1 «ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ក្រុមបូជាចារ្យ និង ក្រុមលេវីមិនបានញែកខ្លួនចេញពីជាតិសាសន៍នានាដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេតជនជាតិពេរីស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូនជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និង ជនជាតិអាម៉ូរី។ 2 ពួកគេ និង កូនប្រុសរបស់គេបានយកកូនស្រីរបស់ជនជាតិទាំងនោះ មកធ្វើជាប្រពន្ធជាហេតុធ្វើអោយជាតិដ៏វិសុទ្ធលាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និង ពួកគ្រប់គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ"។ 3 ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និង សម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និង បោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។ 4 អស់អ្នកដែលខ្លាចព្រះនៃជនជាតិអ៊ីស្រាអែលដាក់ទោសជនជាតិយូដាជាប់ជាឈ្លើយ ដែលត្រឡប់មកវិញហើយប្រព្រឹត្តអំពើក្បត់បែបនេះ ក៏នាំគ្នាមកអង្គុយជុំវិញខ្ញុំដែរ។ ខ្ញុំអង្គុយបែបនេះ រហូតដល់ពេលថ្វាយតង្វាយល្ងាច។ 5 លុះដល់ពេលថ្វាយតង្វាយល្ងាចខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និង ពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះហើយលើកដៃឆ្ពោះទៅរកព្រះអម្ចាស់ ជាព្រះនៃខ្ញុំ 6 ដោយទូលអង្វរថា៖ «ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយ ទូលបង្គំខ្មាសមិនហ៊ានសម្លឹងទៅរកព្រះអង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃ ដែរ។ 7 តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃយើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាព្រះអង្គប្រគល់យើងខ្ញុំ ស្តេចរបស់យើងខ្ញុំ និង បូជាចារ្យរបស់យើងខ្ញុំទៅក្នុងកណ្តាប់ដៃស្តេចរបស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវកៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើអោយយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។ 8 ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ បានសំដែងព្រះហឫទ័យប្រណីសន្តោសមកលើយើងខ្ញុំ ដោយប្រោសប្រទានអោយប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ។ ទោះបីយើងធ្លាក់ខ្លួនជាទាសករក្តីក៏ព្រះនៃយើងខ្ញុំប្រោសអោយយើងខ្ញុំបានភ្លឺភ្នែក និង អោយយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ។ 9 យើងខ្ញុំជាទាសករមែន ប៉ុន្តែព្រះនៃយើងខ្ញុំ ពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសំដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភ័ក្ត្រស្តេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីអោយយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងអោយយើងខ្ញុំមានទីជំរកដ៏រឹងមាំនៅស្រុកយូដា និង ក្រុងយេរូសាឡឹម។ 10 ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើអោយយើងខ្ញុំពោលដូចម្តេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ព្រះអង្គទេ 11 គឺបទបញ្ជាដែលព្រះអង្គប្រទានដល់យើងខ្ញុំ តាមរយៈព្យាការី ជាអ្នកបំរើរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំជាមុនថា "ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។ 12 ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាអោយរៀបការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវអោយកូនប្រុសរបស់អ្នករាល់គ្នារៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និង ចំរុងចំរើនក្តីកុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក អោយកូនចៅរបស់អ្នករហូតតរៀងទៅ"។ 13 ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និង កំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំអោយសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកអោយពួកយើងខ្ញុំមួយចំនួននៅសេសសល់។ 14 យើងខ្ញុំពុំអាចរំលោភលើបទបញ្ជារបស់ព្រះអង្គដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ព្រះអង្គមុខជាព្រះពិរោធទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំអោយវិនាសសូន្យឥតទុកអោយនៅសេសសល់ឡើយ។ 15 បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គជាព្រះដ៏សុចរិតហេតុនេះហើយបានជាព្រះអង្គទុកអោយយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងមានបាប។ ធម្មតាអ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ»។