KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 22 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ប្រសិនបើអ្នកណាលួចគោឬចៀមយកទៅសម្លាប់ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និង ចៀមមួយជាបួនទៅអោយម្ចាស់សត្វវិញ។   2  ប្រសិនបើគេសម្លាប់ចោរដែលគេទាន់ កំពុងតែលួចនៅពេលយប់ អ្នកដែលសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។   3  ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។ ត្រូវពិន័យចោរតែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។   4  ប្រសិនបើគេរកឃើញគោ លា ឬ ចៀមនៅរស់ក្នុងដៃចោរចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។   5  ប្រសិនបើអ្នកណាបណ្តោយអោយហ្វូងសត្វរបស់ខ្លួនទៅស៊ីបំផ្លាញស្រែឬ ចំការទំពំាងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និង ពីចំការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។   6  ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើអោយភ្លើងរាលទៅឆេះកណ្តាប់ស្រូវ ឬ ឆេះស្រូវទុំឬមិនទាន់ទុំក្តីអ្នកនោះត្រូវតែបង់ជំងឺចិត្តទៅអោយម្ចាស់ស្រែ។   7  បើអ្នកណាផ្ញើប្រាក់ឬវត្ថុអ្វីផ្សេងទៀតអោយអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបានចោរនោះត្រូវសងរបស់គេមួយជាពីរ។   8  ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។   9  បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬ វត្ថុអ្វីផ្សេងទៀតហើយមានម្នាក់ទៀតប្រកាន់ថាជា របស់ខ្លួន ក្នុងករណីដណ្តើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ អ្នកដែលព្រះអង្គប្រកាសថាមានកំហុសត្រូវសងទៅម្ចាស់របស់មួយជាពីរ។   10  បើអ្នកណាម្នាក់យកលា គោ កូនចៀមឬ សត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលអោយ រួចសត្វនោះងាប់ ឬ របួសឬត្រូវគេលួចយកទៅដោយគ្មាននរណាឃើញ   11  ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើ ត្រូវស្បថថាគាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។   12  ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះ នៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។   13  ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែកដែលនៅសល់មកធ្វើជាភស្តុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។   14  ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួសឬងាប់ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ប៉ុន្តែ បើម្ចាស់នៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។   15  ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។   16  បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្តឹង ហើយរួមរក្សជាមួយនាងអ្នកនោះត្រូវបង់បណ្តាការរួចយកនាងធ្វើជាភរិយា។   17  ប្រសិនបើឪពុកនាងប្រកែកដាច់ខាត មិនព្រមលើកនាងអោយទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្តាការ សំរាប់ស្ត្រីក្រមុំ។   18  មិនត្រូវទុកអោយស្ត្រីអាបធ្មប់ នៅរស់ឡើយ។   19  អ្នកដែលរួមរក្សជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។   20  អ្នកដែលថ្វាយយញ្ញបូជាដល់ព្រះដទៃ ក្រៅពីព្រះអម្ចាស់ ត្រូវតែសម្លាប់ចោល។   21  មិនត្រូវជិះជាន់ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។   22  មិនត្រូវធ្វើបាបស្ត្រីមេម៉ាយឬក្មេងកំព្រាឡើយ។   23  ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្តាប់សំរែករបស់ពួកគេ។   24  យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។   25  ប្រសិនបើអ្នកអោយជនទុគ៌តណាម្នាក់ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេ ដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។   26  ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញ មុនពេលថ្ងៃលិច   27  ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្តប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្តប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្តាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។   28  មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្តាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។   29  ត្រូវយកភោគផលដំបូងនៃស្រែចំការរបស់អ្នក មកអោយយើងកុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសំរាប់យើង។   30  រីឯកូនដំបូងរបស់គោ និង ចៀមក៏ត្រូវញែកទុកអោយយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមអោយនៅជាមួយមេវាក្នុងរយៈពេលប្រាំពីរថ្ងៃហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកអោយយើង។   31  យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ ដូច្នេះមិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅអោយឆ្កែស៊ីវិញ។