KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 39 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងស្តេចកុកថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និង ទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ!   2  យើងនឹងបង្ខំអ្នកហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។   3  យើងនឹងវាយបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជំរុះព្រួញពីដៃស្តាំរបស់អ្នក។   4  អ្នក និង ទាហានព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រាអែលក្លាយទៅជាចំណីរបស់សត្វសាហាវត្មាត និង សត្វព្រៃគ្រប់ប្រភេទ។   5  អ្នកនឹងដួលស្លាប់នៅតាមទីវាល ដូចយើងបានថ្លែងទុកស្រាប់- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   6  យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និង នៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា ហើយពួកគេនឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់។   7  យើងនឹងធ្វើអោយអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនបណ្តោយអោយពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតហើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។   8  មើល៍ ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុកកំពុងតែសំរេចជារូបរាងហើយ- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   9  ពេលនោះ ប្រជាជនរបស់ក្រុងនានានៃស្រុកអ៊ីស្រាអែលនឹងនាំគ្នាចេញទៅដុតកំទេចគ្រឿងអាវុធ និង ខែលតូចធំ ព្រមទាំងស្ន និង លំពែង។ ពួកគេប្រើគ្រឿងសាស្ត្រាវុធទាំងនោះសំរាប់ដុតអស់រយៈពេលប្រាំពីរឆ្នាំ   10  គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសាស្ត្រាវុធទាំងនោះដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិពីអស់អ្នកដែលបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ នោះមកវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   11  នៅថ្ងៃនោះ យើងនឹងប្រគល់កន្លែងមួយក្នុងស្រុកអ៊ីស្រាអែល សំរាប់បញ្ចុះសពស្តេចកុក គឺនៅជ្រលងភ្នំអ្នកដំណើរដែលស្ថិតនៅខាងកើតសមុទ្រ។ គេនឹងបញ្ចុះសពស្តេចកុក និង ពលទ័ពដ៏ច្រើនរបស់ខ្លួននៅទីនោះហើយឃាំងផ្លូវអ្នកដំណើរមិនអោយឆ្លងកាត់តាមនោះទៀត។ គេនឹងដាក់ឈ្មោះជ្រលងភ្នំនោះថា"ជ្រលងភ្នំកងពលស្តេចកុក"។   12  កូនចៅអ៊ីស្រាអែលនឹងចំណាយពេលប្រាំពីរ ខែសំរាប់បញ្ចុះសពពួកគេ ដើម្បីជំរះស្រុកអោយបានបរិសុទ្ធ។   13  ប្រជាជនទាំងមូលនៅក្នុងស្រុកនឹងបញ្ចុះសពពួកគេ ហើយនៅថ្ងៃយើងសំដែងសិរីរុងរឿងប្រជាជនទាំងនោះនឹងខ្ពស់មុខ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   14  គេនឹងយកមនុស្សមួយចំនួនទុក ដោយឡែកសំរាប់ចំណាយពេលទាំងស្រុងធ្វើដំណើរឆ្លងកាត់ស្រុក។ អ្នកទាំងនោះប្រមូលសាកសពដែលនៅសល់ក្នុងស្រុកយកទៅបញ្ចុះ ដោយមានអ្នកដំណើរជួយផង។ ពួកគេចំណាយពេលប្រាំពីរខែ ប្រមូលសាកសពដើម្បីជំរះទឹកដីអោយបានបរិសុទ្ធ។   15  ពេលអ្នកទាំងនោះធ្វើដំណើរឆ្លងកាត់ស្រុក បើមាននរណាម្នាក់ឃើញឆ្អឹងខ្មោច គេដាក់ថ្មចំណាំនៅក្បែរនោះ ទុកអោយពួកអ្នកជីករណ្តៅមកប្រមូលទៅកប់នៅ"ជ្រលងភ្នំកងពលស្តេចកុក"។   16  "កងពល"ក៏ជាឈ្មោះរបស់ក្រុងមួយដែរ។ នេះជារបៀបដែលគេជំរះស្រុក។   17  ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និង សត្វព្រៃទាំងអស់ថា "ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីយញ្ញបូជារបស់យើង គឺពិធីយញ្ញបូជាយ៉ាងធំដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រាអែល សំរាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   18  អ្នករាល់គ្នានឹងស៊ីសាច់របស់ទាហានដ៏អង់អាច ហើយផឹកឈាមរបស់មេដឹកនាំទាំងឡាយនៅលើផែនដី ដែលយើងធ្វើយញ្ញបូជាជំនួសចៀមឈ្មោល កូនចៀមពពែឈ្មោល និង គោបាបំប៉ននៅស្រុកបាសាន។   19  ក្នុងពេលយើងធ្វើយញ្ញបូជា សំរាប់អ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគសាច់ដ៏ល្អៗរហូតដល់ឆ្អែតឆ្អន់ អ្នករាល់គ្នាផឹកឈាមរហូតដល់ស្រវឹង។   20  ក្នុងពិធីជប់លៀងរបស់យើងអ្នករាល់គ្នានឹងស៊ីសាច់សេះស៊ីសាច់ទាហានទ័ពសេះ ទាហានដ៏អង់អាច និង អ្នកចំបាំងទាំងប៉ុន្មាន "- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   21  យើងនឹងសំដែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេដោយដៃរបស់យើងផ្ទាល់។   22  ចាប់ពីថ្ងៃនោះតទៅអនាគត កូនចៅអ៊ីស្រាអែលនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ។   23  ប្រជាជាតិទាំងឡាយនឹងទទួលស្គាល់ថា កូនចៅអ៊ីស្រាអែលត្រូវខ្មាំងកៀរទៅជាឈ្លើយដូច្នេះ ព្រោះតែពួកគេបានប្រព្រឹត្តអំពើបាប និង ក្បត់ចិត្តយើង។ ហេតុនេះហើយបានជាយើងលែងរវីរវល់នឹងពួកគេ យើងបានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់បច្ចាមិត្ត ដើម្បីអោយអ្នកទាំងនោះប្រហារជីវិតពួកគេទាំងអស់ដោយមុខដាវ។   24  យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និង អំពើទុច្ចរិតរបស់ពួកគេយើងលែងរវីរវល់នឹងពួកគេទៀតហើយ»។   25  ព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ឥឡូវនេះយើងនឹងស្តារស្រុកយូដាឡើងវិញ យើងនឹងមានចិត្តអាណិតអាសូរដល់កូនចៅអ៊ីស្រាអែលទាំងមូល ហើយយើងមិនទុកអោយនាមដ៏វិសុទ្ធរបស់យើងនៅអាប់អោនដូច្នេះឡើយ។   26  ពេលនោះពួកគេនឹងលែងនឹកឃើញភាពអាម៉ាស់ និង ការមិនស្មោះត្រង់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តចំពោះយើង ហើយពួកគេនឹងរស់នៅក្នុងស្រុកដោយសុខសាន្ត ឥតមាននរណាធ្វើទុក្ខពួកគេឡើយ។   27  យើងនឹងសំដែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និង ប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។   28  ពេលនោះ មនុស្សម្នានឹងដឹងថាយើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ យើងបានបំបរបង់ពួកគេ ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយយើងក៏បានប្រមូលផ្តុំពួកគេ អោយមកនៅលើទឹកដីរបស់ខ្លួនវិញដែរ គឺយើងមិនបោះបង់ចោលនរណាម្នាក់ក្នុងស្រុកដទៃឡើយ។   29  យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើកូនចៅអ៊ីស្រាអែល» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។