KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Genesis - លោកុប្បត្តិ 16 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបំរើជាតិអេស៊ីបម្នាក់ឈ្មោះនាងហាការ។   2  លោកស្រីសារ៉ាយជំរាបលោកអាប់រ៉ាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានអោយខ្ញុំមានកូនដូច្នេះ សូមលោកទៅយកស្រីបំរើខ្ញុំទៅ ប្រហែលជាខ្ញុំនឹង បានកូនប្រុសមួយតាមរយៈនាង »។ លោកអាប់រ៉ាមក៏ស្តាប់តាមពាក្យសំដីរបស់លោកស្រីសារ៉ាយ។   3  ពេលលោកស្រីសារ៉ាយជាភរិយា យកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបំរើរបស់ខ្លួន មកប្រគល់អោយលោកអាប់រ៉ាមជាស្វាមី ធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។   4  លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។   5  លោកស្រីសារ៉ាយពោលទៅកាន់លោកអាប់រ៉ាមថា៖ «ព្រោះតែលោកហ្នឹងហើយ បានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបំរើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមរវាងលោក និង ខ្ញុំចុះ!»។   6  លោកអាប់រ៉ាមតបទៅលោកស្រីសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបំរើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។ លោកស្រីសារ៉ាយក៏ធ្វើបាបនាងហាការ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។   7  ទេវតារបស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។   8  ទេវតានោះពោលថា៖ «នាងហាការ ជាស្រីបំរើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។   9  ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្តាប់បង្គាប់គាត់ទៅ»។   10  ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើអោយពូជពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។   11  ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសំរាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតព្រះអម្ចាស់បានឮសំរែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។   12  កូននេះប្រៀបបានទៅនឹងលាព្រៃ វានឹងវាយមនុស្សទាំងអស់ ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។ វានឹងរស់នៅដាច់ដោយឡែកពីបងប្អូនរបស់វា»។   13  នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ដែលមានព្រះបន្ទូលមកនាងថា "ព្រះអង្គជាអែលរ៉ូអ៊ី" ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះមុនខ្ញុំបានឃើញព្រះអង្គ»។   14  ហេតុនេះ ហើយបានជាគេដាក់ឈ្មោះអណ្តូងទឹកនោះថា"អណ្តូងឡាហាយរយ"។ អណ្តូងនោះស្ថិតនៅចន្លោះភូមិកាដែស និង ភូមិបារ៉ែដ។   15  នាងហាការសំរាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា "អ៊ីស្មាអែល"។   16  នៅពេលដែលនាងហាការបង្កើតអ៊ីស្មាអែលជូនលោកនោះ លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។