KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 38 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅគ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់លោក ទៅនៅជាមួយបុរសម្នាក់ ឈ្មោះ ហ៊ីរ៉ានៅភូមិអាឌូឡាម។   2  នៅទីនោះ គាត់បានឃើញកូនស្រីរបស់លោកស៊ូអា ជាជនជាតិកាណានគាត់ក៏យកនាងមកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង។   3  នាងមានផ្ទៃពោះ សំរាលបានកូនប្រុសមួយដែលនាងដាក់ឈ្មោះថា"អ៊ើរ"។   4  នាងមានផ្ទៃពោះសាជាថ្មី ហើយសំរាលបានកូនប្រុសមួយដែលនាងដាក់ឈ្មោះថា"អូណាន់"។   5  នាងមានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយដែលនាងដាក់ឈ្មោះថា"សេឡា"។ ពេលនាងសំរាលកូននោះ លោកយូដារស់នៅភូមិកេស៊ីប។   6  លោកយូដាបានដណ្តឹងនារីម្នាក់ ឈ្មោះតាម៉ារ មកអោយធ្វើជាភរិយារបស់អ៊ើរ ជាកូនច្បងរបស់គាត់។   7  អ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទេ ដូច្នេះព្រះអង្គក៏ដកជីវិតគាត់ទៅ។   8  ពេលនោះ លោកយូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សអោយបងប្រុសរបស់កូនទៅ»។   9  ដោយអូណាន់ដឹងថាពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃគាត់តែងសំរក់ចោលទៅដី ព្រោះមិនចង់បន្តពូជអោយបងប្រុស។   10  អំពើអាក្រក់ដែលគាត់ប្រព្រឹត្តនេះ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ដែរ។   11  ពេលនោះ លោកយូដាពោលទៅកាន់នាងតាម៉ារជាកូនប្រសារថា៖ «ចូរកូននៅជាស្ត្រីមេម៉ាយ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅទំរាំសេឡាកូនរបស់ពុកធំពេញវ័យ»។ គាត់គិតថា «សូមកុំអោយកូនមួយនេះស្លាប់ដូចបងៗវាឡើយ»។ នាងតាម៉ារក៏ទៅរស់នៅផ្ទះឪពុកនាង។   12  យូរថ្ងៃក្រោយមក ភរិយារបស់លោកយូដា គឺកូនស្រីរបស់លោកស៊ូអាបានទទួលមរណភាព។ កាលលោកយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណាជាមួយលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាម មិត្តរបស់គាត់ ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។   13  មានគេមកប្រាប់នាងតាម៉ារថា៖ «ឪពុកក្មេករបស់នាង ឡើងទៅកាត់រោមចៀមនៅធីមណា»។   14  ឮដូច្នេះ នាងតាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនអោយនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវ ចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ នាងធ្វើដូច្នេះ មកពីនាងឃើញថាសេឡាធំពេញវ័យហើយ តែលោកយូដាពុំបានយកនាងទៅអោយធ្វើជាភរិយាឡើយ។   15  កាលលោកយូដាឃើញនាង គាត់ស្មានថាជាស្ត្រីពេស្យា ដ្បិតនាងមានស្បៃបាំងមុខ។   16  គាត់ចូលទៅជិតនាង ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថា ជាកូនប្រសាររបស់គាត់ទេ។ នាងតបថា៖ «បើខ្ញុំទៅជាមួយលោក តើលោកអោយអ្វីខ្ញុំ?»។   17  គាត់ឆ្លើយថា «ខ្ញុំនឹងផ្ញើកូនពពែមួយមកអោយនាង»។ នាងតបទៅវិញថា៖ «ចា៎ស ខ្ញុំយល់ព្រម តែលោកត្រូវបញ្ចាំអ្វីមួយទុកអោយខ្ញុំ ទំរាំខ្ញុំបានទទួលកូនពពែនោះ»។   18  គាត់ពោលទៅវិញថា៖ «តើចង់អោយខ្ញុំបញ្ចាំអ្វីទុក?»។ នាងឆ្លើយថា៖ «សុំប្រគល់ត្រារបស់លោក និង ខ្សែវាព្រមទាំងដំបងដែលលោកកាន់នោះមកអោយខ្ញុំ»។ លោកយូដាប្រគល់របស់ទាំងនោះអោយនាងរួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មកនាងមានផ្ទៃពោះជាមួយគាត់។   19  នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។   20  លោកយូដាបានផ្ញើកូនពពែទៅអោយនាង តាមរយៈមិត្តរបស់គាត់ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរដែលគាត់បានបញ្ចំាទុកជាមួយនាងមកវិញ តែមិត្តរបស់លោកយូដារកនាងពុំឃើញសោះ។   21  គាត់សួរអ្នកស្រុកនៅកន្លែងនោះថា៖ «ស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «នៅទីនេះ មិនដែលមានស្ត្រីពេស្យាទេ!»។   22  គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកស្រីនោះពុំឃើញទេ ហើយអ្នកស្រុកនោះបានប្រាប់ខ្ញុំថា"នៅទីនេះមិនដែលមានស្ត្រីពេស្យាទេ"»។   23  លោកយូដាពោលថា៖ «អោយនាងទុករបស់ទាំងនោះទៅ! យើងមិនបាច់សួរដេញដោល នាំតែអ្នកស្រុកមើលងាយទេ។ ខ្ញុំបានផ្ញើកូនពពែទៅអោយនាងតាមសន្យា តែបើសម្លាញ់ឯងរកនាងមិនឃើញ ក៏ហីទៅចុះ!»។   24  បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសាររបស់លោក បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ លោកយូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។   25  ពេលគេកំពុងតែនាំនាងចេញទៅក្រៅ នាងតាម៉ារអោយគេទៅជំរាបលោកយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និង ខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។   26  លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាង មកអោយធ្វើជាភរិយារបស់សេឡាជាកូនខ្ញុំទេ»។ តាំងពីពេលនោះមកលោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។   27  លុះជិតដល់ពេលសំរាលកូន គេដឹងថានាងមានកូនភ្លោះក្នុងផ្ទៃនាង។   28  ពេលសំរាលកូនមានកូនមួយចេញដៃមកមុន ឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ទាំងពោលថា៖ «កូនមួយនេះកើតមុន»។   29  ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្តើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា"ពេរេស"។   30  បន្ទាប់មកទៀតកូនប្អូនកើតចេញមក ទាំងមានអំបោះក្រហម នៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា"សេរ៉ាស"។