KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 2 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្ស អើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។   2  ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះវិញ្ញាណក៏យាងចូលមកគង់នៅក្នុងខ្ញុំធ្វើអោយខ្ញុំអាចក្រោកឈរឡើងបាន ហើយស្តាប់ព្រះអង្គមានព្រះបន្ទូល។   3  ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកអោយទៅរកជនជាតិអ៊ីស្រាអែល គឺទៅរកប្រជាជាតិដែលបះបោរប្រឆាំងនឹងយើង។ ពួកគេបះបោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។   4  ពួកគេជាកូនក្បាលរឹង និង មានចិត្តចចេសទៀតផង។ យើងចាត់អ្នកអោយទៅរកពួកគេ ហើយត្រូវនិយាយថា : "នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់"។   5  ទោះបីពួកគេស្តាប់ ឬ មិនស្តាប់ក្តី - ដ្បិតពួកគេជាពូជអ្នកបះបោរ - ពួកគេនឹងដឹងថាមានព្យាការីមួយរូបស្ថិតនៅក្នុងចំណោមពួកគេ។   6  រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និង អញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យារដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។   7  ទោះបីពួកគេស្តាប់ ឬមិនស្តាប់ក្តី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។   8  កូនមនុស្សអើយ ចូរស្តាប់សេចក្តីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ហើយបរិភោគអាហារដែលយើងនឹងអោយអ្នកនៅពេលនេះ»។   9  ពេលនោះ ខ្ញុំក្រឡេកមើលទៅ ឃើញដៃមួយកាន់ក្រាំង ហុចមកអោយខ្ញុំ។   10  ដៃនោះបើកក្រាំង នៅចំពោះមុខខ្ញុំក្រាំងនោះមានសរសេរទាំងខាងក្នុងទាំងខាងក្រៅដែលកត់ត្រាសុទ្ធតែពាក្យសំណោកពាក្យទំនួញ និង ពាក្យត្អូញត្អែរ។