KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Ezekiel - អេសេគាល 14 - Khmer, Central - Old Version - Bible.is - KMHKOV

  1  មានព្រឹទ្ធាចារ្យអ៊ីស្រាអែលខ្លះមកជួបខ្ញុំ ហើយនាំគ្នាអង្គុយនៅមុខខ្ញុំ។   2  ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ ៖   3  «កូនមនុស្សអើយ អ្នកទាំងនោះជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំអោយខ្លួនប្រព្រឹត្តអំពើបាប។ តើពួកគេនឹកស្មានថាយើងនឹងផ្តល់ចម្លើយអោយឬ?   4  ចូរនាំពាក្យទៅប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : ក្នុងចំណោមពូជពង្សអ៊ីស្រាអែលអ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំអោយខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការីយើងជាព្រះអម្ចាស់ យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្តង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។   5  ចម្លើយរបស់យើងនឹងធ្វើអោយជនជាតិអ៊ីស្រាអែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែងក្លាយទាំងអស់គ្នា។   6  ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ : "ចូរវិលត្រឡប់មកវិញចូរលះបង់ព្រះក្លែងក្លាយ ហើយងាកចេញពីអំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រព្រឹត្ត!   7  ប្រសិនបើជនជាតិអ៊ីស្រាអែល ឬ ជនបរទេសណាម្នាក់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ងាកចេញឆ្ងាយពីយើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំអោយខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការីទស្សន៍ទាយយើងដែលជាព្រះអម្ចាស់យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្តង។   8  យើងនឹងដាក់ទោសអ្នកនោះ យើងនឹងធ្វើអោយអ្នកនោះក្លាយទៅជាគំរូអាក្រក់ និង ជាមេរៀនសំរាប់ព្រមានអ្នកឯទៀតៗ យើងនឹងដកអ្នកនោះចេញពីចំណោមប្រជារាស្ត្ររបស់យើង។ ពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។   9  ប្រសិនបើព្យាការីចាញ់ការល្បួងរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាព្រះអម្ចាស់បានបណ្តោយអោយព្យាការីនោះចាញ់ការល្បួង។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង។   10  ព្យាការី និង អ្នកទៅរកព្យាការីទស្សន៍ទាយត្រូវទទួលទោសដូចគ្នា ព្រោះគេប្រព្រឹត្តអំពើបាបតែមួយ។   11  ដូច្នេះជនជាតិអ៊ីស្រាអែលលែងវង្វេងចេញឆ្ងាយពីយើង ហើយលែងសៅហ្មងដោយអំពើទុច្ចរិតទាំងប៉ុន្មានទៀតហើយ។ ពេលនោះ គេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់ពួកគេ"» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   12  ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ ៖   13  «កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើងយើងនឹងដាក់ទោសពួកគេអោយខ្វះស្បៀង និង កើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។   14  ទោះបីនៅស្រុកនោះមានណូអេដានីយ៉ែល និង យ៉ូបក្តី ក៏សេចក្តីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេ ផ្ទាល់ប៉ុណ្ណោះ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   15  ប្រសិនបើយើងអោយសត្វសាហាវចូលមកក្នុងស្រុក ប្រល័យជីវិតអ្នកស្រុក និង ធ្វើអោយស្រុកនោះក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ ព្រោះខ្លាចសត្វទាំងនោះ   16  ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្តី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរហើយស្រុកនោះនឹងក្លាយទៅជាទីស្មសាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   17  ប្រសិនបើយើងធ្វើអោយសង្គ្រាមកើតមានដល់ស្រុក ប្រសិនបើយើងបញ្ជាអោយកងទ័ពមួយវាយលុកស្រុកនោះ ប្រល័យជីវិតទាំងមនុស្សទាំងសត្វ   18  ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្តី យើងសុំប្រកាសក្នុងនាមយើងជាព្រះ ដែលមានជីវិតគង់នៅថាអ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។   19  ប្រសិនបើយើងធ្វើអោយជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ   20  ទោះបីមានណូអេដានីយ៉ែល និង យ៉ូបរស់នៅក្នុងស្រុកក្តី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា សេចក្តីសុចរិតរបស់អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ » - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -។   21  ពិតមែនហើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូសាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាមទុរ្ភិក្សសត្វសាហាវ និង ជំងឺរាតត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្តី   22  ក៏មានមនុស្សប្រុសស្រីមួយចំនួននៅសេសសល់ដែរ។ ខ្មាំងនឹងកៀរអ្នកទាំងនោះអោយចេញមកនៅជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញរបៀបដែលគេរស់នៅ ព្រមទាំងរបៀបដែលគេប្រព្រឹត្តហើយអ្នករាល់គ្នានឹងធូរស្រាលក្នុងចិត្ត ចំពោះទុក្ខវេទនាដែលយើងបានធ្វើអោយកើតមានដល់ក្រុងយេរូសាឡឹម។   23  អ្នកទាំងនោះនឹងសំរាលទុក្ខអ្នករាល់គ្នា តាមរបៀបដែលគេរស់នៅ និង របៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងយល់ថា អ្វីៗទាំងអស់ដែលយើងប្រព្រឹត្តចំពោះក្រុងនេះមិនមែនឥតមូលហេតុទេ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។