KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 28 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖   2  «កូនមនុស្សអើយចូរប្រាប់ស្តេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : អ្នកមានចិត្តព្រហើនណាស់អ្នកហ៊ានថ្លែងថា "ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្តាលសមុទ្រ!"។ តាមពិតអ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។   3  អ្នកអួតខ្លួនថាមានប្រាជ្ញាជាងដានីយ៉ែល ហើយថា គ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។   4  ដោយសារប្រាជ្ញា និង តំរិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិមាស និង ប្រាក់យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។   5  ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញអោយអ្នកអួតបំប៉ោង!   6  ហេតុនេះហើយបានជា ព្រះជាអម្ចាស់មានព្រះបន្ទូលថា : ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ   7  យើងនឹងនាំជនបរទេស ដែលកាចសាហាវក្នុងចំណោមប្រជាជាតិនានាមក ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នកគេនឹងបន្ទាបបន្ថោក ព្រមទាំងបំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។   8  ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្តៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្តាលសមុទ្រ។   9  នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា "ខ្ញុំជាព្រះ" ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែលគឺមិនមែនជាព្រះទេ។   10  អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងហើយ ដែលប្រកាសការនេះ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   11  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖   12  «កូនមនុស្សអើយ ចូរលើកបទទំនួញអំពីស្តេចក្រុងទីរ៉ុស! ចូរប្រាប់ស្តេចនោះថាព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : អ្នកជាគំរូពេញលក្ខណៈអ្នកពោរពេញទៅដោយប្រាជ្ញាវាងវៃ ព្រមទាំងមានសម្ផស្សយ៉ាងល្អឥតខ្ចោះ។   13  អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹមត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្តៀង ត្បូងនិលរ័ត្នមក៌ត និង មាស។ មានស្គរ និង ខ្លុយនៅចាំលេងកំដអ្នកជាស្រេចតាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។   14  អ្នកជាចេរូប៊ីន ត្រដាងស្លាប ដែលយើងបានតែងតាំងអោយការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើងអ្នកដើរនៅកណ្តាលថ្មដ៏ភ្លឺផ្លេក។   15  ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នក រហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នក អ្នកធ្លាប់តែមានកិរិយាមារយាទល្អឥតខ្ចោះ។   16  ការរីកចំរើននៃជំនួញរបស់អ្នក នាំអោយអ្នកពោរពេញដោយអំពើឃោរឃៅ និង អំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង អោយអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ចេរូប៊ីនដែលជាអ្នកការពារអើយយើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។   17  អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើអោយខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដីយើងធ្វើទោសអ្នកអោយស្តេចនានាឃើញ។   18  អ្នកបានបង្អាប់ទីសក្ការៈរបស់យើង ដោយសារអំពើបាបដ៏ច្រើនឥតគណនា និង ដោយសារជំនួញដ៏ទុច្ចរិតរបស់អ្នក។ យើងនឹងធ្វើអោយមានភ្លើងចេញពីអ្នក ឆេះបន្សុសអ្នកយើងនឹងកំទេចអ្នកអោយទៅជាផេះនៅលើផែនដី ដើម្បីអោយមនុស្សម្នាបានឃើញ។   19  ជាតិសាសន៍នានាដែលស្គាល់អ្នក នឹងងឿងឆ្ងល់ ដោយឃើញអ្នកធ្លាក់ខ្លួន ដូច្នេះ ពួកគេភ័យតក់ស្លុតហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។   20  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖   21  «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ!   22  ត្រូវពោលថា" ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសំរេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់ ហើយយើងនឹងសំដែងអោយអ្នកក្រុងនេះឃើញថាយើងជាព្រះដ៏វិសុទ្ធ។   23  យើងនឹងធ្វើអោយជំងឺរាតត្បាត កើតមាននៅក្នុងទីក្រុង យើងនឹងធ្វើអោយឈាមហូរដាបនៅតាមដងផ្លូវ ខ្មាំងសត្រូវវាយប្រហារពីគ្រប់ទិសទី ធ្វើអោយពួកគេបរាជ័យដួលស្លាប់នៅក្នុងទីក្រុង ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។   24  ក្នុងចំណោមប្រជាជាតិនានាដែលនៅជុំវិញ គ្មាននរណាមាក់ងាយកូនចៅអ៊ីស្រាអែល គឺគ្មាននរណាធ្វើបាបពួកគេអោយឈឺចាប់ដូចមុតបន្លាទៀតឡើយ។ ពេលនោះ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។   25  ព្រះជាអម្ចាស់មានព្រះបន្ទូលថា ៖ « នៅពេលយើងប្រមូលជនជាតិអ៊ីស្រាអែលដែលយើងបានកំចាត់កំចាយទៅក្នុងចំណោមសាសន៍ទាំងឡាយនោះមកវិញ យើងនឹងសំដែងអោយប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ។ ពួកគេនឹងរស់នៅលើទឹកដីរបស់ខ្លួន គឺទឹកដីដែលយើងបានប្រគល់អោយយ៉ាកុប ជាអ្នកបំរើរបស់យើង។   26  ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ»។