KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 20 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅឆ្នាំទីប្រាំពីរ ថ្ងៃទីដប់នៃខែទីប្រាំ មានអ្នកខ្លះក្នុងចំណោមព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលនាំគ្នាមកសួរព្រះអម្ចាស់ ពួកគេអង្គុយនៅមុខខ្ញុំ។   2  ពេលនោះព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖   3  «កូនមនុស្សអើយ ចូរប្រាប់ព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : "តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងទស្សន៍ទាយអោយឬ? អ្នករាល់គ្នានឹកស្មានថាយើងនឹងផ្តល់ចម្លើយអោយអ្នករាល់គ្នាឬ? យើងជាព្រះដែលមានជីវិតគង់នៅ យើងនឹងមិនផ្តល់ចម្លើយអោយអ្នករាល់គ្នាជាដាច់ខាត"- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   4  កូនមនុស្សអើយចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេអោយដឹងនូវអំពើគួរស្អប់ខ្ពើមដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។   5  ចូរប្រាប់ពួកគេថាព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រាអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់លោកយ៉ាកុប ព្រមទាំងសំដែងអោយពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា"យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា"។   6  នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយដែលយើងជ្រើសរើសសំរាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និង ស្រុកដែលល្អស្អាតជាងគេទាំងអស់។   7  យើងបានប្រាប់ពួកគេថា "ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវអោយខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។   8  ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្តាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើមដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើង រហូតទាល់តែចប់ចុងចប់ដើម។   9  ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំអោយអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយដែលពួកគេរស់នៅជាមួយ។ យើងបានសំដែងអោយជនជាតិអ៊ីស្រាអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះដោយនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។   10  យើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។   11  យើងបានប្រគល់ច្បាប់អោយពួកគេ និង នាំពួកគេអោយស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។   12  យើងក៏តាំងអោយមានថ្ងៃសប្ប័ទ ទុកជាទីសំគាល់សំរាប់យើង និង ពួកគេដើម្បីអោយពួកគេ ទទួលស្គាល់ថាយើងជាព្រះអម្ចាស់ដែលប្រោសពួកគេអោយបានវិសុទ្ធ ។   13  នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រាអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមច្បាប់របស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្តល់ជីវិតអោយអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃសប្ប័ទរបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេ អោយវិនាសសូន្យនៅវាលរហោស្ថានតាមកំហឹងរបស់យើង។   14  ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំអោយអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។   15  នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់អោយពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និង ស្រុកដែលល្អស្អាតជាងគេទាំងអស់។   16  យើងធ្វើដូច្នេះមកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមច្បាប់របស់យើង ព្រមទាំងរំលោភលើថ្ងៃសប្ប័ទរបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។   17  ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកំទេច និង ប្រល័យជីវិតពួកគេអោយវិនាសសូន្យនៅវាលរហោស្ថានទេ។   18  យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា "កុំធ្វើតាមច្បាប់ និង គោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយអោយខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។   19  យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរធ្វើតាមច្បាប់ និង គោរពពាក្យបង្គាប់របស់យើងគឺត្រូវប្រតិបត្តិតាមជានិច្ច។   20  ចូរចាត់ទុកថ្ងៃសប្ប័ទ របស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃសប្ប័ទនេះជាទីសំគាល់ សំរាប់យើង និង អ្នករាល់គ្នា ដើម្បីរំលឹកអោយដឹងថា យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា"។   21  ប៉ុន្តែ អ្នកទាំងនោះបានបះបោរប្រឆាំងនឹងយើងដែរ។ ពួកគេពុំធ្វើតាមច្បាប់របស់យើងទេ ពួកគេក៏ពុំបានគោរព និង ប្រតិបត្តិតាមវិន័យបស់យើង ដើម្បីអោយមានជីវិតដែរ។ ពួកគេរំលោភលើថ្ងៃសប្ប័ទរបស់យើង។ យើងមានបំណងដាក់ទោសពួកគេនៅវាលរហោស្ថាន តាមកំហឹងរបស់យើងទាល់តែអស់ចិត្ត។   22  ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំអោយអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។   23  នៅក្នុងវាលរហោស្ថាននោះយើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកំចាត់កំចាយពួកគេអោយទៅរស់នៅតាមស្រុកនានាទៀតផង   24  ព្រោះពួកគេពុំបានធ្វើតាមបង្គាប់វិន័យរបស់យើងហើយបោះបង់ចោលច្បាប់ និង រំលោភលើថ្ងៃសប្ប័ទរបស់យើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ដូនតាខ្លួន។   25  ហេតុនេះ យើងក៏ប្រគល់ច្បាប់មិនល្អដល់ពួកគេ ហើយអោយពួកគេធ្វើតាមវិន័យដែលពុំផ្តល់អោយពួកគេមានជីវិត។   26  យើងធ្វើអោយពួកគេទៅជាសៅហ្មង ដោយសារតង្វាយរបស់ខ្លួន គឺនៅពេលដែលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់អោយពួកគេវិនាសហិនហោច ដើម្បីអោយពួកគេទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន។   27  ហេតុនេះ កូនមនុស្សអើយ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា "ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : ដូនតារបស់អ្នករាល់គ្នាចេះតែនាំគ្នាប្រមាថយើងដោយក្បត់ចិត្តយើង។   28  យើងនាំពួកគេចូលទៅក្នុងទឹកដីដែលយើងបានលើកដៃសច្ចាថាប្រគល់អោយពួកគេ។ ប៉ុន្តែពួកគេបែរជាផ្តោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្តាលអោយយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និង ច្រួចស្រាសែនព្រះក្លែងក្លាយ។   29  យើងបានសួរពួកគេថា តើទួលខ្ពស់ៗ ជាអ្វីបានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?"។ គេដាក់ឈ្មោះកន្លែងនោះថា"ទីសក្ការៈនៅតាមទួលខ្ពស់ៗ" រហូតមកទល់សព្វថ្ងៃ។   30  ចូរថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលថាព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ : ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើអោយខ្លួនសៅហ្មង ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះដ៏គួរស្អប់ខ្ពើម ដូចដូនតារបស់អ្នករាល់គ្នាយ៉ាងនេះ?   31  អ្នករាល់គ្នាធ្វើអោយខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និង យកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំងនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថាយើងផ្តល់ចម្លើយអោយអ្នករាល់គ្នាឬ? ទេយើងមិនផ្តល់ចម្លើយអោយអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ!- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   32  អ្នករាល់គ្នានឹកស្មានថាខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និង ពីថ្មដូចប្រជាជាតិ និង ជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេធ្វើដូច្នេះ មិនបានជាដាច់ខាត!   33  យើងជាព្រះដែលមានជីវិតគង់នៅ-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នាយើងនឹងដាក់ទោសអ្នករាល់គ្នាដោយប្ញទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។   34  យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីស្រុកដែលយើងកំចាត់កំចាយអ្នករាល់គ្នាអោយទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយប្ញទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។   35  យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះយើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។   36  យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា ដូចយើងធ្លាប់វិនិច្ឆ័យទោសដូនតារបស់អ្នករាល់គ្នានៅវាលរហោស្ថានស្រុកអេស៊ីបដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   37  យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាអោយគោរពតាមសម្ពន្ធមេត្រី។   38  យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន»។   39  រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រាអែលអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា : ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយអ្នករាល់គ្នាត្រូវតែស្តាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ   40  ដ្បិតជនជាតិអ៊ីស្រាអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបំរើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រាអែល- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលតង្វាយផលដំបូង និង អ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសំរាប់យើង។   41  កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នា ចេញពីស្រុកដែលយើងបំបែកអ្នករាល់គ្នាអោយទៅនៅនោះ មកវិញយើងពេញចិត្តនឹងទទួលអ្នករាល់គ្នាព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសំដែងអោយប្រជាជាតិនានាឃើញថាយើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្តោសអ្នករាល់គ្នា។   42  ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថាប្រគល់អោយដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន។   43  នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និង អំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើអោយខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។   44  ជនជាតិអ៊ីស្រាអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដោយយល់ដល់នាមយើងផ្ទាល់ គឺយើងមិនប្រព្រឹត្តតាមអំពើទុច្ចរិត និង អំពើអាក្រក់របស់អ្នករាល់គ្នាទេ ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាព្រះអម្ចាស់មែន» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   45  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ ៖   46  «កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង!   47  ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា :ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់ មានព្រះបន្ទូលថា "យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និង ដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយមនុស្សទាំងអស់នឹងត្រូវរលាកភ្លើងតាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។   48  មនុស្សលោកទាំងអស់នឹងឃើញថា គឺយើងជាព្រះអម្ចាស់ដែលបានបង្កាត់ភ្លើងនេះ ហើយវានឹងមិនរលត់ឡើយ"»។   49  ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់អ្នកទាំងនោះតែងតែពោលថា ទូលបង្គំជាអ្នកនិយាយពាក្យប្រស្នា»។