1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។ 2 ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធ មក គឺយកឈ្មោល និង ញីចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមកគឺឈ្មោល និង ញី។ 3 ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃ ប្រាំពីរគូមកដែរ គឺយកឈ្មោល និង ញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល 4 ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើអោយភ្លៀងបង្អុរចុះមកលើផែនដីក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមកអោយអស់ពីផែនដី»។ 5 លោកណូអេបានធ្វើតាមសព្វគ្រប់ទាំងអស់ ដូចព្រះអម្ចាស់បង្គាប់។ 6 នៅគ្រាទឹកជំនន់ធំ លិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។ 7 លោកណូអេបានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និង កូនប្រសារស្រីរបស់លោក ដើម្បីអោយបានរួចខ្លួនពីទឹកជំនន់ធំ។ 8 មានសត្វទាំងឡាយពីចំណោមសត្វ បរិសុទ្ធ និង សត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និង សត្វលូនវារនៅលើដី 9 ទាំងគូៗមានឈ្មោលមានញីនាំគ្នា ចូលមកក្នុងទូកធំជាមួយលោកណូអេ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ។ 10 ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។ 11 ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជំរៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ 12 ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។ 13 នៅថ្ងៃដដែលនោះ លោកណូអេ កូនប្រុសរបស់លោក គឺសិម ហាំ និង យ៉ាផេត ព្រមទាំងភរិយា និង កូនប្រសារស្រីទាំងបីរបស់លោក នាំគ្នាចូលទៅក្នុងទូកធំ។ 14 សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វាបក្សាបក្សីទាំងប៉ុន្មានតាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និង មានស្លាប ក៏ចូលជាមួយដែរ។ 15 សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗមករកលោកណូអេនៅក្នុងទូកធំ 16 គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។ 17 ទឹកជំនន់ធំបានលិចផែនដីអស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំអោយអណ្តែតឡើងផុតពីដី។ 18 ទឹកជន់កាន់តែខ្លាំងឡើងៗ កំពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្តែតពីលើផ្ទៃទឹក។ 19 ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើអោយលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ 20 ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះ ដប់ប្រាំហត្ថ។ 21 សត្វលោកទាំងឡាយដែលកំរើកនៅលើ ផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សីសត្វស្រុកសត្វព្រៃ និង សត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញ លើផែនដី និង មនុស្សលោកទាំងអស់ដែរ។ 22 អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និង រស់នៅលើដីគោក ក៏ស្លាប់ អស់ទៅ។ 23 ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និង អស់អ្នកដែលស្ថិតនៅក្នុង ទូកធំជាមួយលោកប៉ុណ្ណោះ។ 24 ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។