1 លោកស្រីលេអាបានបង្កើតកូនស្រីមួយជូនលោកយ៉ាកុប ឈ្មោះឌីណា។ ថ្ងៃមួយ នាងឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ 2 ពេលនោះ ស៊ីគែមជាកូនរបស់លោកហាម៉ោរសាសន៍ហេវី ដែលជាមេកន្ទ្រាញនៅស្រុកនោះបានឃើញនាង ហើយក៏ចាប់នាងរំលោភ។ 3 ស៊ីគែមជំពាក់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។ 4 ស៊ីគែមជំរាបលោកហាម៉ោរ ជាឪពុកថា៖ «សូមលោកឪពុកដណ្តឹងនាងនេះ អោយកូនធ្វើជាប្រពន្ធមក »។ 5 លោកយ៉ាកុបទទួលដំណឹងថា ស៊ីគែមបានធ្វើអោយកូនស្រីរបស់លោកបាត់បង់កិត្តិយស តែដោយកូនប្រុសរបស់លោកទៅឃ្វាលចៀមនៅវាលអស់ទៅលោកនៅស្ងៀម ទំរាំពួកគេត្រឡប់មកវិញ។ 6 លោកហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុបដើម្បីនិយាយជាមួយលោក។ 7 កាលកូនប្រុសៗរបស់លោកយ៉ាកុប វិលមកពីវាលវិញ បានដឹងរឿងនេះគេយល់ឃើញថាគេក៏បាក់មុខដែរ ហើយក្តៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុតជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រាអែល គឺគាត់បានរំលោភលើកូនស្រីរបស់លោកយ៉ាកុប។ 8 លោកហាម៉ោរបាននិយាយទៅកាន់លោកយ៉ាកុប និង កូនថា៖ «ស៊ីគែមកូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកអោយវាធ្វើជាភរិយាទៅ។ 9 សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកអោយយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។ 10 បងប្អូនអាចរស់នៅជាមួយយើងខ្ញុំបាន ដ្បិតស្រុកទេសនេះនៅចំហ សំរាប់បងប្អូន ដូច្នេះ សូមបងប្អូនតាំងទីលំនៅរកស៊ី និង ទិញដីធ្លី នៅស្រុកនេះហើយ»។ 11 ស៊ីគែមពោលទៅកាន់ឪពុក និង បងប្រុសទាំងអស់របស់នាងឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យអោយខ្ញុំផងអ្វីក៏ដោយអោយតែអស់លោកបង្គាប់ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់។ 12 សូមបង្គាប់ខ្ញុំបាទអោយជូនបណ្តាការយ៉ាងថ្លៃ និង ទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់អោយតែយល់ព្រមលើកនាង មកជាភរិយារបស់ខ្ញុំបាទ»។ 13 ដោយស៊ីគែមបានធ្វើអោយនាងឌីណាជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅស៊ីគែម និង លោកហាម៉ោរជាឪពុកគាត់វិញ ដោយកលល្បិចថា៖ 14 «យើងមិនអាចយល់ព្រមតាមពាក្យស្នើរបស់អ្នកទេ គឺយើងពុំអាចលើកប្អូនស្រីអោយបុរសណាដែលមិនកាត់ស្បែកបានឡើយ ធ្វើដូច្នេះ នឹងនាំអោយយើងបាក់មុខជាមិនខាន។ 15 យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកលោកសុខចិត្តកាត់ស្បែកដូចយើង គឺត្រូវកាត់ស្បែកអោយប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកលោក។ 16 ធ្វើដូច្នោះ ទើបយើងលើកកូនស្រីៗរបស់យើងអោយពួកលោក ហើយយើងក៏នឹងដណ្តឹងកូនស្រីរបស់ពួកលោកដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ 17 ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមកាត់ស្បែកដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។ 18 លោកហាម៉ោរ និង ស៊ីគែមជាកូនក៏យល់ស្របតាមពាក្យស្នើនេះ។ 19 អ្នកកំឡោះនោះមិនបង្អែរបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ ក្នុងគ្រួសាររបស់លោកហាម៉ោរ គេគោរពស៊ីគែមជាងគេ។ 20 លោកហាម៉ោរ និង ស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖ 21 «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះទុកអោយពួកគេរស់នៅ និង រកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងអោយគេចូលមកចុះ។ យើងនាំគ្នាដណ្តឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើងអោយគេធ្វើជាប្រពន្ធដែរ។ 22 ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និង ចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ក្នុងចំណោមពួកយើងកាត់ស្បែកដូចពួកគេដែរ។ 23 បើយើងសុខចិត្តធ្វើតាមពាក្យស្នើរបស់គេ គេសុខចិត្តរស់នៅជាមួយយើង ហើយហ្វូងសត្វ ទ្រព្យសម្បត្តិ និង សត្វទាំងប៉ុន្មានរបស់គេ នឹងត្រូវបានមកជាកម្មសិទ្ធិរបស់យើងមិនខាន»។ 24 មនុស្សម្នាទាំងប៉ុន្មានដែលបានចេញទៅ ស្តាប់លោកហាម៉ោរ និង ស៊ីគែម កូនរបស់គាត់នៅមាត់ទ្វារក្រុង ក៏យល់ស្របតាមពាក្យរបស់អ្នកទាំងពីរ ហើយប្រុសៗដែលទៅស្តាប់នៅមាត់ទ្វារក្រុងបានទទួលពិធីកាត់ស្បែកទាំងអស់គ្នា។ 25 នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះកំពុងតែឈឺកូនប្រុសពីរនាក់របស់លោកយ៉ាកុប គឺលោកស៊ីម្មាន និង លោកលេវី ដែលត្រូវជាបងរបស់នាងឌីណាបាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ 26 គេក៏បានប្រហារជីវិតលោកហាម៉ោរ និង ស៊ីគែមជាកូនដោយមុខដាវដែរ រួចហើយគេក៏យកនាងឌីណា ចេញពីផ្ទះរបស់ស៊ីគែម។ 27 កូនប្រុសលោកយ៉ាកុបឯទៀតៗ បានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះបានធ្វើអោយនាងឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។ 28 ពួកគេបានចាប់ហ្វូងចៀម និង ហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុកស្រែ យកទៅជាមួយ។ 29 ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះចាប់កូនក្មេង និង ស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មាន ដែលមាននៅក្នុងផ្ទះគេផង។ 30 លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកស៊ីម្មាន និង លោកលេវីថា៖ «កូនទាំងពីរប្រព្រឹត្តដូច្នេះ នាំអោយពុកមានកង្វល់ហើយ ព្រោះអ្នកស្រុកនេះ គឺជនជាតិកាណាន និង ជនជាតិពេរិស៊ីត មុខជានាំគ្នាស្អប់ពុក។ ប្រសិនបើពួកគេលើកគ្នាមកវាយប្រហារពុក នោះពុកត្រូវវិនាសជាមួយក្រុមគ្រួសារពុកជាមិនខាន ដ្បិតពុកមានទ័ពតែបន្តិចបន្តួចប៉ុណ្ណោះ»។ 31 លោកស៊ីម្មាន និង លោកលេវីតបថា៖ «ពួកកូនមិនទុកអោយគេប្រមាថមាក់ងាយប្អូនស្រីរបស់ពួកកូន ដូចជាស្រីខូចនោះឡើយ»។