KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 38 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកធ្វើអាសនៈមួយ ពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗ មានប្រវែងប្រាំហត្ថ និង កំពស់បីហត្ថ។   2  លោកធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។   3  លោកក៏បានធ្វើគ្រឿងសំរាប់ ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាមសម និង ភាជន៍។   4  លោកធ្វើប្រទាសលង្ហិនមួយ ដាក់នៅចំពាក់់កណ្តាលកំពស់របស់អាសនៈ។   5  លោកសិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សំរាប់ស៊កឈើស្នែង។   6  លោកធ្វើឈើស្នែងពីឈើនាងនួនដោយស្រោបលង្ហិនផង។   7  លោកស៊កឈើស្នែងសំរាប់សែងនោះទៅក្នុងកងដែលស្ថិតនៅតាមជ្រុងអាសនៈ។ អាសន:នេះធ្វើអំពីក្តារ ហើយមានប្រហោងក្នុង។   8  លោកធ្វើអាងអំពីលង្ហិន និង កំណល់អាងនោះពីលង្ហិន ដោយប្រើកញ្ចក់របស់ក្រុមស្ត្រីដែលជួបជុំគ្នា នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។   9  លោកធ្វើទីលានដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។   10  រនាំងនោះភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និង មេរូតធ្វើពីប្រាក់។   11  នៅប៉ែកខាងជើង រនាំងមានបណ្តោយមួយរយហត្ថមានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និង មេរូតធ្វើពីប្រាក់។   12  នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និង ជើងទ្រដប់រីឯទំពក់ និង មេរូតធ្វើពីប្រាក់។   13  នៅប៉ែកខាងកើត រនាំងមានប្រវែងហាសិបហត្ថ។   14  នៅច្រកចូលរនាំងម្ខាង មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។   15  ច្រកចូលរនាំងម្ខាងទៀតដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។   16  រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។   17  ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិនទំពក់ និង មេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែ ភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។   18  វាំងននរបស់ច្រកចូលទីលានប៉ាក់់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្តោយម្ភៃហត្ថ និង កំពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។   19  បង្គោលទាំងបួនរបស់វាំងនននិង ជើងទ្រទាំងបួនធ្វើពីលង្ហិនរីឯទំពក់ និង មេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។   20  ចំរឹងទាំងប៉ុន្មានរបស់ព្រះពន្លា និង ចំរឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។   21  ពួកលេវីបានកត់ត្រាទុក តាមបញ្ជារបស់លោកម៉ូសេ នូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះ ក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។   22  លោកបេតសាលាលដែលជាកូនរបស់លោកយូរី និង ជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។   23  លោកអូហូលីអាប់ ជាកូនលោកអហ៊ីសាម៉ាក់នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកដែរ គឺលោកអូហូលីអាប់ជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និង ក្រណាត់ធ្វើពីអំបោះធ្មៃ។   24  មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សំរាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១០០២ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។   25  រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។   26  ប្រាក់នេះបានទទួលពីប្រជាជនចំនួន៦០៣ ៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងលើ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។   27  គេប្រើសាច់ប្រាក់ ៣៤២៧ គីឡូក្រាម សំរាប់ធ្វើជើងទ្របង្គោលព្រះពន្លា និង ជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤ គីឡូក្រាម។   28  រីឯសាច់ប្រាក់ ២០ គីឡូក្រាមទៀត គេយកទៅធ្វើទំពក់ និង មេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។   29  លង្ហិនដែលប្រជាជនយកមកថ្វាយ មានទម្ងន់ ២៤២៦ គីឡូក្រាម។   30  គេយកលង្ហិននេះទៅប្រើ សំរាប់ធ្វើជើងទ្របង្គោលរនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិនប្រទាសលង្ហិន និង គ្រឿងបរិក្ខារទាំងអស់របស់អាសន:។   31  រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលានចំរឹងដែលគេបោះជុំវិញព្រះពន្លា និង ចំរឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។