KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 18 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកយេត្រូ ជាបូជាចារ្យនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និង អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គគឺព្រះអម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប។   2  លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូរ៉ាជាភរិយារបស់លោកម៉ូសេ ដែលលោកម៉ូសេបានអោយត្រឡប់ទៅស្រុកវិញ   3  ព្រមទាំងកូនប្រុសរបស់លោកទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គើសម ដ្បិតលោកម៉ូសេគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។   4  ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតលោកម៉ូសេ គិតថាព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ព្រះអង្គបានការពារខ្ញុំអោយរួចពីមុខដាវរបស់ស្តេចផារ៉ោន។   5  លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និង ភរិយារបស់លោកម៉ូសេ ដើម្បីមកជួបលោកម៉ូសេនៅវាលរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះជាម្ចាស់។   6  លោកយេត្រូអោយគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និង កូនប្រុសទាំងពីរ មកជួបលោក»។   7  លោកម៉ូសេចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះលោក ហើយថើបគាត់ទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។   8  លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើចំពោះព្រះចៅផារ៉ោន និង ជនជាតិអេស៊ីបដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែលព្រះអម្ចាស់ បានជួយប្រជាជនអ៊ីស្រាអែល អោយរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។   9  លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែលព្រះអម្ចាស់បានធ្វើ ដើម្បីរំដោះអ៊ីស្រាអែលអោយរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។   10  លោកពោលថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរំដោះអ្នករាល់គ្នាអោយរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប និង ស្តេចផារ៉ោន។   11  ឥឡូវនេះ ខ្ញុំទទួលស្គាល់ថាព្រះអម្ចាស់ ជាព្រះដ៏ធំឧត្តមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។   12  លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុតទាំងមូលនិង យញ្ញបូជាឯទៀតៗថ្វាយព្រះជាម្ចាស់។ លោកអើរ៉ុន និង ព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាបរិភោគអាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។   13  លុះស្អែកឡើង លោកម៉ូសេអង្គុយកាត់ក្តីអោយប្រជាជន។ ប្រជាជននាំគ្នាឈរនៅមុខលោកតាំងពីព្រឹករហូតដល់ល្ងាច។   14  ឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើចំពោះប្រជាជនគាត់ក៏ពោលថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្តីតែម្នាក់ឯង ទុកអោយប្រជាជនឈរចាំនៅមុខកូនតាំងពីព្រឹកដល់ល្ងាចបែបនេះ?»។   15  លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។   16  នៅពេលមានវិវាទនឹងគ្នាពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេហើយណែនាំពួកគេអោយស្គាល់ច្បាប់ និង ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់»។   17  ឪពុកក្មេកមានប្រសាសន៍មកលោកម៉ូសេទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ!   18  ធ្វើដូច្នេះនាំអោយកូន និង ប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេកកូនមិនអាចធ្វើតែម្នាក់ឯងទេ។   19  ឥឡូវនេះ ចូរស្តាប់ដំបូន្មានរបស់ពុក ហើយសូមព្រះជាម្ចាស់គង់ជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ចូរយករឿងរ៉ាវរបស់ពួកគេទៅទូលថ្វាយព្រះអង្គ។   20  ចូរបង្រៀនពួកគេ អំពីច្បាប់ និង វិន័យទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និង កិច្ចការដែលពួកគេត្រូវធ្វើ។   21  ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ជាអ្នកគួរអោយទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេ អោយធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និង មេក្រុមលើមនុស្សដប់នាក់។   22  អ្នកទាំងនោះត្រូវកាត់ក្តីអោយប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗអោយពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាចទុកអោយពួកគេកាត់ក្តីខ្លួនឯងទៅ។ ធ្វើដូច្នេះកូនអាចសំរាលការងារដោយអោយពួកគេជួយរំលែកបន្ទុករបស់កូន។   23  ប្រសិនបើកូនធ្វើបែបនេះ ហើយបើកូនធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ នោះកូននឹងមានកម្លាំងរឹងប៉ឺងរីឯប្រជាជនទាំងមូល ក៏វិលត្រឡប់ទៅវិញ ដោយសុខសាន្តដែរ»។   24  លោកម៉ូសេធ្វើតាមសេចក្តីទាំងប៉ុន្មានដែលឪពុកក្មេកទូន្មាន។   25  ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងមូល លោកបានជ្រើសរើសមនុស្សដែលមានសមត្ថភាព ហើយតែងតាំងពួកគេអោយទទួលខុសត្រូវលើប្រជាជន គឺអោយធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និង មេក្រុមលើមនុស្សដប់នាក់។   26  អ្នកទាំងនោះកាត់ក្តីអោយប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗពួកគេបញ្ជូនមកលោកម៉ូសេ រីឯកិច្ចការតូចតាច ពួកគេកាត់ក្តីខ្លួនឯង។   27  បន្ទាប់មកលោកម៉ូសេ និង ឪពុកក្មេកលាគ្នាហើយ លោកយេត្រូវិលត្រឡប់ទៅស្រុករបស់គាត់វិញ។ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល