KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 22 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្រោយហេតុការណ៍ទាំងនោះមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់»។   2  ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាក កូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នកហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។   3  លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបំរើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសំរាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។   4  លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។   5  លោកមានប្រសាសន៍ទៅក្មេងបំរើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះ ជាមួយសត្វលាសិនខ្ញុំ និង កូនខ្ញុំ ឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។   6  លោកអប្រាហាំយកអុសសំរាប់ធ្វើយញ្ញបូជា មកអោយអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និង កាំបិតហើយទាំងឪពុកទាំងកូន ដើរទៅជាមួយគ្នា។   7  ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសំរាប់ធ្វើយញ្ញបូជា នៅឯណា?»។   8  លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសំរាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។   9  លុះមកដល់កន្លែង ដែលព្រះជាម្ចាស់បានបង្ហាញប្រាប់លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាកជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។   10  បន្ទាប់មកលោកអប្រាហាំទាញកាំបិតបំរុងនឹងអារ កកូន ធ្វើយញ្ញបូជា។   11  ពេលនោះស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។   12  ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាអោយសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនដែលអ្នកមានតែមួយនេះ មកយើងឡើយ»។   13  លោកអប្រាហាំងើបមុខឡើង ឃើញពពែឈ្មោលមួយ ពីក្រោយ ជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកពពែនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។   14  លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហេតុនេះហើយបានជាសព្វថ្ងៃនេះ គេតែងពោលថា«នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់អោយ»។   15  ទេវតារបស់ព្រះអម្ចាស់ ហៅលោកអប្រាហាំពីលើមេឃម្តងទៀតថា៖   16  «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកអោយយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា   17  យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើអោយពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើងដូចផ្កាយនៅលើមេឃ និង ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។   18  ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់យើង»។   19  លោកអប្រាហាំ វិលទៅរកពួកក្មេងបំរើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ លោកអប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។   20  ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជំរាបលោកអប្រាហាំ ថា៖ «នាងមីលកាក៏បានបង្កើតកូនប្រុសជាច្រើន ជូនលោកណាឃរ ជាប្អូនរបស់លោកដែរគឺមាន   21  អ៊ូសជាកូនច្បង ប៊ូសជាប្អូន កេមូអែល ដែលត្រូវជាឪពុករបស់អើរ៉ាម   22  កេសេដ ហាសូពីលដាស យីដឡាប និង បេធូអែល។   23  លោកបេធូអែលត្រូវជាឪពុករបស់នាងរេបិកា។ អ្នកទាំងប្រាំបីនេះជាកូនដែលនាងមីលកាបានបង្កើតជូនលោកណាឃរ ប្អូនរបស់លោកអប្រាហាំ។   24  រីឯប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និង ម៉ាកា។