1 ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ហើយប្រាប់ដូចតទៅ : ព្រះអម្ចាស់មានព្រះបន្ទូលថា "ចូរបើកអោយប្រជារាស្ត្ររបស់យើងចេញ ទៅគោរពបំរើយើង។ 2 ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបអោយមកបំផ្លាញទឹកដីរបស់អ្នក។ 3 កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងក្រឡាបន្ទំរបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និង ផ្ទះប្រជារាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និង ផើងម្សៅ។ 4 វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និង លើរូបកាយប្រជារាស្ត្ររបស់អ្នកទៀតផង"»។ 5 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់អើរ៉ុនថា :"សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និង ត្រពំាង ដើម្បីអោយកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប"»។ 6 លោកអើរ៉ុនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។ 7 ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីប ក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺអោយកង្កែបចេញមក រាតត្បាតស្រុកអេស៊ីប។ 8 ព្រះចៅផារ៉ោនហៅលោកម៉ូសេ និង លោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរអង្វរព្រះអម្ចាស់អោយយកកង្កែបចេញពីយើង និង ប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកអោយប្រជាជនរបស់អ្នកចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់!»។ 9 លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណាមេត្តាកំណត់ពេលវេលាដែលទូលបង្គំត្រូវអង្វរព្រះអម្ចាស់សំរាប់ព្រះករុណា សំរាប់នាម៉ឺនមន្ត្រី និង ប្រជារាស្ត្ររបស់ព្រះករុណា ដើម្បីបំបាត់កង្កែបចេញពីព្រះករុណា និង ចេញពីដំណាក់របស់ព្រះករុណា គឺទុកអោយនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ 10 ព្រះចៅផារ៉ោនពោលថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនឹងធ្វើតាមព្រះរាជឱង្ការ ដើម្បីអោយព្រះករុណាទទួលស្គាល់ថា គ្មានព្រះឯណា ដូចព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំឡើយ។ 11 កង្កែបចេញពីព្រះករុណា និង ចេញពីដំណាក់របស់ព្រះករុណាពីនាម៉ឺនមន្ត្រី និង ពីប្រជារាស្ត្ររបស់ព្រះករុណា គឺទុកអោយនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ 12 បន្ទាប់មក លោកម៉ូសេ និង លោកអើរ៉ុនចាកចេញពីព្រះចៅផារ៉ោន ហើយលោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ សូមព្រះអង្គដកកង្កែបដែលព្រះអង្គនាំមកធ្វើទុក្ខស្តេចផារ៉ោន។ 13 ព្រះអម្ចាស់ក៏ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺកង្កែបបានងាប់នៅក្នុងផ្ទះនៅតាមភូមិ និង នៅតាមស្រែចំការ។ 14 គេប្រមូលខ្មោចកង្កែបគរជាគំនរ ហើយមានក្លិនស្អុយពាសពេញស្រុក។ 15 ពេលឃើញកង្កែបងាប់អស់ហើយ នោះព្រះចៅផារ៉ោនមានព្រះហប្ញទ័យមានះ មិនព្រមស្តាប់លោកម៉ូសេ និង លោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ 16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា : សូមបងលើកដំបងវាយធូលីដីនោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។ 17 លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអើរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូសមករោមមនុស្ស និង សត្វនៅស្រុកអេស៊ីបទាំងមូល។ 18 ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្សនិង សត្វដដែល។ 19 ពេលនោះពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែព្រះចៅផារ៉ោននៅតែមានព្រះហប្ញទ័យមានះមិនព្រមស្តាប់លោកម៉ូសេ និង លោកអើរ៉ុនដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ 20 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹម ទៅជួបស្តេចផារ៉ោននៅពេលស្តេចចុះទៅទន្លេ ហើយទូលស្តេចដូចតទៅ"ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរបើកអោយប្រជារាស្ត្ររបស់យើងចេញទៅគោរពបំរើយើង។ 21 ប្រសិនបើអ្នកមិនបើកអោយពួកគេចេញទៅទេ យើងនឹងប្រើរុយអោយមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និង ប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ 22 ប៉ុន្តែនៅថ្ងៃនោះយើងមិនអោយមានរុយក្នុងតំបន់កូសែនដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីអោយអ្នកទទួលស្គាល់ថាយើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។ 23 យើងមិនបណ្តោយអោយប្រជារាស្ត្ររបស់យើងរងគ្រោះដោយសាររុយជាមួយប្រជារាស្ត្ររបស់អ្នកទេ ទីសំគាល់នេះនឹងកើតមាននៅថ្ងៃស្អែក"»។ 24 ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ហើរចូលទៅក្នុងវាំងរបស់ស្តេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និង ក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។ 25 ព្រះចៅផារ៉ោនហៅលោកម៉ូសេ និង លោកអើរ៉ុនហើយមានរាជឱង្ការថា៖ «ចូរធ្វើយញ្ញបូជាថ្វាយព្រះរបស់អ្នករាល់គ្នានៅក្នុងស្រុកនេះចុះ»។ 26 ប៉ុន្តែលោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។ 27 យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថានចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំតាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។ 28 ព្រះចៅផារ៉ោនមានរាជឱង្ការថា៖«យើងអនុញ្ញាតអោយអ្នករាល់គ្នាចេញទៅធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នានៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរទូលអង្វរព្រះអង្គអោយយើងផង»។ 29 លោកម៉ូសេតបថា៖«ពេលចាកចេញពីព្រះករុណាទៅទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណាពីនាម៉ឺនមន្ត្រី និង ប្រជារាស្ត្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ឡើយ»។ 30 លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ 31 ព្រះអម្ចាស់ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺព្រះអង្គបំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និង ប្រជារាស្ត្ររបស់ស្តេច ឥតមានទុកអោយនៅសល់មួយឡើយ។ 32 ប៉ុន្តែ ម្តងនេះទៀត ព្រះចៅផារ៉ោនមានព្រះហប្ញទ័យមានះមិនព្រមបើកអោយប្រជាជនអ៊ីស្រាអែលចេញទៅទេ។