1 លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និង ជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។ 2 នៅទីនោះ ទេវតារបស់ព្រះអម្ចាស់ បង្ហាញខ្លួនក្នុងអណ្ដាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតអោយលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ 3 លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ 4 ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ!ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។ 5 ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។ 6 យើងជាព្រះដែលឪពុកអ្នកតែងគោរពបំរើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និង យ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។ 7 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ 8 ដូច្នេះយើងចុះមកដើម្បីរំដោះពួកគេអោយរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និង ជនជាតិយេប៊ូស។ 9 ឥឡូវនេះ សំរែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។ 10 ឥឡូវនេះ យើងចាត់អ្នកអោយទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីប»។។ 11 លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និង នាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។ 12 ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបំរើយើងនៅលើភ្នំនេះ ដែលជាទីសំគាល់ថា យើងបានចាត់អ្នកអោយទៅមែន»។ 13 លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នា បានចាត់ខ្ញុំអោយមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថាព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។ 14 ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានជីវិតគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា "ព្រះអម្ចាស់ដែលមានជីវិតគង់នៅ "ចាត់ខ្ញុំអោយមកជួបអ្នករាល់គ្នា"»។ 15 ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: "ព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និង លោកយ៉ាកុបចាត់ខ្ញុំអោយមកជួបអ្នករាល់គ្នា"។ នេះជានាមរបស់យើងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចសំរាប់អោយមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។ 16 ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែលប្រាប់ថា "ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និង លោកយ៉ាកុបបានបង្ហាញអោយខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា : យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។ 17 យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និង ជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ"។ 18 ពួកគេនឹងស្តាប់ពាក្យរបស់អ្នករួចអ្នក នឹងចូលទៅជួបស្តេចស្រុកអេស៊ីប ជាមួយចាស់ទុំជនជាតិអ៊ីស្រាអែលហើយទូលថា "ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះសូមអនុញ្ញាតអោយយើងខ្ញុំចេញទៅវាលរហោស្ថានចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ"។ 19 យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតអោយអ្នករាល់គ្នាចេញមកទេទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែបង្ខំទើបស្តេចយល់ព្រម។ 20 យើងនឹងសំដែងបារមីប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាងនៅក្នុងចំណោមពួកគេ។ បន្ទាប់មកទើបស្តេចអនុញ្ញាតអោយអ្នករាល់គ្នាចេញពីស្រុកនោះ។ 21 យើងនឹងធ្វើអោយជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនរបស់អ្នក ហើយពេលអ្នករាល់គ្នាចេញមកនោះមិនមែនចេញមកដោយដៃទទេឡើយ។ 22 ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាងឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ ដែលអ្នករាល់គ្នាយកមកអោយកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។