KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Exodus - និក្ខមនំ 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកលោកម៉ូសេថា ៖ «ចូរទៅជួបស្តេចផារ៉ោន ដ្បិតយើងបានធ្វើអោយស្តេច និង នាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។   2  ដូច្នេះអ្នកអាចតំណាលប្រាប់កូន និង ចៅនៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីខ្លះនៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ »។   3  លោកម៉ូសេ និង លោកអើរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖«ព្រះអម្ចាស់ជាព្រះរបស់ជនជាតិហេប្រឺមានព្រះបន្ទូលដូចតទៅ : "តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះដល់កាលណាទៀត? ចូរបើកអោយប្រជារាស្ត្ររបស់យើងចេញទៅគោរពបំរើយើង។   4  បើអ្នកមិនព្រមបើកអោយប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្តូបអោយចូលមករាតត្បាតដែនដីរបស់អ្នក។   5  វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។   6  វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និង ផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នករហូតមកទល់សព្វថ្ងៃមិន ដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ"»។ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន។   7  ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្តេចថា៖ «តើជននេះធ្វើអោយយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកអោយពួកគេចេញទៅគោរពបំរើព្រះអម្ចាស់ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។   8  គេនាំលោកម៉ូសេ និង លោកអើរ៉ុនមកគាល់ព្រះចៅផារ៉ោន ហើយស្តេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបំរើព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។   9  លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅទាំងក្មេងទាំងចាស់ទាំងកូនប្រុស និង កូនស្រី ព្រមទាំងហ្វូងចៀម និង ហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។   10  ស្តេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ថា យើងមិនបើកអោយអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថាអ្នករាល់គ្នាមានគំនិតអាក្រក់។   11  ទេ មិនកើតទេ! ទុកអោយតែប្រុសៗចេញទៅគោរពបំរើព្រះអម្ចាស់ ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មកគេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។   12  ពេលនោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្តូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ដែលនៅសេសសល់ពីព្រឹល»។   13  លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើអោយមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើងខ្យល់ពីទិសខាងកើតនាំហ្វូងកណ្តូបមក។   14  ហ្វូងកណ្តូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនាតាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។   15  វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើអោយផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និង ផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើឬស្មៅ នៅតាមវាលឡើយ។   16  ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និង លោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។   17  ឥឡូវនេះ សុំអត់ទោសអោយយើងម្តងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះចេញពីយើងទៅ»។   18  លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។   19  ព្រះអម្ចាស់ធ្វើអោយមានខ្យល់យ៉ាងខ្លាំងបក់មកពីទិសខាងលិច នាំហ្វូងកណ្តូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកអោយមានសល់កណ្តូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។   20  ប៉ុន្តែ ព្រះអម្ចាស់ ធ្វើអោយព្រះចៅផារ៉ោនមានព្រះហប្ញទ័យមានះ ស្តេចមិនបើកអោយជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។   21  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្តប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។   22  លោកម៉ូសេលើកដៃទៅលើមេឃ ពេលនោះភាពងងឹតសូន្យសុង ក៏គ្របដណ្តប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។   23  ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រាអែលរស់នៅមានពន្លឺ។   24  ព្រះចៅផារ៉ោនក៏អោយគេហៅលោកម៉ូសេមក ហើយមានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបំរើព្រះអម្ចាស់ចុះ តែត្រូវទុកហ្វូងចៀម និង ហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។   25  លោកម៉ូសេទូលស្តេចវិញថា៖ «សូមព្រះករុណាអនុញ្ញាតអោយយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយដើម្បីថ្វាយជាយញ្ញបូជា និង ជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។   26  យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ ទៅជាមួយ ដោយឥតទុកសត្វណាមួយ អោយនៅទីនេះទេ។ យើងខ្ញុំត្រូវថ្វាយពួកវាមួយចំនួនដល់ព្រះអម្ចាស់ ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវថ្វាយសត្វណានៅឡើយ»។   27  ព្រះអម្ចាស់ធ្វើអោយស្តេចផារ៉ោន មានព្រះហប្ញទ័យមានះ គឺមិនព្រមបើកអោយកូនចៅអ៊ីស្រាអែលចេញទៅទេ។   28  ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកម៉ូសេថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកអោយយើងឃើញមុខទៀតអោយសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀតនោះអ្នកមុខជាស្លាប់ពុំខាន!»។   29  លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភ័ក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន !»។