1 ព្រះចៅដារីយូស បញ្ជាអោយគេស្រាវជ្រាវឯកសាររាជទ្រព្យដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។ 2 គេរកឃើញក្រាំងមួយ នៅអាក់មេថាជាក្រុងដែលមានកំពែងរឹងមាំនៃអាណាខេត្តមេឌី។ ក្នុងក្រាំងនោះមានចែងដូចតទៅ៖ «កំណត់ហេតុ: 3 នៅឆ្នាំទីមួយ នៃរជ្ជកាលព្រះចៅស៊ីរូសស្តេចបានចេញរាជបញ្ជាមួយ ស្តីអំពីព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម។ ត្រូវសង់ព្រះដំណាក់ឡើងវិញ នៅលើគ្រឹះចាស់ទុកជាកន្លែងថ្វាយយញ្ញបូជា។ ព្រះដំណាក់នេះត្រូវមានកំពស់ហុកសិបហត្ថ និង ទទឹងហុកសិបហត្ថ។ 4 គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។ 5 គ្រឿងបរិក្ខារអំពីមាស និង ប្រាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ដែលស្តេចនេប៊ូក្នេសារបានរឹបអូសយកពីព្រះវិហារ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅព្រះវិហារនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។ 6 ព្រះចៅដារីយូសផ្ញើរាជសារ ទៅលោកថាថ្នាយជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និង លោកសេថា-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត មានសេចក្តីដូចតទៅ៖ «សុំអស់លោកកុំរវីរវល់នឹងរឿងនេះឡើយ។ 7 ទុកអោយជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញចុះ។ ត្រូវអោយទេសាភិបាល និង ពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដាសង់ព្រះដំណាក់ត្រង់កន្លែងដើម។ 8 សុំអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដាក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកអោយពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។ 9 សុំអស់លោកផ្គត់ផ្គង់អ្វីៗដែលក្រុមបូជាចារ្យនៅក្រុងយេរូសាឡឹម ត្រូវការជារៀងរាល់ថ្ងៃគឺគោបា ចៀមឈ្មោល និង កូនចៀមសំរាប់ជាតង្វាយដុតទាំងមូល ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រមទាំងស្រូវ អំបិលស្រាទំពំាងបាយជូរ និង ប្រេងតាមសំណូមពររបស់ក្រុមបូជាចារ្យកុំបីអាក់ខានឡើយ។ 10 ធ្វើដូច្នេះ ពួកគេអាចថ្វាយតង្វាយដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ ហើយពួកគេទូលអង្វរ សូមអោយព្រះរាជា និង រាជបុត្រមានជន្មាយុយឺនយូរ។ 11 ប្រសិនបើនរណាម្នាក់មិនគោរពតាមសេចក្តីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះបញ្ឈរឡើងសំរាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោរបង់ផង។ 12 សូមអោយព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្តេច ឬ ប្រជាជនណាដែលបំពានលើសេចក្តីសំរេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គនៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះត្រូវតែអនុវត្តតាមជាកំហិត»។ 13 លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និង លោកសេថា-បូសណាយ ព្រមទាំងពួកសហការីនាំគ្នាអនុវត្តតាមរាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងម៉ត់ចត់បំផុត។ 14 ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្តីដែលព្យាការីហាកាយ និង ព្យាការីសាការីជាកូនរបស់លោកអ៊ីដោបានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និង ស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និង ព្រះចៅអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស។ 15 គេបានសង់ព្រះដំណាក់ចប់សព្វគ្រប់នៅថ្ងៃទីបី ខែផល្គុណក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយូស។ 16 ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យក្រុមលេវី និង ប្រជាជននៅសេសសល់ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ដោយអំណរ។ 17 ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និង កូនចៀមចំនួនបួនរយក្បាលមកថ្វាយជាយញ្ញបូជារំដោះបាបសំរាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។ 18 គេបានតែងតាំងក្រុមបូជាចារ្យ តាមឋានៈរបស់ពួកគេព្រមទាំងតែងតាំងពួកលេវីជាក្រុមៗតាមមុខងារ ដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ 19 អស់អ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លងនៅថ្ងៃទីដប់បួនក្នុងខែទីមួយ។ 20 ក្រុមបូជាចារ្យ និង ក្រុមលេវីនាំគ្នាធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ កកូនចៀមនៃពិធីបុណ្យចម្លងសំរាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សំរាប់ក្រុមបូជាចារ្យជាបងប្អូន និង សំរាប់ខ្លួនឯងផ្ទាល់។ 21 ជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លងរួមជាមួយអស់អ្នកដែលផ្តាច់ខ្លួនចេញពីភាពសៅហ្មង របស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលវិញ។ 22 ពួកគេធ្វើពិធីបុណ្យនំបុ័ងឥតមេនេះ អស់រយ:ពេលប្រាំពីរថ្ងៃយ៉ាងសប្បាយ ដ្បិតព្រះអម្ចាស់ប្រទានអោយពួកគេបានពោរពេញដោយអំណរ គឺព្រះអង្គដូរព្រះហប្ញទ័យរបស់ព្រះចៅអធិរាជ អោយមេត្តាចំពោះពួកគេ ដើម្បីលើកទឹកចិត្តពួកគេក្នុងការសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។