KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 40 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និង ម្នាក់ទៀតមាននាទីថ្វាយនំបុ័ង។   2  ព្រះចៅផារ៉ោនមានព្រះហប្ញទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និង មហាតលិកថ្វាយនំបុ័ងនោះ ជាខ្លាំង។   3  ស្តេចក៏បញ្ជាអោយយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្តេចគឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។   4  មេបញ្ជាការប្រគល់លោកទាំងពីរអោយលោកយ៉ូសែបមើលខុសត្រូវ។ ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក   5  មានយប់មួយ លោកទាំងពីរគឺមហាតលិកថ្វាយស្រា និង មហាតលិកថ្វាយនំបុ័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួនតែមានអត្ថន័យប្លែកៗពីគ្នា។   6  ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់   7  លោកក៏សួរមហាតលិកទាំងពីររបស់ស្តេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោកក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្តេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។   8  គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។   9  មហាតលិកដែលមាននាទីថ្វាយស្រាស្តេចបានរៀបរាប់ប្រាប់លោកយ៉ូសែប អំពីសុបិនរបស់គាត់ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពំាងបាយជូរមួយដើម នៅពីមុខខ្ញុំ។   10  ដើមទំពំាងបាយជូរនោះមានមែកបី មានពន្លកលេចចេញមកផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។   11  ពេលនោះខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃខ្ញុំក៏បេះផ្លែទំពំាងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។   12  លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។   13  បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក អោយបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្តេច ដូចលោកធ្លាប់ធ្វើកាលពីមុន។   14  ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញ ហើយសូមមេត្តាកុំភ្លេចខ្ញុំដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនអោយបានជ្រាបពីរឿងខ្ញុំហើយយកខ្ញុំចេញពីពន្ធនាគារនេះផង   15  ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុស គួរអោយគេយកមកឃុំឃាំងដូច្នេះឡើយ»។   16  មហាតលិកដែលមាននាទីថ្វាយនំបុ័ង ឃើញលោកយ៉ូសែបកាត់សប្តិអោយមហាតលិកម្នាក់ទៀតល្អគួរអោយពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។   17  នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែ មានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។   18  លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។   19  នៅបីថ្ងៃទៀតព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។   20  បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចំរើនព្រះជន្មព្រះចៅផារ៉ោនស្តេចបានជប់លៀងក្រុមមន្ត្រីរបស់ស្តេច។ ពេលនោះ ស្តេចបានអោយគេដោះលែងមហាតលិកទាំងពីរនៅមុខមន្ត្រីទាំងអស់។   21  ព្រះរាជាបានតែងតាំងមហាតលិកដែលមាននាទីថ្វាយស្រាអោយបំពេញមុខងាររបស់ខ្លួនឡើងវិញ។   22  ប៉ុន្តែ ស្តេចបញ្ជាអោយគេយកមហាតលិកថ្វាយនំបុ័ងទៅព្យួរ ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។   23  រីឯមហាតលិកដែលមាននាទីថ្វាយស្រា មិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។