KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 27 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ត្រូវធ្វើអាសនៈមួយ ពីឈើនាងនួនមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និង កំពស់បីហត្ថ។   2  ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈហើយស្រោបលង្ហិនពីលើ។   3  ត្រូវធ្វើគ្រឿងសំរាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះប្រដាប់ចូកផេះផើងដាក់ឈាមសម និង ភាជន៍។   4  ត្រូវធ្វើប្រទាសលង្ហិនមួយដែលមានកងលង្ហិននៅតាមមុមទាំងបួន។   5  ត្រូវដាក់ប្រទាសនេះ នៅចំពាក់កណ្តាលកំពស់របស់អាសនៈ។   6  ត្រូវយកឈើនាងនួនស្រោបលង្ហិនធ្វើជាឈើស្នែងអាសនៈ។   7  ត្រូវស៊កឈើស្នែងនោះទៅក្នុងកងដែលស្ថិតនៅតាមជ្រុងអាសនៈសំរាប់សែង។   8  អាសនៈនេះត្រូវធ្វើពីបន្ទះក្តារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្តាល តាមគំរូដែលយើងបង្ហាញអោយអ្នកឃើញនៅលើភ្នំ។   9  ត្រូវធ្វើទីលាន សំរាប់ព្រះពន្លា ដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។   10  រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និង មេរូតធ្វើពីប្រាក់។   11  នៅប៉ែកខាងជើង រនាំងត្រូវមានបណ្តោយមួយរយហត្ថ មានបង្គោលម្ភៃដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និង មេរូតធ្វើពីប្រាក់។   12  ទទឹងរបស់ទីលាន ដែលនៅប៉ែកខាងលិចរនាំងត្រូវមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និង ជើងទ្រដប់។   13  ទទឹងរបស់ទីលាន ដែលនៅប៉ែកខាងកើតត្រូវមានប្រវែងហាសិបហត្ថដូចគ្នា។   14  នៅច្រកចូល រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបីព្រមទាំងជើងទ្របី។   15  រនាំងម្ខាងទៀត ត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបីព្រមទាំងជើងទ្របីដែរ។   16  នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និង ពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និង ជើងទ្របួនផង។   17  បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និង ទំពក់ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។   18  រនាំងរបស់ទីលានត្រូវមានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថកំពស់ប្រាំហត្ថធ្វើពីក្រណាត់អំបោះធ្មៃ ហើយជើងទ្រធ្វើពីលង្ហិន។   19  គ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ក្នុងព្រះពន្លាចំរឹងព្រះពន្លា និង ចំរឹងរនាំងរបស់ទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។   20  ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលអោយយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សំរាប់ដុតចង្កៀងអោយភ្លឺជាអចិន្ត្រៃយ៍។   21  អើរ៉ុន និង កូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងននដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវអោយឆេះនៅចំពោះមុខយើងជានិច្ចពីល្ងាចរហូតទល់ព្រឹក។ នេះជាច្បាប់ដែលកូនចៅអ៊ីស្រាអែលគ្រប់ជំនាន់ត្រូវតែអនុវត្តតាម រហូតតទៅ។