KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 39 - Khmer, Central - Old Version - Bible.is - KMHKOV

  1  គេបានយកក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និង ក្រហមទុំធ្វើសម្លៀកបំពាក់ពិធីបុណ្យសំរាប់ការងារក្នុងទីសក្ការៈ។ គេក៏បានធ្វើសម្លៀកបំពាក់សក្ការៈរបស់លោកអើរ៉ុន ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។   2  គេបានធ្វើអាវអេផូដ ដោយប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និង ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។   3  គេបានដំមាសជាបន្ទះយ៉ាងស្តើង ហើយកាត់ជាសរសៃយ៉ាងឆ្មារ យកទៅប៉ាក់លំអជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម ក្រហមទុំ និង អំបោះធ្មៃ។   4  គេធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។   5  រីឯខ្សែក្រវាត់របស់អាវអេផូដ គេធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាសអំបោះពណ៌ស្វាយ ពណ៌ក្រហម និង ពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។ គេដេរខ្សែក្រវាត់នេះជាប់នឹងអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។   6  គេធ្វើក្រចាប់មាសភ្ជាប់ត្បូងមណីជោតិរស ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ តាមរបៀបដូចគេឆ្លាក់ត្រា។   7  គេដាំត្បូងទាំងនោះភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាង ដើម្បីអោយព្រះអម្ចាស់នឹកដល់កូនរបស់អ៊ីស្រាអែល ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។   8  គេបានធ្វើប្រដាបំពាក់់លើទ្រូងមួយ តាមរបៀបដូចគេធ្វើអាវអេផូដដែរ គឺ មានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និង ពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។   9  ប្រដាប់ពាក់លើទ្រូងនេះ មានពីរស្រទាប់ និង មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។   10  ប្រដាប់ពាក់លើទ្រូងមានលំអដោយត្បូងបួនជួរ គឺ ជួរទីមួយត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និង ត្បូងមរកតមួយគ្រាប់។   11  ជួរទីពីរ ត្បូងទទឹមមួយគ្រាប់ ត្បូងកណ្តៀងមួយគ្រាប់ និង ត្បូងពេជ្រមួយគ្រាប់។   12  ជួរទីបីត្បូងទទឹមមួយគ្រាប់ត្បូងនិលរ័ត្នមួយគ្រាប់ និង ត្បូងជម្ពូរ័ត្នមួយគ្រាប់   13  ជួរទីបួន ត្បូងដៃរគៀមមួយគ្រាប់ត្បូងកែវយក់មួយគ្រាប់ និង ត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗដាំភ្ជាប់ទៅក្នុងក្រចាប់ធ្វើអំពីមាស។   14  ត្បូងទាំងនេះជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗមានចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។   15  គេយកមាសសុទ្ធមកធ្វើជាខ្សែហើយវេញចូលគ្នាជារបៀបខ្សែពួរ សំរាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។   16  គេធ្វើក្រចាប់មាសពីរ និង កងមាសពីរ ហើយគេភ្ជាប់កងមាសទាំងពីរនេះទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។   17  គេថ្ពក់ខ្សែមាសទាំងពីរទៅ នឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង   18  រួចភ្ជាប់ចុងម្ខាងទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីអោយប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។   19  គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។   20  គេធ្វើកងមាសពីរទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដត្រង់កន្លែងដែលខ្សែព្រយុង និង អាវអេផូដដេរជាប់គ្នា ហើយនៅពីលើខ្សែក្រវាត់របស់អាវអេផូដ។   21  គេយកខ្សែពណ៌ស្វាយចងកងរបស់ប្រដាប់ពាក់លើទ្រូងទៅនឹងកងរបស់អាវអេផូដ ដើម្បីអោយប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំអោយរបូតចេញពីអាវអេផូដ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។   22  គេធ្វើអាវវែងមួយសំរាប់ពាក់ពីក្រោមអាវអេផូដ អំពីក្រណាត់ដែលត្បាញដោយអំបោះពណ៌ស្វាយទាំងអស់។   23  នៅផ្នែកខាងលើរបស់អាវវែងនោះគេកាត់ប្រឡោះមួយចំកណ្តាលសំរាប់ស៊កក្បាល។ គេដេររឹមជុំវិញប្រឡោះនោះដើម្បីកុំអោយរហែក គឺដេរតាមរបៀបដេរជាយអាវស្បែក។   24  នៅតាមជាយអាវខាងក្រោម គេប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និង ក្រហមទុំ ដោយប្រើអំបោះធ្មៃ។   25  គេក៏ធ្វើកូនកណ្តឹងជាច្រើនពីមាសសុទ្ធ ហើយដាក់កូនកណ្តឹងនោះនៅចន្លោះរូបផ្លែទទឹមជុំវិញជាយអាវវែង។   26  គេដាក់រូបផ្លែទទឹមមួយកូនកណ្តឹងមួយឆ្លាស់គ្នាជុំវិញជាយអាវវែង សំរាប់ពាក់បំពេញមុខងារក្នុងទីសក្ការៈដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។   27  គេបានត្បាញអាវក្នុងពីអំបោះធ្មៃ សំរាប់លោកអើរ៉ុន និង កូនប្រុសរបស់លោក។   28  គេក៏បានធ្វើឆ្នួតក្បាលពីអំបោះធ្មៃ និង សញ្ញាបញ្ជាក់ពីភាពថ្លៃថ្នូររបស់បូជាចារ្យ ព្រមទាំងធ្វើខោខ្លីពីអំបោះធ្មៃ   29  ខ្សែក្រវាត់ប៉ាក់ធ្វើពីអំបោះធ្មៃលាយជាមួយអំបោះពណ៌ស្វាយ ពណ៌ក្រហម និង ក្រហមទុំ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។   30  គេបានធ្វើគ្រឿងអលង្ការពីមាសសុទ្ធមានរាងដូចផ្កា គឺក្បាំងសក្ការៈ ហើយគេឆ្លាក់អក្សរនៅលើនោះ តាមរបបដែលគេឆ្លាក់ត្រាថា «បូជាថ្វាយព្រះអម្ចាស់»។   31  គេភ្ជាប់គ្រឿងអលង្ការនោះទៅផ្នែកខាងលើនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ ដូចព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។   32  ជនជាតិអ៊ីស្រាអែលក៏បានសង់ព្រះពន្លាគឺពន្លា ជួបព្រះអម្ចាស់ចប់សព្វគ្រប់។ ពួកគេធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។   33  គេនាំយកព្រះពន្លាមកជូនលោកម៉ូសេ គឺក្រណាត់ពន្លា និង សម្ភារៈទាំងប៉ុន្មានសំរាប់ដំឡើងពន្លាមានទំពក់ ស៊ុមឈើទទឹងបង្គោល និង ជើងទ្រ។   34  ស្បែកពពែឈ្មោល លាបពណ៌ក្រហម និង ស្បែកផ្សោត សំរាប់គ្របពីលើក្រណាត់ពន្លា និង វាំងននជារនាំងរបស់ទីសក្ការៈ។   35  ហិបនៃសន្ធិសញ្ញា ព្រមទាំងឈើស្នែង និង គំរបរបស់ហិបនោះ។   36  តុសក្ការៈព្រមទាំងគ្រឿងបរិក្ខារ និង នំបុ័ងសំរាប់តម្កល់ថ្វាយព្រះជាម្ចាស់។   37  ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គ្រឿងបរិក្ខារប្រើប្រាស់ជាមួយចង្កៀង និង ប្រេងសំរាប់ដុតបំភ្លឺ។   38  អាសនៈមាស ប្រេងសំរាប់ពិធីលាបប្រេងគ្រឿងក្រអូប និង រនាំងទ្វារពន្លា។   39  អាសនៈលង្ហិនប្រទាសលង្ហិន ឈើស្នែង និង គ្រឿងបរិក្ខារប្រើប្រាស់ជាមួយអាសនៈ។ អាងសំរាប់ពិធីជំរះកាយ និង កំណល់របស់អាង។   40  រនាំងរបស់ទីលាន ព្រមទាំងបង្គោល ជើងទ្រវាំងននរបស់ទ្វារចូលទីលាន ខ្សែ ចំរឹង និង គ្រឿងបរិក្ខារទាំងអស់ សំរាប់ប្រើប្រាស់ក្នុងព្រះពន្លាគឺពន្លា ជួបព្រះអម្ចាស់។   41  សម្លៀកបំពាក់់ពិធីបុណ្យ ដែលសំរាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មហាបូជាចារ្យអើរ៉ុន និង សម្លៀកបំពាក់់កូនប្រុសរបស់លោកដែលត្រូវបំពេញមុខងារជាបូជាចារ្យ។   42  ជនជាតិអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ដូចព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។   43  ម៉ូសេបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចព្រះអម្ចាស់បានបង្គាប់មកលោកមែន លោកក៏អោយពរពួកគេ។