1 ពេលលោកស្រីរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនលោកយ៉ាកុបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ លោកស្រីរ៉ាជែលពោលទៅកាន់លោកយ៉ាកុបថា៖ «សូមអោយខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។ 2 លោកយ៉ាកុបខឹងនឹងលោកស្រីរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាព្រះជាម្ចាស់ឬ? គឺព្រះអង្គទេតើដែលបង្ខាំងអូនឯងមិនអោយមានកូន! »។ 3 លោកស្រីរ៉ាជែលពោលថា៖ «នេះនែ៎ប៊ីលហា ជាស្រីបំរើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់»។ 4 លោកស្រីរ៉ាជែលក៏យកនាងប៊ីលហាមកអោយលោកយ៉ាកុបធ្វើជាប្រពន្ធ លោករួមដំណេកជាមួយនាង 5 នាងប៊ីលហាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយជូនលោកយ៉ាកុប។ 6 លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានរកយុត្តិធម៌អោយខ្ញុំ ទ្រង់ព្រះសណ្តាប់ឮពាក្យខ្ញុំ និង ប្រទានអោយខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា"ដាន់"។ 7 នាងប៊ីលហាជាស្រីបំរើរបស់លោកស្រីរ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសំរាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ 8 លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំអោយតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា "ណែបថាលី"។ 9 កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលប៉ា ជាស្រីបំរើរបស់គាត់ មកអោយលោកយ៉ាកុបធ្វើជាប្រពន្ធ។ 10 នាងស៊ីលប៉ាជាស្រីបំរើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។ 11 លោកស្រីលេអាពោលថា៖ «មានសំណាងហើយ !» នាងដាក់ឈ្មោះកូននោះថា"កាដ"។ 12 នាងស៊ីលប៉ា ជាស្រីបំរើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ 13 លោកស្រីលេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា"អេស៊ើរ"។ 14 ថ្ងៃមួយ នៅរដូវចំរូតស្រូវសាលី រូបេនបានចេញទៅចំការហើយបេះបានផ្លែស្នេហ៍យកមកជូនម្តាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកអោយខ្ញុំខ្លះមក»។ 15 លោកស្រីលេអាតបថា៖ «ឯងយកប្តីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេ ឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះ អោយគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ 16 នៅពេលល្ងាច លោកយ៉ាកុបវិលត្រឡប់មកពីចំការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះបងត្រូវសំរាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំ មកដូរជាថ្នូរហើយ»។ ដូច្នេះលោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។ 17 ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយទៀតជាកូនទីប្រាំ ជូនលោកយ៉ាកុប។ 18 គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់អោយខ្ញុំ ព្រោះខ្ញុំបានយកស្រីបំរើមកជូនប្តីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា"អ៊ីសាខារ"។ 19 លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប 20 លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកអោយខ្ញុំ លើកនេះ ប្តីរបស់ខ្ញុំមុខជាផ្តល់កិត្តិយសអោយខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា"សាប់យូឡូន"។ 21 បន្ទាប់មក គាត់សំរាលបានកូនស្រីមួយដែលគាត់ដាក់ឈ្មោះថា «ឌីណា»។ 22 ព្រះជាម្ចាស់មិនភ្លេចលោកស្រីរ៉ាជែលទេ ទ្រង់ព្រះសណ្តាប់ពាក្យរបស់គាត់ ដោយប្រោសអោយគាត់មានកូន។ 23 គាត់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «ព្រះជាម្ចាស់បានដកសេចក្តីអាម៉ាស់ចេញពីខ្ញុំហើយ»។ 24 គាត់ដាក់ឈ្មោះកូននោះថា "យ៉ូសែប" ទាំងពោលថា៖ «សូមព្រះជាម្ចាស់បន្ថែមអោយខ្ញុំមានកូនប្រុសមួយទៀត!»។ 25 ក្រោយពេលដែលលោកស្រីរ៉ាជែលសំរាលបានយ៉ូសែបហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតអោយខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។ 26 សូមអោយខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបំរើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ជ្រាបថាខ្ញុំបានបំរើលោកឪពុកយ៉ាងណាដែរ»។ 27 លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។ 28 ចូរប្រាប់ពុកមក កូនចង់បានថ្លៃឈ្នួលប៉ុន្មានពុកនឹងប្រគល់អោយ»។ 29 លោកយ៉ាកុបជំរាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថាខ្ញុំបាននៅបំរើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុក ក៏បានកើនចំនួនយ៉ាងណាដែរ 30 គឺមុនពេលខ្ញុំមកដល់ លោកឪពុកមានហ្វូងសត្វតែបន្តិចបន្តួចទេ តែឥឡូវនេះ វាកើនចំនួនច្រើន ព្រោះតាំងពីខ្ញុំមកនៅជាមួយលោកឪពុក ព្រះអម្ចាស់ប្រទានពរលោកឪពុក។ ឥឡូវនេះ ដល់ពេលខ្ញុំធ្វើការសំរាប់ក្រុមគ្រួសារខ្ញុំផ្ទាល់ម្តង»។ 31 លោកឡាបាន់មានប្រសាសន៍ថា៖ «តើពុកត្រូវអោយអ្វីខ្លះដល់កូន?» លោកយ៉ាកុបតបថា៖ «លោកឪពុកមិនបាច់អោយអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្តាប់សេចក្តីដែលខ្ញុំនឹងស្នើសុំនេះក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។ 32 ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ពពាល និង ចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មានដែលមានសម្បុរពពាល និង ពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។ 33 ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំលោកឪពុកមុខជាជ្រាបថា ខ្ញុំទៀងត្រង់ទេ។ ប្រសិនបើលោកឪពុកឃើញមានសត្វសម្បុរពពាល និង ពព្លាក់ក្នុងចំណោមពពែ ឬ សត្វមានសម្បុរស្រអាប់ក្នុងចំណោមកូនចៀមវិញ បានសេចក្តីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។ 34 លោកឡាបាន់មានប្រសាសន៍ថា៖ «អ៊ីចឹងក៏បាន! ចូរធ្វើតាមពាក្យរបស់កូនទៅ!»។ 35 នៅថ្ងៃដដែលនោះ លោកឡាបាន់ ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និង ពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀម ដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅអោយកូនៗរបស់គាត់មើលថែទាំ 36 រួចគាត់អោយពួកគេទៅឆ្ងាយពីលោកយ៉ាកុប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯលោកយ៉ាកុបវិញ លោកឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។ 37 លោកយ៉ាកុបបានកាច់មែករាំង មែកស្វាយចន្ទី និង មែកចំបក់ស្រស់ៗ យកមកលួសសំបកអោយឃើញឆ្នូតលាយនឹងសាច់សៗ។ 38 បន្ទាប់មក លោកយកមែកដែលមានឆ្នូតៗនោះទៅដាក់នៅក្នុងចង្អូរ និង ស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីអោយសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។ 39 សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមកវាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និង ពព្លាក់។ 40 ចំណែកឯចៀមដែលលោកយ៉ាកុបញែកទុកដោយឡែកនោះ លោកដាក់វាអោយមើលសត្វរបស់លោកឡាបាន់ដែលមានសម្បុរឆ្នូតៗ និង ស្រអាប់។ ធ្វើដូច្នេះ លោកបង្កបង្កើតបានហ្វូងសត្វមួយរបស់លោកផ្ទាល់ ហើយលោកមិនទុកអោយវានៅឡូកឡំជាមួយហ្វូងសត្វរបស់លោកឡាបាន់ទេ។ 41 ពេលណាមានសត្វមាំៗ មកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរអោយវាឃើញ ដើម្បីអោយវាជាន់គ្នានៅមុខមែកឈើនោះ។ 42 តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា លោកមិនដាក់មែកឈើទេ។ ធ្វើដូច្នេះសត្វខ្សោយៗជាកម្មសិទ្ធិរបស់លោកឡាបាន់ រីឯសត្វមំាៗជាកម្មសិទ្ធិរបស់លោកយ៉ាកុប។ 43 លោកយ៉ាកុបមានសម្បត្តិទ្រព្យ កាន់តែច្រើនឡើងៗ។ លោកមានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបំរើស្រីប្រុស មានអូដ្ឋ និង មានលាជាច្រើនផង។