1 ពេលលោកអែសរ៉ាក្រាបនៅមុខ ព្រះដំណាក់ព្រះជាម្ចាស់ លោកទូលអង្វរ និង លន់តួបាបទាំងសំរក់ទឹកភ្នែកជនជាតិអ៊ីស្រាអែលជាច្រើន ទាំងប្រុស ទាំងស្រី និង ក្មេងនាំគ្នាមកជុំវិញលោក ហើយយំសោកយ៉ាងខ្លាំង។ 2 ពេលនោះ លោកសេកានាជាកូនរបស់លោកយេហ៊ីអែល និង ជាពូជពង្សរបស់លោកអេឡាំ ជំរាបលោកអែសរ៉ាថា៖«យើងខ្ញុំបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ជនជាតិអ៊ីស្រាអែលនៅតែមានសង្ឃឹម។ 3 យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និង អស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមអោយបានសំរេចតាមក្រឹត្យវិន័យចុះ។ 4 សូមលោកក្រោកឡើង ហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសំរេចកិច្ចការនេះទៅ»។ 5 លោកអែសរ៉ាក្រោកឡើងបង្គាប់មេដឹកនាំក្រុមបូជាចារ្យ និង ក្រុមលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងមូល អោយស្បថ ហើយធ្វើតាមសំណើរបស់លោកសេកានា។ ពួកគេក៏នាំគ្នាស្បថ។ 6 បន្ទាប់មក លោកអែសរ៉ាចាកចេញពីមុខព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់លោកយ៉ូហាណានដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះ លោកមិនព្រមពិសាអាហារ ឬ ទឹកឡើយ ដ្បិតលោកនៅតែសោកសង្រេងដោយសារកំហុសដ៏ធ្ងន់របស់ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ។ 7 បន្ទាប់មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និង ស្រុកយូដា បង្គាប់អោយអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញ នោះជួបជុំគ្នានៅក្រុងយេរូសាឡឹម។ 8 អ្នកណាមិនព្រមមក ក្នុងរយ:ពេលបីថ្ងៃតាមសេចក្តីសំរេចរបស់មេដឹកនាំ និង ព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្តេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។ 9 ក្នុងអំឡុងពេលបីថ្ងៃ ប្រុសៗទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និង បេនយ៉ាមីនមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ នៅថ្ងៃទីម្ភៃក្នុងខែទីប្រាំបួនប្រជាជនទាំងមូលអង្គុយនៅត្រង់ទីធ្លាខាងមុខព្រះដំណាក់របស់ព្រះជាម្ចាស់។ ពួកគេញាប់ញ័រជាខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះ និង ព្រោះតែមានភ្លៀងផង។ 10 លោកបូជាចារ្យអែសរ៉ាក្រោកឈរឡើង ពោលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបានក្បត់ព្រះជាម្ចាស់ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃធ្វើអោយជនជាតិអ៊ីស្រាអែលរឹតតែមានទោស។ 11 ឥឡូវនេះ ចូរលន់តួបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ ចូរញែកខ្លួនចេញពីជាតិសាសន៍ដែលរស់នៅក្នុងស្រុក ព្រមទាំងញែកខ្លួនចេញពីប្រពន្ធរបស់អ្នករាល់គ្នាដែលជាសាសន៍ដទៃផង»។ 12 សហគមន៍ទាំងមូលឆ្លើយតបដោយបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ពិតមែនហើយ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក! 13 ប៉ុន្តែយើងខ្ញុំមានគ្នាច្រើនហើយជារដូវភ្លៀងផងដូច្នេះយើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញ ទៀតកិច្ចការនេះពុំអាចសំរេចក្នុងរយៈពេលមួយថ្ងៃឬ ពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។ 14 សូមអោយមេដឹកនាំរបស់យើងខ្ញុំស្ថិតនៅទីនេះក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលព្រឹទ្ធាចារ្យ និង អ្នកគ្រប់គ្រងក្រុងនីមួយៗបានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះរហូតទាល់តែព្រះពិរោធរបស់ព្រះនៃយើងខ្ញុំបានស្ងប់»។ 15 មានតែលោកយ៉ូណាថានជាកូនរបស់លោកអេសាអែល និង លោកយ៉ាហាសយ៉ា ជាកូនរបស់លោកធឹកវ៉ាប៉ុណ្ណោះដែលជំទាស់នឹងការសំរេចនេះដោយមានការគាំទ្រពីសំណាក់លោកមស៊ូឡាម និង លោកសាប់ថាយ ពីក្រុមលេវី។ 16 ប្រជាជនដែលជាប់ជាឈ្លើយហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះនៅថ្ងៃទីមួយក្នុងខែទីដប់។ 17 នៅថ្ងៃទីមួយ ក្នុងខែទីមួយគេបង្ហើយការពិនិត្យមើលសំណុំរឿងរបស់អស់អ្នកដែលរៀបការនឹងស្ត្រីសាសន៍ដទៃនោះ។ 18 ក្នុងចំណោមក្រុមបូជាចារ្យ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃ មាន : កូនចៅលោកយេសួរកូនចៅលោកយ៉ូសាដាក និង កូនចៅរបស់បងប្អូនគាត់គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និង លោកកេដាលា។ 19 ពួកគេបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយថ្វាយចៀមឈ្មោលមួយជាយញ្ញបូជារំដោះបាប។ 20 បន្ទាប់មកមានកូនចៅលោកអ៊ីមមើរ គឺលោកហាណានី និង លោកសេបាឌា 21 កូនចៅលោកហារីម គឺលោកម៉ាសេយ៉ា លោកអេលីយ៉ា លោកសេម៉ាយ៉ា លោកយេហ៊ីអែល និង លោកអ៊ូស៊ីយ៉ា 22 កូនចៅលោកប៉ាសហ៊ើរ គឺលោកអេលីយ៉ូណៃ លោកម៉ាសេយ៉ា លោកអ៊ីស្មាអែល លោកនេថានេល លោកយ៉ូសាបាដ និង លោកអេឡាសារ។ 23 ក្នុងចំណោមក្រុមលេវី មានលោកយ៉ូសាបាដ លោកស៊ីម៉ៃ លោកកេឡាយ៉ា ហៅកេលីថា លោកពេថាហ៊ីយ៉ា និង លោកអេលាស៊ើរ។ 24 ក្នុងចំណោមក្រុមចំរៀងមានលោក អេលី-យ៉ាស៊ីប។ ក្នុងចំណោមក្រុមយាមទ្វារ មានលោកសាលូមលោកថេលែម និង លោកអ៊ូរី។ 25 ក្នុងចំណោមជនជាតិអ៊ីស្រាអែល :កូនចៅលោកប៉ារ៉ូស មានលោករ៉ាម៉ា លោកយីសយ៉ា លោកម៉ាល់គា លោកមីយ៉ាមីម លោកអេឡាសារ លោកម៉ាល់គា និង លោកបេណាយ៉ា។ 26 កូនចៅលោកអេឡាំ មានលោកម៉ាថានា លោកសាការី លោកយេហ៊ីអែល លោកអាប់ឌី លោកយេរេម៉ុត និង លោកអេលីយ៉ា។ 27 កូនចៅលោកសាធូ មានលោកអេលីយ៉ូណៃ លោកអេលីយ៉ាស៊ីប លោកម៉ាថានា លោកយេរេម៉ុត លោកសាបាដ និង អស៊ីសា។ 28 កូនចៅលោកបេបៃមាន លោកយ៉ូហាណាន លោកហាណានា លោកសាប់បាយ និង លោកអ័តឡាយ។ 29 កូនចៅលោកបានីមាន លោកមស៊ូឡាំ លោកម៉ាលូក លោកអដាយ៉ា លោកយ៉ាស៊ូប លោកស្អាល និង លោករ៉ាម៉ូត។ 30 កូនចៅលោកប៉ាហាត់-ម៉ូអាប់មាន លោកអាដណា លោកកេឡាល លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាថានា លោកបេសាលាល លោកប៊ីនុយ និង លោកម៉ាណាសេ។ 31 កូនចៅលោកហារីមមានលោកអេលាស៊ើរ លោកយីសយ៉ា លោកម៉ាល់គា លោកសេម៉ាយ៉ា លោកស៊ីម្មាន 32 លោកបេនយ៉ាមីនលោកម៉ាលូក និង លោកសេម៉ារីយ៉ា។ 33 កូនចៅលោកហាស៊ូមមាន លោកម៉ាថ្នាយ លោកម៉ាត់ថាត់ថា លោកសាបាដ លោកអេលីផាលេត លោកយេរេម៉ៃ លោកម៉ាណាសេ និង លោកស៊ីម៉ៃ។ 34 កូនចៅលោកបានីមាន លោកម៉ាដាយ លោកអាំរ៉ាមលោកអ៊ូអែល 35 លោកបេណាយ៉ា លោកបេឌីយ៉ា លោកកេលូហ៊ូវ 36 លោកវ៉ានីយ៉ាលោកម្រេម៉ុត លោកអេលីយ៉ាស៊ីប 37 លោកម៉ាថានា លោកម៉ាថ្នាយ លោកយាសាយ 38 លោកបានី លោកប៊ីនុយ លោកស៊ីម៉ៃ 39 លោកសេលេមា លោកណាថាន លោកអដាយ៉ា 40 លោកម៉ាក់ណាដបៃ លោកសាសៃ លោកសារ៉ៃ 41 លោកអសារាល លោកសេលេមា លោកសេម៉ារីយ៉ា 42 លោកសាលូម លោកអម៉ារា និង លោកយ៉ូសែប។ 43 កូនចៅលោកនេបូ មានលោកយីអែល លោកម៉ាធិធា លោកសាបាដ លោកសេប៊ីណា លោកយ៉ាដៃ លោកយ៉ូអែល និង លោកបេណាយ៉ា។ 44 អ្នកទាំងនេះបានរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយមួយចំនួន មានកូនទៀតផង។