៖«ចូរបង្កើតកូនចៅអោយបានកើនចំនួនឡើងយ៉ាងច្រើនពាសពេញផែនដីទៅ!   2  សត្វចតុបាទនៅលើផែនដីបក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និង ត្រីនៅក្នុងទឹកទាំងប៉ុន្មាន នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងអោយ អ្នករាល់គ្នាធ្វើជាម្ចាស់ លើសត្វទាំងនោះ។   3  សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារ សំរាប់អ្នករាល់គ្នា គឺយើងអោយអ្វីៗមកអ្នករាល់គ្នា ដូចយើងបានអោយធញ្ញជាតិដល់អ្នករាល់គ្នាដែរ។   4  ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។   5  ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងអោយវាសងឈាមដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងអោយមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។   6  អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សលោក មកជាតំណាងរបស់ព្រះអង្គ។   7  ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅ អោយបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយអោយមានពាសពេញលើផែនដីចុះ»។   8  ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និង កូនប្រុសទាំងបីរបស់លោកទៀតថា៖   9  «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ   10  ជាមួយសត្វមានជីវិតទាំងប៉ុន្មាន ដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សីសត្វស្រុក និង សត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។   11  យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។   12  ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិតហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ   13  គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។   14  ពេលណាយើងប្រមូលពពកអោយមូលផ្តុំគ្នា ពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។   15  ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា និង ជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។   16  ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មានដែលមានជីវិតរស់នៅលើផែនដី»។   17  ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសំគាល់នៃសម្ពន្ធមេត្រីដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។   18  កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះឈ្មោះសិម ហាំ និង យ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។   19  កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។   20  លោកណូអេបានភ្ជួររាស់ដី ដាំចំការទំពាំងបាយជូរ មុនគេបង្អស់។   21  លោកបានពិសា ស្រាទំពាំងបាយជូរ ហើយស្រវឹង របូតខោអាវនៅក្នុងជំរំរបស់លោក។   22  លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។   23  ពេលនោះលោកសិម និង លោកយ៉ាផេតបានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះគេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។   24  ពេលលោកណូអេស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់លោកធ្វើ   25  លោកក៏ពោលថា៖ កាណានត្រូវបណ្តាសាហើយ! សូមអោយបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។   26  លោកពោលទៀតថា៖ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិម សូមអោយកាណានបានទៅជា ទាសកររបស់សិមចុះ!   27  សូមព្រះជាម្ចាស់ប្រទានអោយយ៉ាផេត មានចិត្តទូលំទូលាយ អោយគេបានស្នាក់នៅក្នុងជំរំរបស់សិម ហើយអោយកាណានបានទៅជាទាសករ របស់អ្នកទាំងពីរ»។   28  ក្រោយទឹកជំនន់ធំ លោកណូអេរស់បានបីរយហាសិបឆ្នាំទៀត។   29  លោករស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មក លោកក៏ទទួលមរណភាព។