KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 36 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗដែលព្រះអម្ចាស់ប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីអោយពួកគេចេះធ្វើអ្វីៗទាំងអស់សំរាប់ទីសក្ការៈ នាំគ្នាធ្វើការងារ ស្របតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់។   2  លោកម៉ូសេបានអញ្ជើញលោកបេតសាលាលលោកអូហូលីអាប់ និង អ្នកជំនាញទាំងអស់ដែលព្រះអម្ចាស់ប្រទានតំរិះប្រាជ្ញា និង ការប៉ិនប្រសប់បំពេញការងារអោយចាប់ផ្តើមធ្វើការ។   3  លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹកប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។   4  ដូច្នេះ ពួកសិប្បករទាំងអស់ដែលបំពេញការងារសង់ទីសក្ការៈទុកចោលការងាររបស់ខ្លួន   5  ហើយនាំគ្នាទៅជំរាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកអោយពួកយើង ច្រើនលើសពីសេចក្តីត្រូវការសំរាប់ការងារដែលព្រះអម្ចាស់បង្គាប់អោយពួកយើងធ្វើ»។   6  លោកម៉ូសេបានបញ្ជាអោយប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុសទាំងស្រី កុំអោយនាំយកតង្វាយសំរាប់សង់ទីសក្ការៈមកទៀតឡើយ   7  ដ្បិតរបស់របរដែលបានទទួលសំរាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។   8  សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លា ពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និង ក្រហមទុំ ដែលមានប៉ាក់លំអដោយរូបចេរូប៊ីន។   9  ផ្ទាំងក្រណាត់ទាំងអស់មានទំហំប៉ុនៗគ្នា គឺបណ្តោយប្រវែងម្ភៃប្រាំបីហត្ថទទឹងបួនហត្ថ។   10  គេបានដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀតក៏ដេរជាប់គ្នាដែរ។   11  គេយកអំបោះពណ៌ស្វាយវេញធ្វើខ្សែ ដែលមានរាងដូចកងដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។   12  គេធ្វើខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកងដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរនៅទន្ទឹមគ្នា។   13  គេធ្វើទំពក់មាសចំនួនហាសិបសំរាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះមានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។   14  គេបានត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងពីរោមពពែ សំរាប់គ្របពីលើព្រះពន្លា។   15  ក្រណាត់ដប់មួយផ្ទាំងនេះមានទំហំប៉ុនៗគ្នា គឺបណ្តោយសាមសិបហត្ថទទឹងបួនហត្ថ។   16  គេយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀតមកដេរភ្ជាប់គ្នាដែរ។   17  គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។   18  គេធ្វើទំពក់លង្ហិនចំនួនហាសិប សំរាប់ភ្ជាប់ក្រណាត់ជាមួយគ្នាអោយទៅជាមួយផ្ទាំង។   19  គេយកស្បែកពពែឈ្មោលជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។   20  គេយកឈើនាងនួនមកធ្វើជាស៊ុម សំរាប់បញ្ឈរទ្រក្រណាត់ព្រះពន្លានោះ   21  ស៊ុមនីមួយៗមានកំពស់ដប់ហត្ថ និង ទទឹងមួយហត្ថកន្លះ។   22  នៅលើស៊ុមនីមួយៗមានពន្លួញពីរស្របគ្នា។   23  គេធ្វើស៊ុមចំនួនម្ភៃសំរាប់ប៉ែកខាងត្បូងព្រះពន្លា។   24  គេធ្វើជើងទ្រស៊ុមពីប្រាក់ ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។   25  នៅប៉ែកខាងជើងព្រះពន្លា គេធ្វើស៊ុមចំនួនម្ភៃ   26  និង ជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរ សំរាប់ស៊ុមមួយ។   27  នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច គេធ្វើស៊ុមចំនួនប្រាំមួយ។   28  គេធ្វើស៊ុមពីរទៀត សំរាប់ជ្រុងខាងក្រោយព្រះពន្លា។   29  ស៊ុមនៅជ្រុងទាំងពីរនេះ មានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។   30  ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និង ជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរ សំរាប់ស៊ុមនីមួយៗ។   31  គេយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សំរាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា   32  ឈើទទឹងប្រាំសំរាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀត សំរាប់ប៉ែកខាងលិចនៃព្រះពន្លា។   33  គេក៏បានធ្វើឈើទទឹងដែលនៅកណ្តាលដើម្បីដាក់ចំពាក់កណ្តាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។   34  គេយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាស សំរាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ស្រោបមាសដែរ។   35  គេធ្វើវាំងនន មួយត្បាញដោយអំបោះធ្មៃដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និង ពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអដោយរូបចេរូប៊ីន។   36  គេបានធ្វើបង្គោលបួនពីឈើនាងនួនស្រោបមាសសំរាប់ថ្ពក់វាំងនន រីឯទំពក់ក៏ធ្វើពីមាសដែរ។ គេបានធ្វើជើងទ្របួនធ្វើអំពីប្រាក់សំរាប់បញ្ឈរបង្គោលទាំងនោះ។   37  រីឯទ្វារចូលព្រះពន្លាគេបានត្បាញវាំងននមួយទៀត ពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និង ពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។   38  គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើទំពក់សំរាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និង មេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រ សសរប្រាំអំពីលង្ហិនដែរ។