1 នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីបគឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។ 2 ពួកគេចេញពីរេផិឌីមទៅដល់វាលរហោស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។ 3 លោកម៉ូសេបានឡើងទៅគាល់ព្រះជាម្ចាស់។ ព្រះអម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ : 4 អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវា មករកយើង។ 5 ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ 6 យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។ នេះជាសេចក្តីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែល»។ 7 លោកម៉ូសេត្រឡប់មកវិញ កោះហៅពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បង្គាប់លោក។ 8 ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើ តាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់ មានព្រះបន្ទូល»។ លោកម៉ូសេនាំយកចម្លើយរបស់ពួកគេ ទៅទូលថ្វាយព្រះអម្ចាស់វិញ។ 9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងមករកអ្នកដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីអោយប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ លោកម៉ូសេក៏រៀបរាប់ចម្លើយរបស់ប្រជាជនទូលថ្វាយព្រះអម្ចាស់។ 10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេអោយជំរះខ្លួនអោយបានវិសុទ្ធនៅថ្ងៃនេះ និង ថ្ងៃស្អែក។ ចូរអោយពួកគេបោកសម្លៀកបំពាក់់ផងដែរ។ 11 ត្រូវអោយពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃអោយប្រជាជនទាំងអស់ឃើញ។ 12 ត្រូវកំណត់ព្រំដែនជុំវិញភ្នំ ហើយប្រាប់ប្រជាជនថា ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំឬប៉ះពាល់ជើងភ្នំជាដាច់ខាត។ បើអ្នកណាប៉ះភ្នំអ្នកនោះនឹងត្រូវស្លាប់ 13 ទោះជាមនុស្ស ឬ សត្វក្តីក៏មិនត្រូវទុកអោយនៅរស់ដែរ។ កុំប៉ះពាល់់អ្នកនោះឡើយ តែត្រូវសម្លាប់គេដោយយកដុំថ្មគប់ឬបាញ់នឹងព្រួញវិញ។ នៅពេលដែលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។ 14 លោកម៉ូសេចុះពីលើភ្នំមករកប្រជាជនវិញ លោកជំរះពួកគេអោយបានវិសុទ្ធ ហើយអោយពួកគេបោកសម្លៀកបំពាក់ផងដែរ។ 15 លោកមានប្រសាសន៍ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសំរាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។ 16 នៅថ្ងៃទីបីពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និង ពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។ 17 លោកម៉ូសេនាំប្រជាជនចេញពីជំរំ ទៅគាល់ព្រះជាម្ចាស់ ពួកគេឈរនៅជើងភ្នំ។ 18 មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតព្រះម្ចាស់ចុះមកលើភ្នំព្រះអង្គគង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។ 19 សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលដែលលោកម៉ូសេ ទូលព្រះជាម្ចាស់ ព្រះអង្គឆ្លើយមកលោកដោយសំឡេងផ្គរលាន់។ 20 ព្រះអម្ចាស់យាងចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ព្រះអង្គត្រាស់ហៅលោកម៉ូសេពីលើកំពូលភ្នំ ហើយលោកម៉ូសេក៏ឡើងទៅ។ 21 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរហាមប្រជាជនកុំអោយស្ទុះចូលមករកយើងដែលជាព្រះអម្ចាស់ព្រោះចង់ឃើញយើងនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។ 22 ទោះបីពួកបូជាចារ្យដែលធ្លាប់ចូលមករកយើងក្តីត្រូវជំរះខ្លួនអោយបានវិសុទ្ធ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើងដែលជាព្រះអម្ចាស់»។ 23 លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃបានទេ ដ្បិតព្រះអង្គផ្ទាល់បានបញ្ជាអោយយើងខ្ញុំកំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងដ៏វិសុទ្ធទៀតផង»។ 24 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង ប៉ុន្តែ មិនត្រូវអោយពួកបូជាចារ្យ និង ប្រជាជនស្ទុះឡើងមករកយើងដែលជាព្រះអម្ចាស់ឡើយ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើង»។ 25 លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ជាមួយពួកគេ។