KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Esther - នាងអេសធើរ 5 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លុះដល់ថ្ងៃទីបី ព្រះនាងអេសធើរទ្រង់គ្រឿងសំរាប់ព្រះមហាក្សត្រិយានី យាងចូលទៅគាល់ស្តេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះរាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។   2  ពេលព្រះរាជាទតឃើញព្រះមហាក្សត្រិយានីឈរនៅក្នុងសាលនោះស្តេចក៏មានព្រះហប្ញទ័យមេត្តាករុណាភ្លាម។ ស្តេចហុចដំបងមាសថ្វាយព្រះនាងអេសធើរ ព្រះនាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។   3  ស្តេចមានរាជឱង្ការថា៖ «មហាក្សត្រិយានីអេសធើរអើយ តើព្រះនាងមានការអ្វី? ព្រះនាងចង់បានអ្វី យើងប្រទានអោយទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។   4  ព្រះនាងអេសធើរទូលស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ សូមព្រះករុណាយាងទៅចូលរួមក្នុងពិធីជប់លៀង ដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃនេះ ហើយខ្ញុំម្ចាស់ក៏សូមអញ្ជើញលោកហាម៉ានដែរ»។   5  ព្រះរាជាចេញបញ្ជាអោយគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀង តាមការអញ្ជើញរបស់ព្រះនាងអេសធើរ។ បន្ទាប់មក ព្រះរាជា និង លោកហាម៉ាន ក៏យាង និង អញ្ជើញទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធើរបានរៀបចំ។   6  ក្នុងពេលសោយសុរា ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរថា៖ «តើមហាក្សត្រិយានីចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានអោយដែរ»។   7  ព្រះនាងអេសធើរទូលស្តេចវិញថា៖ «តើព្រះករុណាចង់ជ្រាបពីសំណូមពរ ដែលខ្ញុំម្ចាស់ចង់បានឬ?   8  ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យឆ្លើយតបនឹងសំណូមពររបស់ខ្ញុំម្ចាស់មែន សូមព្រះករុណាព្រមទាំងលោកហាម៉ានស្តេចយាង និង អញ្ជើញមកចូលរួមក្នុងពិធីជប់លៀងដែលខ្ញុំម្ចាស់រៀបចំនៅថ្ងៃស្អែក។ ពេលនោះ ខ្ញុំម្ចាស់ទូលថ្វាយព្រះករុណាអំពីសំណូមពររបស់ខ្ញុំម្ចាស់»។   9  ថ្ងៃនោះ លោកហាម៉ានចាកចេញទៅដោយមានចិត្តត្រេកអរសប្បាយរកអ្វីប្រៀបស្មើពុំបាន។ លោកឃើញលោកម៉ាដេកាយនៅមាត់ទ្វារវាំងតែលោកម៉ាដេកាយពុំព្រមក្រោកឈរ ដើម្បីធ្វើគារវកិច្ចចំពោះលោកទេ។ ដូច្នេះលោកហាម៉ាន់ខឹងនឹងលោកម៉ាដេកាយជាខ្លាំង។   10  លោកទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ លោកបានអោយគេហៅមិត្តភក្តិជិតស្និទ្ធ និង លោកស្រីសេរែសជាភរិយាមកជួប។   11  លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់លោក ព្រមទាំងចំនួនកូនប្រុសដែលលោកមាន និង កិត្តិយសទាំងប៉ុន្មានដែលស្តេចប្រទានអោយលោកធ្វើជាប្រមុខលើមេដឹកនាំ និង នាម៉ឺនសព្វមុខមន្ត្រីរបស់ស្តេច។   12  លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និង រូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត អោយទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជប់លៀងជាមួយព្រះរាជាទៀត។   13  ទោះបីមានកិត្តិយសយ៉ាងនេះក្តី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយជាជនជាតិយូដាប្រចាំការនៅមាត់ទ្វារវាំង»។   14  លោកស្រីសេរែស ជាភរិយាព្រមទាំងមិត្តភក្តិជិតស្និទ្ធរបស់លោកពោលថា៖ «ចូរអោយគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថហើយស្អែកលោកទូលសូមព្រះរាជាព្យួរកម៉ាដេកាយទៅ។ ដូច្នេះ លោកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយព្រះរាជា ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ លោកក៏អោយគេដំឡើងបង្គោល។