1 ក្នុងឆ្នាំទីមួយ នៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហប្ញទ័យព្រះចៅស៊ីរូស អោយចេញសេចក្តីប្រកាស និង រាជក្រឹត្យ ក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមា មានសេចក្តីដូចតទៅ៖ 2 «ព្រះចៅស៊ីរូស ជាស្តេចស្រុកពែរ្សមានរាជឱង្ការដូចតទៅ : ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកអោយយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាអោយយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹមក្នុងស្រុកយូដាថ្វាយព្រះអង្គ។ 3 ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមអោយអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមអោយព្រះរបស់គេ គង់នៅជាមួយគេ។ 4 ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្តល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និង សត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹមផង»។ 5 ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និង កុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្តនាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ 6 អ្នកជិតខាងរបស់ពួកគេ យករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និង វត្ថុដ៏មានតម្លៃគ្រប់យ៉ាង មកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។ 7 គ្រឿងបរិក្ខារផ្សេងៗនៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះចៅនេប៊ូក្នេសារឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ព្រះចៅស៊ីរូសប្រគល់មកវិញ។ 8 ព្រះចៅស៊ីរូសបញ្ជាអោយលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារជាមេដឹកនាំរបស់ជនជាតិយូដា។ 9 គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ : ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់កាំបិតចំនួនម្ភៃប្រាំបួន 10 ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និង វត្ថុផ្សេងៗទៀតចំនួនមួយពាន់។ 11 សរុបទាំងអស់វត្ថុធ្វើពីមាស និង ប្រាក់មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយនៅពេលជនជាតិអ៊ីស្រាអែល ដែលជាប់ជាឈ្លើយចាកចេញពីក្រុងបាប៊ីឡូនវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។