1 នេះជារបៀបដែលអ្នកត្រូវធ្វើសំរាប់សំរាប់តែងតាំងអើរ៉ុន និង កូនប្រុសរបស់គាត់អោយបំពេញមុខងារជាបូជាចារ្យបំរើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និង ចៀមឈ្មោលពីរល្អឥតខ្ចោះ 2 នំបុ័ងឥតមេ នំធ្វើពីម្សៅឥតមេលាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ 3 ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកថ្វាយជាមួយគោឈ្មោលស្ទាវ និង ចៀមឈ្មោលទាំងពីរ។ 4 ត្រូវនាំអើរ៉ុន និង កូនរបស់គាត់ទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ហើយធ្វើពិធីងូតទឹកអោយពួកគេ។ 5 បន្ទាប់មកត្រូវយកសម្លៀកបំពាក់់មកពាក់អោយអើរ៉ុន គឺអាវក្នុងអាវវែងអាវអេផូដ និង ប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។ 6 ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយភ្ជាប់គ្រឿងអលង្ការជាសញ្ញាបូជាថ្វាយព្រះអម្ចាស់ទៅនឹងឆ្នួតក្បាលផង។ 7 បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់អោយបំពេញមុខងារបំរើយើង។ 8 ត្រូវហៅកូនប្រុសរបស់អើរ៉ុនមក ហើយពាក់ អាវអោយពួកគេ។ 9 ចូរក្រវាត់ខ្សែក្រវាត់អោយអើរ៉ុន និង កូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលអោយពួកគេផង។ អ្នកត្រូវតែងតាំងអើរ៉ុន និង កូនប្រុសរបស់គាត់ជាបូជាចារ្យរហូតតាមច្បាប់ដែលនៅស្ថិតស្ថេរជានិច្ច។ 10 ត្រូវនាំគោឈ្មោលមកខាងមុខពន្លាជួបព្រះអម្ចាស់ ហើយអោយអើរ៉ុន និង កូនប្រុសរបស់គាត់ដាក់ដៃលើក្បាលវា។ 11 ត្រូវអារកគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។ 12 ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈរួចចាក់ឈាមដែលនៅសល់ទៅលើជើងអាសនៈ។ 13 ត្រូវយកខ្លាញ់ទាំងអស់ ដែលនៅជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀន ទាំងពីរ និង ខ្លាញ់ដែលនៅជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។ 14 រីឯសាច់ស្បែក និង លាមករបស់វាត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាយញ្ញបូជារំដោះបាប។ 15 ត្រូវនាំចៀមឈ្មោលមួយមក ហើយអោយអើរ៉ុន និង កូនរបស់គាត់ ដាក់ដៃលើក្បាលវា។ 16 ត្រូវអារកចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។ 17 ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និង ជើងរបស់វាអោយស្អាត ហើយយកទៅដាក់លើដុំសាច់ និង ក្បាល។ 18 ត្រូវដុតចៀមនោះនៅលើអាសនៈ ជាតង្វាយដុត ទាំងមូលថ្វាយព្រះអម្ចាស់ គឺជាយញ្ញបូជាដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 19 ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយអោយអើរ៉ុន និង កូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ 20 ត្រូវអារកចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និង មេជើងស្តាំរបស់អើរ៉ុន និង កូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។ 21 ត្រូវយកឈាមពីលើអាសនៈ និង ប្រេងសំរាប់តែងតាំងទៅប្រោះលើអើរ៉ុន និង សម្លៀកបំពាក់របស់គាត់ ព្រមទាំងប្រោះលើកូនប្រុសគាត់ និង សម្លៀកបំពាក់់របស់ពួកគេដែរ។ ធ្វើដូច្នេះ ទាំងអើរ៉ុនទាំងកូនប្រុសរបស់គាត់ និង សម្លៀកបំពាក់់របស់ពួកគេនឹងបានទៅជាវិសុទ្ឋ។ 22 ចៀមទីពីរនេះ ជាចៀមសំរាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វាកន្ទុយខ្លាញ់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និង ខ្លាញ់ដែលនៅជាប់ជាមួយភ្លៅស្តាំខាងក្រោយ 23 រួចយកនំបុ័ងមួយនំលាយប្រេងមួយ និង នំក្រៀបមួយពីល្អីដាក់នំបុ័ងឥតមេដែលគេតាំងថ្វាយព្រះអម្ចាស់ 24 ដាក់ទាំងអស់លើដៃរបស់អើរ៉ុន និង កូនរបស់គាត់ ហើយប្រាប់ពួកគេអោយលើកតង្វាយនេះឡើងជាសញ្ញាថ្វាយព្រះអម្ចាស់។ 25 បន្ទាប់មកចូរយកតង្វាយពីដៃពួកគេ ទៅដុតនៅលើអាសនៈរួមជាមួយតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 26 ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសំរាប់ធ្វើពិធីតែងតាំងអើរ៉ុននោះ លើកឡើងជាសញ្ញាថ្វាយព្រះអម្ចាស់ ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។ 27 ត្រូវប្រកាសថាសាច់ទ្រូង និង ភ្លៅចៀមដែលគេយកពីចៀមប្រើសំរាប់ធ្វើពិធីតែងតាំងអើរ៉ុន និង កូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។ 28 ហេតុនេះហើយបានជា នៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាពសាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អើរ៉ុន និង កូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។ 29 ក្រោយពេលដែលអើរ៉ុនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ត្រូវផ្ទេរទៅអោយកូនៗរបស់គាត់ ដើម្បីអោយគេពាក់នៅពេលទទួលពិធីលាបប្រេងតែងតាំងជាបូជាចារ្យ។ 30 ក្នុងចំណោមកូនរបស់អើរ៉ុនអ្នកដែលទទួលតំណែងជាបូជាចារ្យបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ 31 ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសំរាប់ធ្វើពិធីតែងតាំងបូជាចារ្យមកចំអិននៅក្នុងទីសក្ការៈ។ 32 អើរ៉ុន និង កូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំបុ័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 33 មានតែពួកគេប៉ុណ្ណោះដែលអាចបរិភោគតង្វាយនេះក្នុងពិធីតែងតាំងពួកគេអោយបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀតគ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។ 34 ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ឬ នំបុ័ងនោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។ 35 ត្រូវប្រព្រឹត្តចំពោះអើរ៉ុន និង កូនប្រុសរបស់គាត់ តាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះត្រូវធ្វើអោយគ្រប់ប្រាំពីរថ្ងៃ។ 36 រៀងរាល់ថ្ងៃ ត្រូវថ្វាយគោបាមួយ ជាយញ្ញបូជារំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជំរះអាសនៈអោយបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីអោយអាសនៈនោះបានវិសុទ្ធ។ 37 ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជំរះអាសនៈ និង ញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះអាសនៈនេះនឹងទៅជាវិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាវិសុទ្ធដែរ។ 38 រៀងរាល់ថ្ងៃត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ថ្វាយនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ 39 ត្រូវថ្វាយកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។ 40 ត្រូវយកម្សៅដ៏ម៉ដ្តចំនួនមួយភាគដប់នៃអេផាលាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីនព្រមទាំងស្រាទំពាំងបាយជូរ សំរាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីនមកថ្វាយជាមួយកូនចៀមទីមួយ។ 41 រីឯកូនចៀមមួយទៀត ត្រូវថ្វាយនៅពេលល្ងាច រួមជាមួយតង្វាយម្សៅ ប្រេង និង ស្រាទំពាំងបាយជូរដូចនៅពេលព្រឹកដែរ។ ចូរដុតតង្វាយទាំងនេះ ជាយញ្ញបូជាដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 42 នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវថ្វាយព្រះអម្ចាស់ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ 43 យើងនឹងមកជួបកូនចៅអ៊ីស្រាអែលនៅទីនេះ ហើយកន្លែងនេះនឹងបានវិសុទ្ឋ ដោយសារសិរីរុងរឿងរបស់យើង។ 44 យើងនឹងញែកពន្លាជួបព្រះអម្ចាស់ ព្រមទាំងអាសនៈអោយបានវិសុទ្ធ។ យើងក៏ញែកអើរ៉ុន ព្រមទាំងកូនប្រុសរបស់គាត់អោយបានវិសុទ្ធដែរ ដើម្បីអោយពួកគេបំពេញមុខងារជាបូជាចារ្យបំរើយើង។ 45 យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែល យើងនឹងធ្វើជាព្រះរបស់ពួកគេ។ 46 ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប ដើម្បីអោយយើងបាននៅជាមួយពួកគេ។ យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ។