1 លោកអាប់រ៉ាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិប ជាមួយភរិយា និង អ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។ 2 លោកអាប់រ៉ាមមានហ្វូងសត្វ និង មានមាសប្រាក់ជាច្រើន។ 3 លោកបានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេតអែលជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេតអែល និង ក្រុងអៃ 4 គឺនៅកន្លែងដែលលោកបាន សង់អាសនៈមួយកាលពីមុន។ លោកក៏គោរពបំរើព្រះនាមព្រះអម្ចាស់នៅទីនោះ។ 5 លោកឡុតដែលមកជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀមហ្វូងគោ និង មានជំរំជាច្រើនដែរ។ 6 ស្រុកនោះពុំមានលទ្ធភាពអោយលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើអោយរស់នៅជាមួយគ្នាមិនកើត។ 7 ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និង ពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និង ជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។ 8 លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំអោយមានជម្លោះរវាងអ៊ំ និង ក្មួយឬរវាងពួកគង្វាលរបស់អ៊ំ និង ពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9 មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ ហើយបើក្មួយទៅខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ 10 លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និង ក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ 11 លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសំរាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។ 12 លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណាន រីឯលោកឡុតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។ 13 អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។ 14 ក្រោយពេលលោកឡុតបែកចេញពីលោកអាប់រ៉ាមទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និង ទិសខាងត្បូង ទិសខាងកើត និង ទិសខាងលិចទៅ! 15 ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនេះ អោយអ្នក និង អោយពូជពង្សរបស់អ្នករហូតតទៅ។ 16 យើងនឹងធ្វើអោយពូជពង្សរបស់អ្នកកើនចំនួនច្រើន ដូចធូលីដីគ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។ 17 ចូរក្រោកឡើងដើរអោយសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់អោយអ្នកហើយ»។ 18 លោកអាប់រ៉ាមរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះលោកបានសង់អាសនៈមួយសំរាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។