1 នៅឆ្នាំទីដប់ ថ្ងៃទីដប់ពីរ ខែទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ ៖ 2 «កូនមនុស្សអើយ ចូរបែរមុខទៅរកផារ៉ោន ស្តេចស្រុកអេស៊ីប ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងស្តេចនោះព្រមទាំងប្រជាជនអេស៊ីបទាំងមូលទៅ! 3 ចូរប្រកាសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ :ផារ៉ោនជាស្តេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសំបើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នកអ្នកបានបង្កើតទន្លេនេះ។ 4 យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។ 5 យើងនឹងបោះអ្នក ជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោស្ថាន។ អ្នកនឹងធ្លាក់ទៅលើដី នៅទីវាល គ្មាននរណារវីរវល់នឹងសាកសពអ្នកឡើយ។ យើងនឹងប្រគល់អ្នកទៅអោយសត្វព្រៃ និង ត្មាតធ្វើជាអាហារ។ 6 ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ដ្បិតពួកគេប្រៀបដូចជាដើមត្រែងដែលកូនចៅអ៊ីស្រាអែលយកធ្វើជាបង្អែក។ 7 នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ហើយធ្វើអោយពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើអោយពួកគេថ្លោះចង្កេះ»។ 8 ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មើល៍យើងនឹងធ្វើអោយស្រុកអ្នកកើតសង្គ្រាម យើងនឹងដកជីវិតទាំងមនុស្សទាំងសត្វនៅក្នុងស្រុកអ្នក។ 9 ស្រុកអេស៊ីបនឹងត្រូវហិនហោច ក្លាយជាគំនរបាក់បែក ហើយគេនឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់។ ដោយអ្នកពោលថាទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ 10 យើងនឹងដាក់ទោសអ្នក ព្រមទាំងទន្លេរបស់អ្នក។ យើងនឹងបំផ្លាញស្រុកអេស៊ីប អោយក្លាយទៅជាគំនរបាក់បែកនិង ជាទីស្មសានចាប់តាំងពីក្រុងមីគដូលរហូតដល់ក្រុងស៊ីយេន និង ព្រំប្រទល់ស្រុកអេត្យូពី។ 11 គ្មានដានជើងមនុស្ស ឬ ដានជើងសត្វណាមួយដើរកាត់ស្រុកនោះទៀតឡើយ ហើយទឹកដីនោះនឹងគ្មាននរណារស់នៅក្នុងអំឡុងពេលសែសិបឆ្នាំ។ 12 ក្នុងរយៈពេលសែសិបឆ្នាំ យើងនឹងធ្វើអោយស្រុកអេស៊ីបក្លាយទៅជាទីស្មសានស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗ។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេអោយទៅប្រទេសនានា»។ 13 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «លុះអំឡុងពេលសែសិបឆ្នាំនោះកន្លងផុតទៅ យើងនឹងប្រមូលជនជាតិអេស៊ីបពីក្នុងចំណោមជាតិសាសន៍នានា ដែលយើងបណ្តេញពួកគេទៅនោះ អោយត្រឡប់មកវិញ។ 14 យើងនឹងស្តារស្រុកអេស៊ីបឡើងវិញ យើងនឹងនាំពួកគេមកនៅស្រុកប៉ាត្រុសជាស្រុកកំណើតរបស់ខ្លួន ហើយពួកគេនឹងប្រមូលផ្តុំគ្នាជានគរមួយដ៏ទន់ខ្សោយ។ 15 ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗគេនឹងលែងត្រួតត្រាលើប្រជាជាតិនានា គឺយើងនឹងធ្វើអោយគេចុះអន់ថយ ដើម្បីកុំអោយគេត្រួតត្រាលើប្រជាជាតិនានាទៀត។ 16 ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងលែងមានបង្អែកដែលទាក់ទាញពួកគេអោយប្រព្រឹត្តអំពើបាប ដោយបែរទៅរកស្រុកអេស៊ីបមកជួយ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។ 17 នៅឆ្នាំទីម្ភៃប្រាំពីរ ថ្ងៃទីមួយ ក្នុងខែទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 18 «កូនមនុស្សអើយ នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានប្រើកងទ័ពរបស់ខ្លួនអោយប្រឹងប្រែងវាយយកក្រុងទីរ៉ុស។ ទាហានបាប៊ីឡូនទាំងអស់ខំប្រឹងរហូតដល់ជ្រុះសក់ និង មានស្នាមរបួសពេញស្មា តែស្តេចស្រុកបាប៊ីឡូន និង កងទ័ពពុំបានទទួលជ័យជំនះ ពីការវាយលុកក្រុងទីរ៉ុសឡើយ។ 19 ហេតុនេះ យើងប្រកាស ក្នុងនាមយើងជាព្រះជាអម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបអោយនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួនស្តេចនេះនឹងរឹបអូសយកទាំងអស់ឥតទុកអោយនៅសល់អ្វីឡើយ។ ស្តេចនឹងយកជ័យភ័ណ្ឌធ្វើជាបៀវត្សរ៍ចែកអោយកងទ័ពរបស់ខ្លួន។ 20 យើងប្រគល់ស្រុកអេស៊ីប អោយនេប៊ូក្នេសាទុកជាកំរៃចំពោះកិច្ចការដែលគេបានធ្វើ ដ្បិតពួកទាហានរបស់ស្តេចនេះ បានធ្វើការអោយយើង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 21 នៅថ្ងៃនោះ យើងនឹងពង្រឹងកម្លាំងជនជាតិអ៊ីស្រាអែល។ រីឯអ្នកវិញ កូនមនុស្សអើយ យើងនឹងអោយអ្នកនិយាយបានពួកគេនឹងឮពាក្យអ្នកហើយទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។