KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖   2  «កូនមនុស្សអើយ! ចូរបែរមុខទៅរកភ្នំនៅស្រុកអ៊ីស្រាអែល ហើយថ្លែងពាក្យយើងអោយគេស្តាប់។   3  ចូរពោលថា : ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ភ្នំតូចធំ ព្រមទាំងជ្រោះ និង ជ្រលងភ្នំទាំងអស់ដូចតទៅ "យើងមកដល់ហើយ យើងធ្វើអោយសង្គ្រាមកើតមានដល់អ្នករាល់គ្នា យើងនឹងកំទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់អ្នករាល់គ្នា។   4  អាសនៈរបស់អ្នករាល់គ្នានឹងត្រូវអន្តរាយ ហើយកន្លែងដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា ក៏ត្រូវបាក់បែកអស់ដែរ។ យើងនឹងធ្វើអោយអ្នករាល់គ្នាមួយចំនួនធំ ដួលស្លាប់នៅមុខព្រះក្លែងក្លាយទាំងនោះ។   5  យើងនឹងយកសាកសពជនជាតិអ៊ីស្រាអែល ដាក់នៅមុខរូបព្រះក្លែងក្លាយរបស់ខ្លួន ហើយយើងធ្វើអោយឆ្អឹងរបស់អ្នករាល់គ្នា នៅរាយប៉ាយជុំវិញអាសនៈរបស់អ្នករាល់គ្នា។   6  គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ ក្រុងរបស់អ្នករាល់គ្នានឹងត្រូវវិនាស ទីសក្ការៈរបស់អ្នករាល់គ្នានឹងត្រូវហិនហោច អាសនៈរបស់អ្នករាល់គ្នាក៏នឹងត្រូវវិនាសអន្តរាយដែរ រូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នានឹងត្រូវបាក់បែក ហើយរលាយសូន្យកន្លែងដែលអ្នករាល់គ្នា ដុតគ្រឿងក្រអូបមុខជាត្រូវរលំ រីឯព្រះដែលជាស្នាដៃរបស់អ្នករាល់គ្នាក៏ត្រូវរលាយបាត់អស់ទៅដែរ។   7  មានប្រជាជនមួយចំនួនក្នុងចំណោមអ្នករាល់គ្នានឹងដួលស្លាប់ ពេលនោះទើបអ្នករាល់គ្នាដឹងថាយើងពិតជាព្រះអម្ចាស់មែន។   8  ប៉ុន្តែ យើងនឹងទុកអ្នករាល់គ្នាមួយចំនួនអោយនៅសេសសល់ អ្នកទាំងនោះនឹងគេចផុតពីមុខដាវ ហើយទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។   9  ពេលរស់នៅក្នុងចំណោមប្រជាជាតិនានា ប្រជាជនដែលនៅសេសសល់ទាំងនោះនឹងនឹកឃើញយើង។ យើងធ្វើអោយពួកគេក្រំគ្រាចិត្ត ព្រោះពួកគេបានប្រព្រឹត្តអំពើផិតក្បត់ ងាកចេញឆ្ងាយពីយើងទៅចាប់ចិត្តលើព្រះក្លែងក្លាយ។ ពួកគេនឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត ដោយគោរពបំរើព្រះគួរស្អប់ខ្ពើម។   10  ពួកគេនឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ យើងមិនមែននិយាយឥតបានការទេ គឺយើងដាក់ទោសពួកគេ តាមពាក្យរបស់យើង"។   11  ព្រះជាអម្ចាស់មានព្រះបន្ទូលថា "ចូរគក់ទ្រូង និង ទន្ទ្រាំជើង ទាំងស្រែកយំសោកស្តាយ ព្រោះតែអំពើអាក្រក់ថោកទាបដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ត។ ពួកគេនឹងស្លាប់ដោយមុខដាវដោយទុរ្ភិក្ស និង ដោយជំងឺរាតត្បាត។   12  អ្នកនៅឆ្ងាយនឹងស្លាប់ដោយជំងឺរាតត្បាត អ្នកនៅជិតនឹងស្លាប់ដោយមុខដាវអ្នកដែលនៅសេសសល់ ហើយត្រូវខ្មាំងឡោមព័ទ្ធនឹងស្លាប់ដោយទុរ្ភិក្ស។ យើងនឹងដាក់ទោសពួកគេរហូតចប់ចុងចប់ដើម តាមកំហឹងរបស់យើង។   13  ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈនៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំក្រោមដើមឈើខៀវខ្ចី និង ក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន។   14  យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើអោយស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះទើបពួកគេទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន"»។