1 បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់វិញ។ នៅទីនោះ ខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្តាំព្រះដំណាក់កាត់តាមខាងត្បូងអាសនៈ។ 2 បុរសនោះនាំខ្ញុំចេញពីទីលានតាមខ្លោងទ្វារខាងជើង ហើយនាំខ្ញុំដើរវាងព្រះដំណាក់រហូតដល់ខាងក្រៅទ្វារខាងកើត។ នៅទីនោះ ទឹកក៏ហូរចេញពីខាងស្តាំមកដែរ។ 3 កាលបុរសនោះចេញទៅខាងកើត ទាំងកាន់ខ្សែរង្វាស់លោកវាស់មួយពាន់ហត្ថ រួចអោយខ្ញុំដើរលុយទឹក ទឹកឡើងដល់ត្រឹមភ្នែកគោល។ 4 លោកវាស់មួយពាន់ហត្ថទៀត ហើយអោយខ្ញុំដើរលុយទឹកទឹកឡើងដល់ត្រឹមក្បាលជង្គង់។ លោកវាស់មួយពាន់ហត្ថសាជាថ្មីទៀត រួចអោយខ្ញុំលុយទឹកលើកនេះទឹកឡើងដល់ត្រឹមចង្កេះ។ 5 លោកវាស់ថែមមួយពាន់ហត្ថទៀត ពេលនោះ ទឹកហូរខ្លាំងដូចទឹកស្ទឹង ខ្ញុំលុយលែងកើត ត្រូវតែហែលព្រោះទឹកឡើងខ្លាំងពេក ហើយជ្រៅផង។ 6 លោកប្រាប់ខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញឬទេ?» លោកក៏នាំខ្ញុំទៅមាត់ស្ទឹងវិញ។ 7 កាលខ្ញុំមកដល់មាត់ស្ទឹង ឃើញមានដើមឈើជាច្រើនដុះទាំងសងខាង។ 8 លោកប្រាប់ខ្ញុំថា៖ «ទឹកនេះហូរទៅស្រុកខាងកើត ចុះទៅដល់តំបន់ទន្លេយ័រដាន់ រួចហូរចាក់ទៅសមុទ្រធ្វើអោយទឹកសមុទ្រប្រែជាទឹកសាប។ 9 ស្ទឹងនេះហូរកាត់កន្លែងណា កន្លែងនោះមានសត្វគ្រប់ប្រភេទរស់នៅរវើករវ័ណ្ឌ ហើយមានត្រីដ៏ច្រើនឥតគណនា ដ្បិតទឹកនេះហូរចូលសមុទ្រ ធ្វើអោយទឹកសមុទ្រនោះប្រែទៅជាទឹកសាប។ ទឹកនេះហូរទៅកន្លែងណា ជីវិតនឹងកើតមាននៅកន្លែងនោះ។ 10 ពេលនោះមានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌីរហូត ដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។ 11 រីឯទឹកនៅតាមព្រៃល្បប់ និង ព្រៃរនាមជាប់នឹងសមុទ្រនោះ នៅតែប្រៃដដែល ព្រោះជាកន្លែងបំរុងទុកសំរាប់ធ្វើអំបិល។ 12 នៅតាមមាត់ស្ទឹងទាំងសងខាង មានដើមឈើស៊ីផ្លែគ្រប់មុខដុះ ស្លឹកវាមិនចេះស្រពោនឡើយ ហើយផ្លែក៏មិនចេះអស់ដែរ។ រៀងរាល់ខែ ដើមឈើទាំងនោះផ្តល់ផ្លែថ្មីមិនដាច់ ដ្បិតវាទទួលទឹកដែលហូរចេញពីទីសក្ការៈមក។ គេបេះផ្លែឈើនេះធ្វើជាអាហារ ហើយយកស្លឹកវាធ្វើជាថ្នាំសង្កូវសំរាប់កែរោគផង»។ 13 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវបែងចែកទឹកដីអោយកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលដូចតទៅ : កូនចៅយ៉ូសែបទទួលពីរចំណែក។ 14 ក្រៅពីនោះ អ្នករាល់គ្នាត្រូវបែងចែកអោយស្មើ គឺស្របតាមពាក្យដែល យើងបានសន្យាយ៉ាងឱឡារិកថានឹងប្រគល់អោយដូនតារបស់អ្នករាល់គ្នា។ ដូច្នេះ ទឹកដីនេះត្រូវបានជាកេរមត៌ករបស់អ្នករាល់គ្នា។ 15 ព្រំស្រុករបស់អ្នករាល់គ្នាមានដូចតទៅ: ខាងជើងត្រូវគិតពីសមុទ្រមេឌីទែរ៉ាណេ ផ្លូវទៅហេតឡូនរហូតដល់ច្រកចូលសេដាត 16 ហាម៉ាត់បេរ៉ូថាស៊ីបរ៉ែមដែលនៅចន្លោះព្រំដែនដាម៉ាស់ និង ព្រំដែនហាម៉ាត់ហាសា-ហាទីកុន នៅព្រំដែនហារ៉ុន។ 17 ដូច្នេះព្រំដែនខាងជើងត្រូវលាតសន្ធឹងចាប់ពីសមុទ្រ កាត់តាមហាសា-អេណាន ព្រំប្រទល់ដាម៉ាស សាផូនខាងជើង និង ព្រំប្រទល់ស្រុកហាម៉ាត់។ 18 ព្រំដែនខាងកើត គឺទន្លេយ័រដាន់ នៅចន្លោះហាវរ៉ុន ដាម៉ាស់ និង កាឡាដព្រមទាំងស្រុកអ៊ីស្រាអែល។ ព្រំដែនខាងកើតនេះ ត្រូវវាស់ចាប់ពីព្រំប្រទល់ខាងជើង រហូតដល់សមុទ្រខាងកើត។ 19 ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបានៅវាលរហោស្ថានកាដែស និង រហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ 20 ព្រំដែនខាងលិច គឺសមុទ្រមេឌីទែរ៉ាណេដោយគិតចាប់តាំងពីព្រំប្រទល់ខាងត្បូង រហូតទៅដល់ច្រកចូលហាម៉ាត់។ 21 ត្រូវចែកទឹកដីគ្នាតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល។ 22 ត្រូវបែងចែកដីនេះជាចំណែកមត៌កដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រាអែលដែរ គឺអោយគេចាប់ឆ្នោតទទួលដីជាចំណែកមត៌កជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលដែរ។ 23 ដូច្នេះជនបរទេសស្នាក់ជាមួយកុលសម្ព័ន្ធណា ត្រូវចែកដីអោយគេក្នុងកុលសម្ព័ន្ធនោះទុកជាចំណែកមត៌កផង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។