KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 21 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖   2  «កូនមនុស្សអើយចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រាអែល!   3  ចូរប្រាប់ទឹកដីអ៊ីស្រាអែលថាព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងប្រឆាំងនឹងអ្នកហើយ !យើងនឹងដកដាវចេញពីស្រោម ប្រហារជីវិតប្រជាជនរបស់អ្នកទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។   4  ដាវរបស់យើងនឹងចេញពីស្រោម ប្រហារជីវិតមនុស្សលោកទាំងអស់ តាំងពីទិសខាងត្បូងរហូតដល់ទិសខាងជើងដ្បិតយើងចង់ដកជីវិត ទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។   5  ពេលនោះមនុស្សលោកទាំងអស់នឹងទទួលស្គាល់ថា គឺយើងជាព្រះអម្ចាស់ ដែលបានដកដាវចេញពីស្រោម ហើយដាវនេះនឹងមិនចូលទៅក្នុងស្រោមវិញឡើយ។   6  កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។   7  ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាលោកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា : ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយមនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នាដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   8  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖   9  កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: មើលនែ៎ ដាវ! គឺដាវដែលគេសំលៀង និង ខាត់យ៉ាងរលោង។   10  គេសំលៀងដាវនេះ សំរាប់ប្រហារជីវិត គេខាត់វាយ៉ាងរលោង ចាំងដូចផ្លេកបន្ទោរ។   11  គេខាត់ដាវយ៉ាងរលោងដូច្នេះ ដើម្បីប្រុងប្រៀបប្រហារ។ ដាវនេះត្រូវបានសំលៀង និង ខាត់យ៉ាងរលោង សំរាប់អោយពេជ្ឈឃាតប្រើប្រាស់   12  កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ! ដ្បិតគេដកដាវនោះ សំរាប់ប្រហារប្រជាជនរបស់យើង និង មេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល។ ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើង ដូច្នេះ ចូរគក់ទ្រូងទៅ!   13  ប្រជាជនរបស់យើង ត្រូវរងទុក្ខវេទនាជាពុំខាន ប្រសិនបើអំណាចត្រូវរលាយបាត់ទៅហើយ នោះតើនៅសល់អ្វីទៀត? - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   14  កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរទះដៃ ជាសញ្ញាប្រកាសថា សត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដង ដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាល និង ដេញតាមពីក្រោយប្រជាជនរបស់យើង   15  ធ្វើអោយពួកគេបាក់ទឹកចិត្ត ហើយដួលស្លាប់បន្តបន្ទាប់គ្នា។ យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់ ដើម្បីសម្លាប់ពួកគេ។ ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរ សំរាប់សម្លាប់រង្គាលពួកគេ។   16  ដាវអើយ ចូរប្រើមុខដ៏មុតរបស់ឯង! ចូរវាត់ទៅខាងស្តាំ វាត់ទៅខាងឆ្វេង! តំរង់ទៅគ្រប់ទិសទី!   17  ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ រហូតទាល់តែស្ងប់កំហឹងរបស់យើង នេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។   18  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ ៖   19  «កូនមនុស្សអើយ ចូរគូរផ្លូវពីរសំរាប់ដាវរបស់ស្តេចស្រុកបាប៊ីឡូនផ្លូវទាំងពីរនេះចេញពីស្រុកតែមួយ។ ចូរដាក់សញ្ញាសំគាល់នៅមាត់ផ្លូវដែលនាំទៅកាន់ទីក្រុងនីមួយៗ។   20  ចូរគូរផ្លូវមួយនាំមុខដាវឆ្ពោះទៅក្រុងរ៉ាបាត ក្នុងស្រុកអាំម៉ូន និង មួយទៀតនាំទៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដាជាក្រុងដែលមានកំពែងរឹងមាំ។   21  ពេលស្តេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅដោយអង្រួនព្រួញផ្សង និង សួរគ្រូ។   22  ដៃស្តាំរបស់ស្តេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្តេចក៏បញ្ជាអោយគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាលទាំងស្រែកហ៊ោ។ គេតំរៀបគ្រឿងសាស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួល សំរាប់វាយលុកព្រមទាំងសង់លេណដ្ឋានទៀតផង។   23  ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែស្តេចស្រុកបាប៊ីឡូនរំលឹកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។   24  ហេតុនេះហើយបានជាព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «អ្នករាល់គ្នានឹកឃើញកំហុសរបស់ខ្លួន ហើយនៅតែប្រព្រឹត្តអំពើទុច្ចរិត និង អំពើបាបក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើអ្នករាល់គ្នាមុខជាធ្លាក់ ទៅក្នុងកណ្តាប់ដៃរបស់សត្រូវមិនខាន។   25  ចំណែកឯអ្នកដែលជាមេដឹកនាំពាល និង ទុច្ចរិតរបស់ជនជាតិអ៊ីស្រាអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោស មកដល់ហើយពេលនោះអ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។   26  ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «គេនឹងយកឆ្នួតចេញពីក្បាលអ្នក គេនឹងដកមកុដរាជ្យចេញពីអ្នក។ សភាពការណ៍នឹងផ្លាស់ប្រែ គឺមនុស្សទន់ទាបនឹងត្រូវគេលើកតម្កើង រីឯអ្នកខ្ពង់ខ្ពស់នឹងត្រូវគេបន្ទាបចុះវិញ។   27  ការវិនាសនឹងកើតមានផ្ទួនៗគ្នាគឺយើងនឹងធ្វើអោយក្រុងនេះវិនាស។ ប៉ុន្តែ មិនមែនមុនការមកដល់របស់អ្នកដែលយើងប្រគល់អំណាចអោយដាក់ទោសក្រុងនេះឡើយ។   28  កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងទៅ! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលស្តីអំពីជនជាតិអាំម៉ូនដែលបានប្រមាថជនជាតិអ៊ីស្រាអែលដូចតទៅ : "ដាវ! ដាវដកចេញពីស្រោម ហើយខាត់យ៉ាងរលោង ចាំងពន្លឺដូចផ្លេកបន្ទោរ សំរាប់សម្លាប់រង្គាល និង ផ្តាច់ជីវិត។   29  ពេលអ្នកអះអាងលើនិមិត្តហេតុបោកប្រាស់ និង ការទស្សន៍ទាយបោកបញ្ឆោតគេ នឹងត្រៀមដាវកាត់កអ្នកដែលជាមនុស្សទុច្ចរិត និង ជាមនុស្សអាក្រក់ ព្រោះថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះអ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។   30  ចូរស៊កដាវក្នុងស្រោមវិញទៅ។ យើងនឹងវិនិច្ឆ័យទោសអ្នក នៅកន្លែងដែលអ្នកកើត គឺស្រុកកំណើតរបស់អ្នក។   31  យើងនឹងជះកំហឹងរបស់យើងលើអ្នក យើងនឹងផ្លុំភ្លើងនៃកំហឹងរបស់យើងទៅលើអ្នក ហើយប្រគល់អ្នកទៅក្នុងកណ្តាប់ដៃរបស់មនុស្សកំរោល ដែលប៉ិនប្រសប់ខាងបំផ្លាញ។   32  អ្នកនឹងវិនាសនៅក្នុងភ្លើងឈាមរបស់អ្នក នឹងដក់នៅក្នុងស្រុក ហើយក៏គ្មាននរណានឹកដល់អ្នកទៀតដែរ។ នេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។