1 ព្យាការីហាកាយ និង ព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និង នៅស្រុកយូដា។ 2 គ្រានោះ លោកសូរ៉ូបាបិលជាកូនរបស់លោកសាលធាល និង លោកយេសួរ ជាកូនរបស់លោកយ៉ូសាដាកក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។ 3 គ្រាដដែលនោះលោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និង លោកសេថារ-បូសណាយ ព្រមទាំងសហការីនាំគ្នាមកជួបជនជាតិយូដា ហើយសួរថា៖ «តើនរណាអនុញ្ញាតអោយអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ។ 4 ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះ អោយយើងមក!»។ 5 ប៉ុន្តែ ព្រះជាម្ចាស់តាមការពារអស់ លោកព្រឹទ្ធាចារ្យនៃជនជាតិយូដា។ ក្នុងពេលដែលគេបញ្ជូនសំណុំរឿងថ្វាយព្រះចៅដារីយូស ហើយរង់ចាំចម្លើយវិញនោះ គេមិនបានបញ្ឈប់ការសាងសង់ទេ។ 6 សារដែលលោកថាថ្នាយជាទេសាភិបាល និង លោកសេថារ-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតផ្ញើថ្វាយព្រះចៅដារីយូស 7 មានសេចក្តីដូចតទៅ៖ «សូមថ្វាយចំពោះព្រះចៅដារីយូស សូមព្រះករុណាប្រកបដោយសេចក្តីសុខចំរើន! 8 សូមព្រះករុណាជ្រាបថាយើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ព្រះដំណាក់របស់ព្រះដ៏ប្រសើរឧត្តម។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់ និង យកឈើមកស៊កក្នុងជញ្ជាំងធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចំរើនយ៉ាងឆាប់រហ័សទៀតផង។ 9 យើងខ្ញុំបានសួរពួកព្រឹទ្ធាចារ្យថា "តើនរណាអនុញ្ញាតអោយអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ?"។ 10 យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះយកមកថ្វាយព្រះករុណា។ 11 ពួកគេឆ្លើយមកយើងខ្ញុំថា "ពួកយើងជាអ្នកបំរើរបស់ព្រះនៃស្ថានបរមសុខ និង ផែនដី ពួកយើងសង់ព្រះដំណាក់នេះឡើងវិញ គឺព្រះដំណាក់ដែលស្តេចមួយអង្គដ៏ប្រសើរឧត្តម នៃជនជាតិអ៊ីស្រាអែលបានសង់តាំងពីយូរលង់ណាស់មកហើយ។ 12 ប៉ុន្តែ ដូនតារបស់ពួកយើង បានធ្វើអោយព្រះនៃស្ថានបរមសុខទ្រង់ព្រះពិរោធ ហើយព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា ជាជនជាតិខាល់ដេ និង ជាស្តេចស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានបំផ្លាញព្រះដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។ 13 ប៉ុន្តែ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចស្រុកបាប៊ីឡូន ស្តេចបានបញ្ជាអោយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ។ 14 កាលពីមុនព្រះចៅនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និង ប្រាក់ពីព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមកព្រះចៅស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូនប្រគល់អោយលោកសេសបាសារដែលស្តេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។ 15 ស្តេចក៏បានបង្គាប់អោយលោកយកគ្រឿងបរិក្ខារទាំងនេះទៅដាក់ក្នុងព្រះវិហារក្រុងយេរូសាឡឹមវិញ ហើយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ 16 ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះព្រះដំណាក់របស់ព្រះជាម្ចាស់។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ព្រះដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ"។ 17 ឥឡូវនេះ ប្រសិនបើព្រះករុណាគាប់ព្រះហប្ញទ័យ សូមអោយគេស្រាវជ្រាវក្នុងឯកសាររបស់រាជទ្រព្យនៃស្តេចស្រុកបាប៊ីឡូនដើម្បីបញ្ជាក់ថា ព្រះចៅស៊ីរូសពិតជាបានចេញបញ្ជាអោយសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹមមែនឬយ៉ាងណា រួចសូមព្រះករុណាផ្ញើសេចក្តីសំរេចអំពីរឿងនេះមកយើងខ្ញុំផង»។