KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Esther - នាងអេសធើរ 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះរាជា និង លោកហាម៉ាន បានទៅដល់ ហើយជប់លៀងជាមួយព្រះមហាក្សត្រិយានីអេសធើរ។   2  នៅថ្ងៃទីពីរនោះទៀតពេលកំពុងសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានអោយដែរ»។   3  ព្រះនាងអេសធើរទូលព្រះរាជាថា៖ «បពិត្រព្រះរាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហប្ញទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ នោះសូមទ្រង់មេត្តាទុកជីវិតអោយខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតអោយប្រជាជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង   4  ដ្បិតគេបានលក់ខ្ញុំម្ចាស់ និង ប្រជាជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យអោយបាត់បង់ជីវិតសូន្យ!ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុសទាំងស្រីជាទាសករនោះ ប្រហែលជាខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់អោយព្រះរាជាខ្វល់ខ្វាយឡើយ»។   5  ព្រះចៅអហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។   6  ព្រះនាងអេសធើរទូលស្តេចថា៖ «បច្ចាមិត្តដែលចង់ធ្វើបាបយើងខ្ញុំនោះ គឺលោកហាម៉ានជាជនកំណាចនេះ!»។ ពេលនោះ លោកហាម៉ាន់ស្លុតស្មារតីនៅចំពោះព្រះភ័ក្ត្រព្រះរាជា និង ព្រះមហាក្សត្រិយានី។   7  ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំងស្តេចយាងចេញពីកន្លែងជប់លៀងឆ្ពោះទៅឧទ្យាននៃរាជវាំង។ រីឯលោកហាម៉ានវិញ លោកនៅទីនោះទូលអង្វរព្រះមហាក្សត្រិយានីអេសធើរសុំអោយបានរួចជីវិត ដ្បិតលោកឃើញយ៉ាងច្បាស់ថាព្រះរាជាសំរេចធ្វើទោសលោកហើយ។   8  ព្រះរាជាវិលពីឧទ្យាន ចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះនាងអេសធើរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះ ថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបំរើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន់។   9  មហាតលឹកមួយរូបឈ្មោះលោកហាបូណា ទូលព្រះរាជាថា៖ «លោកហាម៉ានសង់បង្គោលមួយកំពស់ហាសិបហត្ថ នៅវិមានរបស់លោក សំរាប់ព្យួរកលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះជន្មរបស់ព្រះករុណា»។ ព្រះរាជាក៏បញ្ជាថា៖«ចូរយកលោកហាម៉ានទៅព្យួរកនៅបង្គោលនោះទៅ»។   10  គេក៏ព្យួរ កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំសំរាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។