1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ថា៖ 2 «កូនមនុស្សអើយ! ចូរប្រាប់អ្នកក្រុងយេរូសាឡឹមអោយដឹងពីអំពើដ៏គួរអោយស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ 3 ចូរប្រាប់ពួកគេថាព្រះជាអម្ចាស់ មានព្រះបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ: នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរីម្តាយរបស់នាងជាសាសន៍ហេត។ 4 នៅថ្ងៃដែលនាងកើត គេមិនបានកាត់ផ្ចិតនាងទេ គេមិនបានយកទឹកមកលាងសំអាតនាង គេមិនបានយកអំបិល មកលាបនាង ហើយគេក៏មិនបានយកសំពត់មករុំនាងដែរ។ 5 គ្មាននរណាយកភ្នែកមើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញនៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅវាលស្រែ។ 6 យើងបានដើរកាត់តាមនោះឃើញនាងកំពុងតែបំរះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាម ក៏ដោយចូរមានជីវិតឡើង! 7 យើងបានធ្វើអោយនាងចំរើនឡើងដូចដំណាំលូតលាស់នៅតាមចំការ។ នាងក៏បានចំរើនធំឡើងពេញរូបពេញរាង មានរូបឆោមល្អឥតខ្ចោះ។ ប៉ុន្តែ នាងគ្មានសម្លៀកបំពាក់បិទបាំងកាយទេ។ 8 យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឧឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីអោយនាងបានទៅជាភរិយារបស់យើង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 9 យើងបានយកទឹកមកលាងនាង ហើយជំរះឈាមដែលប្រឡាក់រូបកាយនាង រួចចាក់ប្រេងក្រអូបលាបនាងទៀតផង។ 10 យើងបានអោយសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកនាង យើងយកស្បែកជើងដ៏ល្អវិសេសមកពាក់អោយនាងហើយក៏យកស្បៃដ៏ល្អប្រណីត និង អាវធំធ្វើពីសូត្រមកពាក់អោយនាងដែរ។ 11 យើងយកគ្រឿងអលង្ការមកពាក់អោយនាង គឺមានខ្សែដៃ ខ្សែក 12 ក្រវិលទំហូ និង មកុដដ៏ភ្លឺផ្លេក។ 13 នាងពាក់សុទ្ធតែមាស និង ប្រាក់ ស្លៀកសម្លៀកបំពាក់ដ៏ល្អប្រណីត ធ្វើអំពីសូត្រ និង ក្រណាត់ប៉ាក់ដ៏មានតម្លៃ។ នាងបរិភោគសុទ្ធតែម្ហូបអាហារឆ្ងាញ់ពិសេស គឺម្ហូបធ្វើពីម្សៅម៉ដ្ត ទឹកឃ្មុំ និង ប្រេងដ៏មានតម្លៃ។ នាងមានរូបឆោមលោមពណ៌កាន់តែស្អាតឡើងៗ ហើយទទួលឋានៈជាព្រះមហាក្សត្រិយានី។ 14 កេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទឺសុសសាយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រោះនាងមានសម្ផស្សល្អឥតខ្ចោះ និង តែងខ្លួនដោយគ្រឿងអលង្ការដែលយើងប្រគល់អោយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 15 ប៉ុន្តែ នាងអួតអាងលើរូបសម្បត្តិ និង កេរ្តិ៍ឈ្មោះហើយក្លាយទៅជាស្រីពេស្យា ដោយប្រគល់ខ្លួនអោយអស់អ្នកដែលដើរកាត់មុខនាង។ 16 នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចំរុះពណ៌ទៅតាក់តែងទីសក្ការៈនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្តី នៅពេលខាងមុខក្តីមិនដែលមានរឿងដូច្នេះកើតឡើងទេ-។ 17 នាងយកគ្រឿងអលង្ការមាសប្រាក់ដែលយើងអោយ ទៅសូនធ្វើជារូបបដិមាករប្រុសៗ រួចប្រព្រឹត្តអំពើពេស្យាចារជាមួយរូបទាំងនោះ។ 18 នាងយកអាវប៉ាក់របស់នាងទៅដណ្តប់រូបទាំងនោះ ព្រមទាំងយកប្រេង និង គ្រឿងក្រអូបរបស់យើង ទៅលាបអោយផង។ 19 រីឯអាហារម្សៅដ៏ម៉ដ្ត ប្រេង និង ទឹកឃ្មុំដែលយើងចែកអោយនាងបរិភោគ នាងបែរជាយកទៅធ្វើជាគ្រឿងសក្ការបូជាផ្គាប់ចិត្តរូបទាំងនោះទៅវិញ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 20 នាងពុំស្កប់ចិត្តនឹងអំពើពេស្យាចារទេ គឺនាងបានយកកូនប្រុសកូនស្រីដែលនាងបានបង្កើតអោយយើងទៅធ្វើយញ្ញបូជាដល់រូបទាំងនោះទៀតផង! 21 នាងបានអារ កកូនប្រុសរបស់យើង ហើយដុតថ្វាយរូបទាំងនោះ។ 22 ក្នុងពេលដែលនាងឈ្លក់នឹងអំពើពេស្យាចារដ៏គួរអោយស្អប់ខ្ពើមទាំងនេះ នាងពុំបាននឹកឃើញគ្រាដែលនាងនៅពីក្មេង គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយបំរះនៅក្នុងថ្លុកឈាមនោះទេ។ 23 នាងនឹងត្រូវវេទនា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត គឺនាងពិតជាត្រូវវេទនាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 24 នាងបានសង់ខ្ទម សំរាប់ប្រព្រឹត្តអំពើពេស្យាចារគ្រប់ទីកន្លែង 25 គឺនាងសង់នៅគ្រប់ច្រកផ្លូវ ហើយប្រើសម្រស់របស់ខ្លួនប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ នាងប្រគល់ខ្លួនទៅអោយអស់អ្នកដើរកាត់តាមនោះ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។ 26 នាងប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអេស៊ីប ជាអ្នកជិតខាងដែលមានកម្លាំងមាំមួន។ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ រហូតដល់ធ្វើអោយយើងខឹង។ 27 ហេតុនេះបានជាយើងសំដែងបារមីប្រឆាំងនឹងនាង យើងកាត់បន្ថយទឹកដីរបស់នាង ហើយប្រគល់នាងទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ គឺពួកភីលីស្ទីនដែលនឹកខ្មាសចំពោះអំពើថោកទាបរបស់នាង។ 28 ដោយនាងពុំស្កប់ចិត្តនាងក៏ប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអាស្ស៊ីរី។ ប៉ុន្តែ ទោះបីនាងបានប្រព្រឹត្តអំពើពេស្យាចារជាមួយអ្នកទាំងនោះក្តី ក៏នាងនៅតែពុំស្កប់ដដែល។ 29 នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ ជាមួយជនជាតិបាប៊ីឡូនជាអ្នកជំនួញ ប៉ុន្តែនាងនៅតែពុំស្កប់ចិត្តដដែល។ 30 នាងមានចិត្តសាវ៉ាណាស់ នាងប្រព្រឹត្តអំពើទាំងនេះដែលជាអំពើរបស់មេបនពេស្យា! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 31 រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ ដែលស្រីពេស្យាធ្លាប់ទារនោះទេ។ 32 នាងជាស្ត្រីផិតប្តី ទៅស្រឡាញ់ប្រុសដទៃ។ 33 ធម្មតាស្រីពេស្យាតែងតែទទួលជំនូន រីឯនាង នាងបែរជាយកជំនូនទៅអោយសហាយរបស់ខ្លួនទៅវិញ។ នាងយកជំនូនទៅទាក់ទាញពួកគេពីគ្រប់ទីកន្លែង មករួមផិតក្បត់ជាមួយនាង។ 34 នាងប្រព្រឹត្តផ្ទុយពីស្រីពេស្យាឯទៀតៗគ្មាននរណាស្វែងរកនាង គ្មាននរណាបង់ប្រាក់នាងទេ ផ្ទុយទៅវិញនាងបែរជាបង់ប្រាក់អោយគេ គឺនាងធ្វើផ្ទុយពីអ្នកដទៃ។ 35 ឥឡូវនេះ ស្រីពេស្យាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! 36 ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : នាងបើកកេរ្តិ៍ខ្មាស យករូបកាយរបស់ខ្លួនទៅប្រព្រឹត្តអំពើពេស្យាចារជាមួយពួកសហាយរបស់នាង និង ព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់នាង ហើយយកឈាមកូនរបស់ខ្លួនទៅសែនព្រះទាំងនោះ។ 37 ហេតុនេះ យើងនឹងប្រមូលសហាយទាំងអស់ដែលពេញចិត្តនាង គឺទាំងអ្នកដែលនាងស្រឡាញ់ ទាំងអ្នកដែលនាងស្អប់ យើងនឹងប្រមូលពួកគេពីគ្រប់ទីកន្លែងអោយមកប្រឆាំងនឹងនាង។ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ហើយបើកកេរ្តិ៍ខ្មាសរបស់នាងអោយពួកគេឃើញ។ 38 យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្តី និង ស្រីឃាតកយើងនឹងអោយគេបង្ហូរឈាមនាងតាមកំហឹង និង ចិត្តប្រច័ណ្ឌរបស់យើង។ 39 យើងនឹងប្រគល់នាងទៅក្នុងកណ្តាប់ដៃសហាយរបស់នាង។ ពួកគេនឹងកំទេចខ្ទម ព្រមទាំងកន្លែងដែលនាងប្រព្រឹត្តអំពើពេស្យាចារ ពួកគេនឹងយកសម្លៀកបំពាក់ និង គ្រឿងអលង្ការចេញពីនាងទុកអោយនាងនៅខ្លួនទទេ។ 40 ពួកគេនឹងប្រមូលបណ្តាជនមកហើយយកដុំថ្មគប់នាង និង យកដាវចាក់ទម្លុះនាង។ 41 ពួកគេនឹងដុតផ្ទះរបស់នាង ពួកគេនឹងកាត់ទោសនាង អោយស្រីជាច្រើនឃើញ។ យើងនឹងបញ្ឈប់អំពើពេស្យាចាររបស់នាង នាងលែងបង់ប្រាក់អោយសហាយរបស់នាងទៀតហើយ។ 42 ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌយើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។ 43 ដោយនាងពុំបាននឹកឃើញគ្រានាងនៅពីក្មេង ហើយប្រព្រឹត្តអំពើផ្សេងៗធ្វើអោយយើងខឹង នោះយើងនឹងដាក់ទោសនាងតាមអំពើដែលនាងប្រព្រឹត្ត គឺនាងបានប្រព្រឹត្តអំពើដ៏គួរអោយស្អប់ខ្ពើម ថែមពីលើអំពើដ៏ថោកទាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 44 អ្នកចងក្រងសុភាសិត មុខជាយកសុភាសិតមួយនេះមកនិយាយអំពីនាងថា "ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ!"។ 45 នាងពិតជាកូនដែលកាត់ទៅម្តាយម្តាយ របស់នាងស្អប់ប្តី និង កូនរបស់ខ្លួន។ នាងក៏កាត់ទៅបងស្រី និង ប្អូនស្រីរបស់នាងដែរ អ្នកទាំងនោះស្អប់ប្តី និង កូនរបស់ខ្លួន។ ម្តាយរបស់នាងជាសាសន៍ហេតរីឯឪពុករបស់នាងជាសាសន៍អាម៉ូរី។ 46 បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាង គឺសូដុមដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។ 47 នាងមិនត្រឹមតែយកតំរាប់តាមពួកគេ និង ប្រព្រឹត្តអំពើគួរស្អប់ខ្ពើមដូចពួកគេប៉ុណ្ណោះទេ គឺនាងប្រព្រឹត្តអំពើគ្រប់យ៉ាង អាក្រក់លើសពួកគេទៅទៀត។ 48 យើងប្រកាសក្នុងនាមយើង ជាព្រះដែលមានជីវិតគង់នៅថា សូដុមជាប្អូនស្រីរបស់នាងព្រមទាំងស្រុកភូមិជុំវិញ ពុំបានប្រព្រឹត្តដូចនាង និង ស្រុកភូមិរបស់នាងទេ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 49 សូដុម ជាប្អូនស្រីរបស់នាងមានកំហុសដូចតទៅនេះ គឺសូដុម និង ស្រុកភូមិមានអំនួតគេមានអាហារបរិភោគហូរហៀរគេសំងំយកសុខតែឯង គឺឥតរវីរវល់ជួយមនុស្សទុគ៌ត និង ជនក្រីក្រឡើយ។ 50 សូដុម និង ស្រុកភូមិវាយប្ញកខ្ពស់ ហើយនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះមុខយើង។ ដូច្នេះយើងបានលុបបំបាត់ពួកគេពីទឹកដីនេះដូចនាងឃើញស្រាប់។ 51 រីឯអំពើបាបដែលសាម៉ារីប្រព្រឹត្ត ពុំបានពាក់កណ្តាលនៃអំពើបាបរបស់នាងទេ។ អំពើអាក្រក់ដែលនាងប្រព្រឹត្ត មានចំនួនច្រើនលើសអំពើអាក្រក់របស់សាម៉ារីទៅទៀត។ បើប្រៀបផ្ទឹមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្តបង និង ប្អូនស្រីរបស់នាងហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ 52 ដោយនាងបានបណ្តាលអោយបង និង ប្អូនស្រីរបស់ខ្លួនហាក់ដូចជាគ្មានទោសដូច្នេះ នាងត្រូវបាក់មុខហើយ ដ្បិតនាងប្រព្រឹត្តអំពើអាក្រក់លើសនាងទាំងពីរទៅទៀត គឺនាងទាំងពីរហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ ដូច្នេះចូរអាម៉ាស់ហើយទ្រាំទ្រនឹងការបាក់មុខនេះទៅ ដ្បិតនាងបណ្តាលអោយបង និង ប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានកំហុសសោះ។ 53 យើងនឹងធ្វើអោយក្រុងសូដុម និង ស្រុកភូមិនៅជុំវិញ ព្រមទាំងក្រុងសាម៉ារី និង ស្រុកភូមិនៅជុំវិញបានចំរុងចំរើនដូចមុន។ រីឯនាង យើងក៏ធ្វើអោយនាងបានចំរុងចំរើនឡើងវិញដែរ។ 54 បងស្រី និង ប្អូនស្រីរបស់នាងនឹងបានធូរស្រាលដោយឃើញនាងត្រូវបាក់មុខ ព្រោះតែអំពើទាំងប៉ុន្មានដែលនាងបានធ្វើ។ 55 ក្រុងសូដុម និង ស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើមក្រុងសាម៉ារី និង ស្រុកភូមិដែលនៅជុំវិញនឹងបានដូចដើម ហើយនាង និង ស្រុកភូមិរបស់នាងក៏បានដូចដើមឡើងវិញដែរ។ 56 កាលនាងនៅមានអំនួត នាងតែងតែមាក់ងាយសូដុម។ 57 គ្រានោះ អំពើអាក្រក់របស់នាងមិនទាន់បើកមុខនៅឡើយទេ។ ឥឡូវនេះដល់វេនដែលក្រុងនានានៃស្រុកអារ៉ាម និង ស្រុកភូមិនៅជុំវិញប្រមាថមើលងាយនាងហើយ។ ក្រុងទាំងឡាយនៃស្រុកភីលីស្ទីនដែលនៅជិតខាងនាងក៏នាំគ្នាមើលងាយនាងដែរ។ 58 នាងត្រូវរងនូវអំពើថោកទាប និង អំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 59 ដូច្នេះយើង ជាព្រះជាអម្ចាស់យើងនឹងប្រព្រឹត្តចំពោះនាងតាមអំពើដែលនាងបានប្រព្រឹត្ត គឺនាងបានបំភ្លេចពាក្យសម្បថ ដោយផ្តាច់សម្ពន្ធមេត្រីរបស់យើង។ 60 ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយនាងកាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។ 61 នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និង ប្អូនស្រីអោយនៅជាមួយនោះនាងនឹងនឹកខ្មាស។ យើងនឹងអោយនាងត្រួតត្រាលើបងស្រី និង ប្អូនស្រីតែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។ 62 យើងនឹងចងសម្ពន្ធមេត្រីជាមួយនាង។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 63 នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្តាយរកអ្វីថ្លែងពុំបាន» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។