KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 28 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកអ៊ីសាកបានហៅលោកយ៉ាកុបមកអោយពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណាន ធ្វើជាភរិយាទេ។   2  ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅបដាន់-អើរ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។   3  សូមព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន អោយមានកូនចៅជាច្រើន និង កើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ!   4  សូមព្រះអង្គប្រទានពរកូន និង ពូជពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីអោយកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។   5  បន្ទាប់មក លោកអ៊ីសាកអោយលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្តាយរបស់លោកយ៉ាកុប និង លោកអេសាវ។   6  លោកអេសាវឃើញលោកអ៊ីសាកអោយពរលោកយ៉ាកុប និង ចាត់គាត់អោយទៅរកប្រពន្ធនៅស្រុកបដាន់-អើរ៉ាមទាំងផ្តែផ្តាំនៅពេលអោយពរនោះ ថាកុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា   7  គាត់ឃើញលោកយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្តាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម   8  លោកអេសាវយល់ឃើញថា លោកអ៊ីសាកជាឪពុកមិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។   9  លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។   10  លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន់។   11  ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសំរាន្តលក់នៅទីនោះទៅ។   12  លោកសុបិនឃើញមានជណ្តើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតារបស់ព្រះជាម្ចាស់នាំគ្នាចុះឡើងតាមជណ្តើរនោះ។   13  ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និង ពូជពង្សរបស់អ្នក។   14  ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និង ទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរ ដោយសារអ្នក និង ពូជពង្សរបស់អ្នក។   15  ចំពោះយើងផ្ទាល់យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសំរេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។   16  លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។   17  លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរអោយស្ញែងខ្លាចណាស់! គឺពិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។   18  លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះមកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ។   19  លោកដាក់ឈ្មោះកន្លែងនោះថា«បេតអែល»។ ប៉ុន្តែ កាលពីដើម គេហៅកន្លែងនោះថា «លូស»។   20  លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និង ថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានអោយខ្ញុំមានអាហារបរិភោគ និង សម្លៀកបំពាក់   21  ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្តនោះខ្ញុំនឹងគោរពបំរើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្ញុំមែន។   22  ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់! អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងយកមួយភាគដប់ថ្វាយព្រះអង្គវិញ»។