KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 17 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ ៖   2  «កូនមនុស្សអើយ ចូរនិទានរឿងមួយចោទជាប្រស្នាដល់ពូជពង្សអ៊ីស្រាអែលទៅ!   3  ចូរប្រាប់ពួកគេថាព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : មានសត្វឥន្ទ្រីមួយយ៉ាងធំ ផ្ទាំងស្លាបវាវែង ស្លាបវាក្រាស់ ហើយចំរុះពណ៌។ ឥន្ទ្រីនោះហើរទៅដល់ភ្នំលីបង់ រួចកាច់ចុងតាត្រៅ។   4  ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។   5  បន្ទាប់មកឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះ ដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។   6  គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំងបាយជូរបែកមែកសាខាវារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី រីឯប្ញសស្ថិតនៅពីក្រោមវា។ ដើមទំពាំងបាយជូរនោះលូតលាស់ចេញពន្លកបង្កើតមែកធាង។   7  បន្ទាប់មក មានឥន្ទ្រីដ៏ធំមួយទៀតដែលមានផ្ទាំងស្លាបវែង និង មានស្លាបក្រាស់។ ទំពាំងបាយជូរលូតផុតពីដី ហើយបែរទាំងប្ញស ទាំងមែកទៅរកឥន្ទ្រីថ្មី ដើម្បីទទួលទឹកពីឥន្ទ្រីនោះ។   8  ទំពាំងបាយជូរដុះនៅលើដីមានជីជាតិល្អ មានទឹកបរិបូណ៌ហើយបែកមែកសាខា បង្កើតផលផ្លែក្លាយទៅជាដើមទំពាំងបាយជូរដ៏ល្អប្រណីត»។   9  ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «តើដើមទំពាំងបាយជូរនេះអាចចំរើនលូតលាស់បានឬ? ឥន្ទ្រីទីមួយនឹងដកប្ញស ព្រមទាំងជំរុះផ្លែរបស់វាទុកអោយដើមវាក្រៀមស្ងួត ហើយស្លឹកដែលទើបនឹងដុះក៏ក្រៀមស្ងួតអស់ដែរ។ ដើម្បីដកប្ញសរបស់វា មិនចាំបាច់ប្រើកម្លាំងខ្លាំង ឬកងទ័ពច្រើនឡើយ។   10  ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្តី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។   11  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖   12  «ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ?ចូរប្រាប់ពួកគេថា ស្តេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្តេចស្រុកយូដា និង ពួកនាម៉ឺននាំយកមកស្រុកបាប៊ីឡូន។   13  ស្តេចស្រុក បាប៊ីឡូនជ្រើសរើសពូជស្តេចស្រុកយូដាមួយរូបមក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងអោយពូជស្តេចនោះធ្វើសច្ចាប្រណិធានផង។ ស្តេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក   14  ដើម្បីអោយនគរនោះនៅទន់ខ្សោយ មិនអាចបះបោរ ហើយគោរពសម្ពន្ធមេត្រីយ៉ាងម៉ត់ចត់។   15  ប៉ុន្តែ ស្តេចយូដាបះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន ដោយចាត់អ្នកនាំសារទៅស្រុកអេស៊ីបសុំជំនួយទ័ពសេះ និង ពលទាហានយ៉ាងច្រើន។ តើស្តេចធ្វើដូច្នេះ អាចសំរេចគំរោងការ និង រំដោះខ្លួនបានឬទេ? ស្តេចនោះផ្តាច់សម្ពន្ធមេត្រី ហើយពិតជាពុំអាចរំដោះខ្លួនបានឡើយ!   16  យើងជាព្រះដ៏មានជីវិតគង់នៅ !-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -ស្តេចនោះមុខជាស្លាប់នៅក្នុងស្រុក នៅក្បែរស្តេចដែលបានតែងតាំងខ្លួនអោយគ្រងរាជ្យ និង នៅកណ្តាលក្រុងបាប៊ីឡូន ព្រោះស្តេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និង ផ្តាច់សម្ពន្ធមេត្រីទៀតផង។   17  ពេលកងទ័ពបាប៊ីឡូនសង់ប៉ម និង លើកទួលឡើង ដើម្បីប្រល័យជីវិតប្រជាជនដ៏ច្រើនកុះករទោះបីស្តេចផារ៉ោនមានទ័ពជាច្រើន និង ខ្លាំងពូកែយ៉ាងណាក្តីក៏ពុំអាចជួយស្តេចនោះបានដែរ។   18  ស្តេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និង ផ្តាច់សម្ពន្ធមេត្រី គឺស្តេចបានព្រមព្រៀងជាមួយគេហើយ បែរជាប្រព្រឹត្តអំពើទាំងនេះទៅវិញ ដូច្នេះ ស្តេចពុំអាចរំដោះខ្លួនបានឡើយ!»។   19  ហេតុនេះ ព្រះជាអម្ចាស់ មានព្រះបន្ទូលថា ៖ «យើងជាព្រះដ៏មានជីវិតគង់នៅ! ស្តេចស្រុកអ៊ីស្រាអែលក្បត់នឹងពាក្យសច្ចាប្រណិធាន ដែលគេបានស្បថជាមួយយើង ហើយក៏ផ្តាច់សម្ពន្ធមេត្រីដែលគេបានចងជាមួយយើងដែរ។ យើងនឹងដាក់ទោសគេតាមពាក្យដែលគេស្បថ។   20  យើងនឹងបោះសំណាញ់ទៅលើស្តេចហើយស្តេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះយើងនឹងកាត់ទោសគេព្រោះគេបានក្បត់យើង។   21  ទាហានដ៏ចំណានរបស់គេនឹងស្លាប់ដោយមុខដាវ រីឯអ្នកដែលរួចពីស្លាប់ នឹងត្រូវខ្ចាត់ខ្ចាយរត់ទៅគ្រប់ទិសទី។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថានេះពិតជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់មែន»។   22  ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកាច់ពន្លកមួយពីចុងតាត្រៅ យកមកដាំនៅលើភ្នំដ៏ខ្ពស់សន្លឹម។   23  យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមតាត្រៅដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាមកធ្វើសំបុកអាស្រ័យនៅតាមមែកតាត្រៅនោះ។   24  ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗអោយលូតខ្ពស់ឡើង។ យើងធ្វើអោយដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើអោយដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។