KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 25 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   2  «ចូរប្រាប់ជនជាតិអ៊ីស្រាអែលអោយយកតង្វាយដែលគេបានញែកទុកមកថ្វាយយើង។ ត្រូវទទួលយកតង្វាយពីអ្នកដែលថ្វាយ ដោយស្ម័គ្រចិត្ត។   3  តង្វាយដែលអ្នកត្រូវទទួលពីគេ គឺមាស ប្រាក់ លង្ហិន   4  ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំក្រណាត់ទេសឯក ក្រណាត់ធ្វើ ពី រោមពពែ   5  ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និង ឈើនាងនួន   6  ប្រេងសំរាប់ដុតបំភ្លឺប្រេងក្រអូបសំរាប់ពិធីលាបប្រេង និង គ្រឿងក្រអូបសំរាប់ដុត   7  ត្បូងមណីជោតិរស និង ត្បូងដ៏មានតម្លៃផ្សេងៗសំរាប់ដាំនៅលើអាវអេផូដនិង សំរាប់លំអដើមទ្រូងបូជាចារ្យ។   8  ពួកគេត្រូវសង់ទីសក្ការៈមួយសំរាប់យើង ដើម្បីអោយយើងស្នាក់នៅក្នុងចំណោមពួកគេ។   9  អ្នករាល់គ្នាត្រូវសង់ព្រះពន្លា និង ធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក។   10  ពួកគេត្រូវធ្វើហិបមួយពីឈើនាងនួន ហិបនោះមានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និង កំពស់ មួយហត្ថកន្លះ។   11  ត្រូវយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ត្រូវធ្វើពីមាសដែរ។   12  ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួនគឺម្ខាងពីរៗ។   13  ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។   14  ត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។   15  ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហិបជានិច្ច មិនត្រូវដកចេញឡើយ។   16  ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញារបស់សម្ពន្ធមេត្រីដែលយើងអោយដល់អ្នកក្នុងហិបនេះ។   17  ត្រូវអោយគេធ្វើគំរបហិបពីមាសសុទ្ធ ដែលមានបណ្តោយពីរហត្ថកន្លះ និង ទទឹងមួយហត្ថកន្លះ។   18  ត្រូវយកមាសមកឆ្លាក់ធ្វើរូបចេរូប៊ីនពីរ ដាក់នៅចុងគំរបហិបទាំងសងខាង   19  ត្រូវដាក់ភ្ជាប់រូបចេរូប៊ីនទាំងពីរនោះទៅនឹងគំរបហិប គឺចេរូប៊ីននីមួយៗ ត្រូវភ្ជាប់ទៅនឹងចុងម្ខាង។   20  ត្រូវដាក់ចេរូប៊ីនទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។   21  ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញាដែលយើងនឹងប្រគល់អោយអ្នកទៅក្នុងហិប រួចយកគំរបមកគ្រប។   22  យើងនឹងមកជួបអ្នកនៅលើគំរបហិប ត្រង់ចន្លោះចេរូប៊ីនទាំងពីរដែលនៅពីលើហិបនៃសម្ពន្ធមេត្រី។ យើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មានដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែល។   23  ត្រូវធ្វើតុមួយពីឈើនាងនួនដែលមានបណ្តោយពីរហត្ថ ទទឹងមួយហត្ថ និង កំពស់មួយហត្ថកន្លះ។   24  ត្រូវយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។   25  នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកំពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។   26  ត្រូវធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។   27  កងមាសទាំងបួន ត្រូវដាក់នៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។   28  ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។   29  ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចាន គោម និង ពែងសំរាប់ប្រើក្នុងពិធីច្រួចស្រា និង ប្រេងដាក់នៅលើតុនោះ។   30  ត្រូវតម្កល់នំបុ័ងនៅលើតុនោះ ទុកជាតង្វាយអចិន្ត្រៃយ៍នៅចំពោះមុខយើង។   31  ត្រូវយកមាសសុទ្ធតែមួយដុំ មកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះ ត្រូវឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និង ផ្នែកដាក់ប្រេង។   32  មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្តាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។   33  ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និង ស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។   34  រីឯតួដែលនៅកណ្តាល មានក្បាច់បួនគន្លាក់ រាងដូចទងផ្កាត្របកផ្កា និង ស្រទាប់ផ្កាក្រពុំ។   35  មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។   36  ស្រទាប់ផ្កាក្រពុំនិង មែកត្រូវឆ្លាក់ ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។   37  ត្រូវធ្វើចង្កៀងប្រាំពីរ យកទៅដាក់លើជើងចង្កៀង ដើម្បីអោយពន្លឺជះទៅខាងមុខ។   38  រីឯកន្លែងស៊កប្រឆេះចង្កៀង និង ប្រដាប់សំរាប់គោះកំទេចប្រឆេះក៏ត្រូវតែធ្វើពីមាសសុទ្ធដែរ។   39  ត្រូវប្រើមាសសុទ្ធសាមសិបបួនគីឡូក្រាមដើម្បីធ្វើជើងចង្កៀង និង គ្រឿងបរិក្ខារទាំងប៉ុន្មាន សំរាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។   40  ចូរសង្កេតមើល ហើយធ្វើតាមគំរូ ដែលយើងបង្ហាញអោយអ្នកឃើញនៅលើភ្នំ។