1 នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួនពេល ខ្ញុំស្ថិតនៅក្បែរទន្លេកេបារ ជាមួយប្រជាជនដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីព្រះជាម្ចាស់។ 2 នៅថ្ងៃទីប្រាំ ក្នុងខែនោះ ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ព្រះបាទយ៉ូយ៉ាគីន មកជាឈ្លើយ 3 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអេសេគាលជាកូនរបស់លោកបូជាចារ្យប៊ូស៊ី នៅស្រុកខាល់ដេជិតទន្លេកេបារ។ ពេលនោះ ព្រះអម្ចាស់ ដាក់ព្រះហស្តលើលោក។ 4 ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និង មានផ្លេកបន្ទោរចេញពីពពកនោះទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្តាល មានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។ 5 នៅខាងក្នុងពពកនោះ មានសត្វលោកបួន ដែលមានទ្រង់ទ្រាយដូចមនុស្ស។ 6 សត្វនីមួយៗមានមុខបួន និង ស្លាបបួន។ 7 ជើងរបស់សត្វទាំងនោះត្រង់រីឯប្រអប់ជើង មានរាងដូចក្រចកជើងកូនគោហើយចាំងពន្លឺ ដូចលង្ហិនដ៏រលោង។ 8 នៅក្រោមស្លាបទាំងបួន មានដៃដូចដៃមនុស្សលាតសន្ធឹងទៅរកទិសទាំងបួនដូចមុខ និង ស្លាបដែរ។ 9 ស្លាបរបស់សត្វទាំងនោះភ្ជាប់គ្នាទៅវិញទៅមក។ សត្វទាំងបួនហើរតំរង់ទៅមុខជានិច្ចឥតងាករេឡើយ។ 10 សត្វនីមួយៗ មានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្តាំដូចសិង្ហផ្នែកខាងឆ្វេងដូចគោ និង ផ្នែកខាងក្រោយដូចឥន្ទ្រី។ 11 ស្លាបពីររបស់សត្វនីមួយៗត្រដាងទៅលើ ហើយជាប់គ្នាទៅវិញទៅមក រីឯស្លាបពីរទៀតហ៊ុមព័ទ្ធរូបកាយ។ 12 សត្វនីមួយៗហើរតំរង់ទៅមុខឥតងាករេឡើយ តាមវិញ្ញាណជំរុញអោយទៅ។ 13 នៅចន្លោះសត្វទាំងបួនមានទ្រង់ទ្រាយដូចជាគប់ភ្លើងហើយភ្លើងនោះធ្វើចលនា ពីសត្វមួយ ទៅសត្វមួយទាំងបញ្ចេញពន្លឺរស្មីភ្លឺផ្លេក។ 14 សត្វទាំងបួនហើរចុះឡើង លឿនដូចរន្ទះ។ 15 ពេលខ្ញុំសម្លឹងមើលសត្វទាំងបួន ខ្ញុំឃើញមានកង់នៅដី ចំពីមុខសត្វទាំងបួន។ 16 កង់ទាំងនោះមានទ្រង់ទ្រាយ និង មានសណ្ឋានដូចៗគ្នាទាំងអស់គឺភ្លឺចាំងដូចត្បូងពេជ្រហើយកង់មួយហាក់ដូចជាស្ថិតនៅក្នុងកង់មួយទៀត។ 17 ពេលកង់ទាំងនោះវិលទៅមុខ វាវិលទៅទិសទាំងបួនដោយឥតងាករេ។ 18 កង់នោះមានកំពស់ខ្ពស់អស្ចារ្យ ហើយនៅតាមរង្វង់កង់ទាំងបួនមានផ្កាភ្លើង នៅពាសពេញ។ 19 ពេលសត្វទាំងបួនទៅមុខកង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។ 20 សត្វទាំងនោះហោះទៅមុខ តាមវិញ្ញាណជំរុញអោយទៅ ហើយកង់ក៏ហោះឡើងទៅដែរ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះ ស្ថិតនៅក្នុងកង់។ 21 ពេលសត្វទៅមុខ កង់ក៏ទៅមុខ ពេលសត្វឈប់ កង់ក៏ឈប់ ពេលសត្វឡើងផុតពីដី កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។ 22 នៅលើក្បាលសត្វនីមួយៗ មានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។ 23 នៅក្រោមលំហ ស្លាបពីររបស់សត្វនីមួយៗសំកាំងយ៉ាងត្រង់ ជាប់គ្នាទៅវិញទៅមកស្លាបពីរទៀតហ៊ុមព័ទ្ធជុំវិញខ្លួន។ 24 ពេលសត្វទាំងនោះហោះទៅមុខ ខ្ញុំឮសន្ធឹកស្លាប ដូចសូរស័ព្ទមហាសាគរ និង ដូចព្រះសូរសៀងរបស់ព្រះដ៏មានប្ញទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត។ សន្ធឹកស្លាបនោះក៏លាន់ឮឡើងយ៉ាងទ្រហឹងអឺងអាប់ ដូចសន្ធឹកកងទ័ព។ នៅពេលសត្វនោះឈប់ហើរគេក៏ទម្លាក់ស្លាបចុះ។ 25 មានសំឡេងមួយលេចឮពីលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងបួន នៅពេលសត្វនោះឈប់ហើរ គេទម្លាក់ស្លាបចុះ។ 26 នៅលើលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្តៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុតមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ 27 ខ្ញុំក៏បានឃើញពន្លឺក្រហមឆ្អៅ ភ្លឺដូចភ្លើងនៅជុំវិញ ហើយពីត្រង់កន្លែងដែលមានរាងដូចចង្កេះឡើងទៅលើ និង ពីត្រង់កន្លែងដែលមានរាងដូចចង្កេះ ចុះទៅក្រោមក៏មានដូចជាពន្លឺភ្លើងដ៏ភ្លឺត្រចះត្រចង់ព័ទ្ធជុំវិញដែរ។ 28 ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះដូចឥន្ធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។