1 នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសំដី តែមួយ។ 2 ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយ ក្នុងស្រុកស៊ីណើរ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។ 3 គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និង ប្រើជ័រខ្មៅជាបាយអ។ 4 បន្ទាប់មកគេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និង ប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃដើម្បីអោយយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។ 5 ព្រះអម្ចាស់យាងចុះមកទតមើលទីក្រុង និង ប្រាសាទដែលមនុស្សលោកបានសង់ 6 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើតគេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀតតាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។ 7 ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំអោយគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ 8 ព្រះអម្ចាស់ក៏ធ្វើអោយគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ 9 ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា"បាបិល" ដ្បិតនៅទីនោះហើយ ដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើអោយមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។ 10 នេះជាបញ្ជីរាយនាមកូនចៅរបស់លោកសិម។ ពេលលោកសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំលោកបង្កើតបានអើប៉ាក់សាឌ។ 11 ក្រោយកំណើតអើប៉ាក់សាឌ លោកសិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 12 ពេលលោកអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ លោកបង្កើតបានសេឡា។ 13 ក្រោយកំណើតសេឡា លោកអើប៉ាក់សាឌរស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 14 ពេលលោកសេឡាអាយុសាមសិបឆ្នាំ លោកបង្កើតបានហេប៊ើរ។ 15 ក្រោយកំណើតហេប៊ើរ លោកសេឡារស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 16 ពេលេលាកហេប៊ើរអាយុសាមសិបបួនឆ្នាំ លោកបង្កើតបានផាលេក។ 17 ក្រោយកំណើតផាលេក លោកហេប៊ើររស់បានបួនរយសាមសិបឆ្នាំទៀតហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 18 ពេលលោកផាលេកអាយុសាមសិបឆ្នាំ លោកបង្កើតបានរេហ៊ូវ។ 19 ក្រោយកំណើតរេហ៊ូវ លោកផាលេករស់បានពីររយប្រាំបួនឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 20 ពេលលោករេហ៊ូវអាយុសាមសិបពីរឆ្នាំ លោកបង្កើតបានសេរូក។ 21 ក្រោយកំណើតសេរូក លោករេហ៊ូវរស់បានពីររយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 22 ពេលលោកសេរូកអាយុសាមសិបឆ្នាំ លោកបង្កើតបានណាឃរ។ 23 ក្រោយកំណើតណាឃរ លោកសេរូករស់បានពីររយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 24 ពេលលោកណាឃរអាយុម្ភៃប្រាំបួនឆ្នាំ លោកបង្កើតបានថេរ៉ា។ 25 ក្រោយកំណើតថេរ៉ា លោកណាឃររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 26 ពេលលោកថេរ៉ាអាយុចិតសិបឆ្នាំលោកបង្កើតបានអាប់រ៉ាម ណាឃរ និង ហារ៉ាន។ 27 នេះជាបញ្ជីរាយនាម កូនចៅលោកថេរ៉ា។ លោកថេរ៉ាបង្កើតលោកអាប់រ៉ាន លោកណាឃរ និង លោកហារ៉ាន។ លោកហារ៉ានបង្កើតឡុត។ 28 លោកហារ៉ានបានទទួលមរណភាព នៅក្រុងអ៊ើរនៃស្រុកខាល់ដេ ជាស្រុកកំណើតរបស់លោក ក្នុងពេលលោកថេរ៉ានៅរស់នៅឡើយ។ 29 លោកអាប់រ៉ាម និង លោកណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់លោកអាប់រ៉ាម ឈ្មោះនាងសារ៉ាយ រីឯភរិយារបស់លោកណាឃរ ឈ្មោះនាងមីលកា ជាកូនរបស់លោកហារ៉ានដែលត្រូវជាឪពុករបស់មីលកា និង យីសកា។ 30 នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។ 31 លោកថេរ៉ាបាននាំលោកអាប់រ៉ាមជាកូន និង លោកឡុតដែលជាកូនរបស់លោកហារ៉ាន ហើយត្រូវជាចៅរបស់លោកព្រមទាំងនាំនាងសារ៉ាយ ជាកូនប្រសារស្រី ដែលត្រូវជាភរិយារបស់លោកអាប់រ៉ាម កូនប្រុសរបស់លោកចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ នៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកលោកបាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។ 32 លោកថេរ៉ារស់បានពីររយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ។